បើបាតុកម្មលើកទី១៩ នៃបណ្ដាជនអាវកាក់លឿង ក្នុងចុងសប្ដាហ៍នេះ នៅរដ្ឋធានីប៉ារីស មិនមានហេតុភេទអ្វី គួរឲ្យកត់សម្គាល់ខ្លាំងនោះ នៅតាមតំបន់និងតាមខេត្តមួយចំនួនវិញ បាតុកម្មបានបញ្ចប់ទៅ ជាមួយនឹងការ«ផ្ទុះអំពើហិង្សាខ្លះៗ»។
មិនខុសពីរដ្ឋធានីប៉ារីសទេ ទីកន្លែងសំខាន់ៗមួយចំនួន នៅតាមខេត្តនិងតំបន់នានា នៃប្រទេសបារាំង ក៏ត្រូវបានរដ្ឋាភិបាលហាមឃាត់ ការធ្វើបាតុកម្មដែរ។ តែបាតុករខ្លះ បានល្មើសនឹងបទបញ្ជានេះ ដែលបង្កឲ្យមានការប្រឈមមុខដាក់គ្នារវាងពួកគេ និងក្រុមនគរបាល។
ជាការបញ្ជាក់ត្រួសៗ ដូចនៅក្រុងនីស (Nice – ភាគខាងត្បូង) បាតុករជាស្ត្រីចំណាស់ វ័យ៧២ឆ្នាំម្នាក់ បានរងរបួសបន្ទាប់ពីប៉ះទង្គិច ជាមួយកងកម្លាំងអាជ្ញាធរ។
នៅក្រុងទូលូស្ស៍ (Toulouse – ភាគខាងត្បូង) ក្រុមបាតុករដែលចូល ទៅកាន់ទីកន្លែងហាមឃាត់ បានរងការបំបែកជួរ ពីសំណាក់នគរបាល។ ប៉ុន្តែបាតុករផ្សេងទៀត បានសំដែងមតិរបស់ពួកគេ នៅក្នុងភាពស្ងប់ស្ងៀម។
រីឯក្រុង ម៉ុងពើលីយ៉េ (Montpellier – ភាគខាងត្បូង) វិញ បាតុករបានប្រមូលផ្ដុំគ្នា ប្រមាណជា៤៥០០នាក់ (តួលេខផ្ដល់ដោយអាជ្ញាធរ) បានរងការឡោមព័ទ្ធ ពីសំណាក់កងកម្លាំងអាជ្ញាធរ ដែលធ្វើឲ្យការប្រឈមមុខគ្នា បានផ្ទុះឡើង និងបន្តផ្ទុះរហូតដល់វេលាយប់។ មនុស្ស២០នាក់ ត្រូវបានឃាត់ខ្លួន។
នៅក្រុង ប័រដូរ (Bordeaux – ភាគខាងលិច) កងកម្លាំងអាជ្ញាធរបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងរថយន្ដបាញ់ទឹក ដើម្បីបំបែកជួរបាតុករ ដែលមិនចង់បញ្ចប់បាតុកម្មរបស់ផងខ្លួន នៅវេលាល្ងាចឡើង។
ចំណែកនៅក្រុង លីល៍ (Lille – ភាគខាងជើង) ឯណោះ បាតុករប្រមាណជា ១៥០០នាក់ (តួលេខផ្ដល់ដោយអាជ្ញាធរ) បានជួបជុំគ្នាដំបូងឡើយ នៅក្នុងភាពស្ងប់ស្ងៀម។ តែនៅវេលាចុងបញ្ចប់ ភាពតានតឺងបានផ្ទុះឡើង នៅច្រើនកន្លែង ទល់នឹងក្រុមអាជ្ញាធរ។ យ៉ាងណា មិនមានបាតុករណាមួយ ត្រូវបានឃាត់ខ្លួនទេ៕