បារាំង

ផ្ទុះ​អាវុធ​នៅ​ស្ត្រាស្បួរ ស្លាប់​២នាក់ របួស១៣នាក់ – អាជ្ញាធរ​បារាំង​បើក​ការអង្កេត​ពី​ភេរវកម្ម

មនុស្ស២នាក់ បានស្លាប់ និង១៣នាក់ផ្សេងទៀត បានរងបួស ក្នុងហេតុការណ៍ផ្ទុះអាវុធមួយ បង្កឡើងដោយបុរសម្នាក់ ដែលបានបើកការបាញ់រះ ទៅលើហ្វូងមនុស្ស ក្នុងផ្សារលក់ទំនិញ ណូអែល កណ្ដាលក្រុងស្ត្រាស្បួរ៍ (Strasbourg) ភាគខាងកើតបារាំង។

ខាងលើនេះ ជាតុល្យភាពបណ្ដោះអាសន្ន ដែលផ្ដល់ដោយរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក គ្រីស្តូហ្វ៍ កាស្តាណេរ (Christophe Castaner) ធ្វើទៅកាន់អ្នកសារព័ត៌មាន និងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។ លោក «Robert Herrmann» ប្រធានតំបន់ ដែលស្ថិតនៅជុំវិញក្រុងស្ត្រាស្បួរ៍ បានអះអាងបន្ថែមថា ៧នាក់ពីចំណោមជនរងរបួស កំពុងស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់។

ដោយឡែក ទូរទស្សន៍បារាំង «BFMTV» និង «LCI» បានរាយការណ៍មនុស្សស្លាប់ មានចំនួន៤នាក់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងជាង៨ យប់ថ្ងៃអង្គារនេះ។ វិទ្យុប្រចាំតំបន់ បានប្រកាសដំបូងគេ ឲ្យដឹងពីហេតុការណ៍ នៅវេលាម៉ោង ៨ និង៣០នាទី ខណៈទីកន្លែងកើតហេតុ និងសង្កាត់ជុំវិញ ត្រូវហ៊ំព័ទ្ធដោយកងកម្លាំងនគរបាល ប្រដាប់ដោយអាវុធ ដ៏ច្រើនសន្ធឹកសន្ធាប់។

អ្នកលក់មួយរូប បានថ្លែងប្រាប់ទូរទស្សន៍បារាំង «BFMTV» ថា៖ «បន្ទាប់ពីដឹងថា មានការផ្ទុះអាវុធ មនុស្សនាំគ្នារត់គេចខ្លួន ចេញទៅគ្រប់ច្រក។ ព្រឹត្តិការណ៍នេះ បានកើតឡើង ប្រមាណជាង១៥នាទី»។

ពាណិជ្ជកររូបនោះ បានបញ្ជាក់ទៀតថា បណ្ដាជនបាននាំគ្នា រត់ចូលជ្រកកោន ក្នុងភោជនីយដ្ឋាន ហាងលក់ទំនិញ នៅក្នុងតំបន់ មុននឹងនគរបាល​ជម្លៀសខ្លួន​ពួកគេចេញ ដោយសុវត្ថិភាព។

ភ្លាមៗ ក្រោយព្រឹត្តិការណ៍ សាលាក្រុងស្ត្រាស្បួរ៍ បានប្រកាសឲ្យពលរដ្ឋ ធ្វើការប្រុងប្រយ័ត្ន និងគួរនៅក្នុងគេហដ្ឋាន។ អភិបាលរងក្រុង លោក «Alain Fontanel» បានសរសេរនៅលើបណ្ដាញសង្គមថា៖ «មានការផ្ទុះអាវុធ នៅកណ្ដាលក្រុង ស្ត្រាស្បួរ៍។ សូមមេត្តានៅក្នុងផ្ទះ និងរង់ចាំព័ត៌មានលំអិតបន្ថែម អំពីស្ថានការណ៍នេះ។»។

ខ្មាន់កាំភ្លើង ដែលបានរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពរួចនោះ គឺជាបុរសម្នាក់ ដែលមាន​អាយុ២៩ឆ្នាំ និងមានដើមកំណើត នៅក្នុងក្រុងស្ត្រាស្បួរ៍ តែម្ដង។ បុរសរូបនេះ ធ្លាប់ត្រូវបាននគរបាលស្គាល់រួចហើយ និងស្ថិតក្នុងបញ្ជី នៃជនដែលមានគ្រោះថ្នាក់បំផុត (fiché S)។ នេះ បើតាមការបញ្ជាក់ឲ្យដឹង ពីសំណាក់អភិបាលក្រុង លោក «Roland Ries» នៅពេលបន្ទាប់មក។

សំនុំរឿងមួយ ពីបទមនុស្សឃាត ការប៉ុនប៉ងធ្វើមនុស្សឃាត់ ដែលជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម ត្រូវបានបើកធ្វើការស៊ើបអង្កេត ដោយការិយាល័យអយ្សការ ផ្នែកប្រឆាំងភេរវកម្ម នៃរដ្ឋធានីប៉ារីស។

អាជ្ញាធរបានដឹង​នៅមុននេះថា ការតាមប្រមាញ់ ស្វែងរកខ្មាន់កាំភ្លើង កំពុងប្រព្រឹត្តិទៅ ហើយការផ្ទុះអាវុធមួយ ក៏បានកើតឡើងដែរ ក្នុងសង្កាត់ «Neudorf» ដែលខ្មាន់កាំភ្លើងស្នាក់នៅ។ ខ្មាន់កាំភ្លើង និងកងកម្លាំងត្រួតពិនិត្យ ទំនងជាបានពើបប្រយុទ្ធគ្នា ហើយខ្មាន់កាំភ្លើងទំនងជាបានរងរបួស មុននឹងរត់គេចខ្លួន សារជាថ្មី។

ទូរទស្សន៍ «BFMTV» បានរាយការណ៍បន្ថែមថា លំនៅដ្ឋានរបស់ខ្មាន់កាំភ្លើង ត្រូវបានកងកម្លាំងអាវុធហត្ថបារាំង សម្រុកចូលទៅឆែកឆេរ តែរកមិនឃើញថា ខ្មាន់កាំភ្លើងមានវត្តមាន នៅទីនោះទេ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។