បារាំង

«ដង្កូវ​ក្បាលញញួរ»​ដ៏សហាវ កំពុង​វាយលុក​​តំបន់មួយ ភាគ​ខាងត្បូង​បារាំង

មើលមួយភ្លែត សត្វ«ដង្កូវ​ក្បាលញញួរ» ដូចបង្ហាញនៅក្នុងរូបថតខាងលើ ហាក់មិនមាន​អ្វី​គួរឲ្យខ្លាចទេ។ តែសត្វដ៏ចង្រៃនេះ កំពុងវាយលុកតំបន់ «Drôme» ស្ថិតនៅ​ភាគ​ខាងត្បូង នៃប្រទេសបារាំង។ 

ដង្កូវប្រភេទខាងលើ ដែលមានឈ្មោះបច្ចេកទេស «Bipalium kewense» ត្រូវបាន​រាយការណ៍ ជាលើកដំបូង ក្នុងសប្ដាហ៍កន្លងមក ថាជាប្រភេទសត្វ ដែលមានពិស​ដ៏គ្រោះថ្នាក់ ដែលអាចបង្កបញ្ហា នៅក្នុងសួនច្បារ ចំការដាំដុះ និងអាចយាយី ដល់​ពហុ​ចម្រុះ ដែលមាននៅលើ/ក្នុងដី។

បើតាមសារព័ត៌មានបារាំង «Dauphiné Libéré» ដែលបានផ្សាយ ពីដំណឹងនេះមុនគេ បាន​ឲ្យដឹងថា «ដង្កូវ​ក្បាលញញួរ»​បានចូល មកក្នុងទឹកដីបារាំង តាមរយៈផលិតផល​កសិកម្ម ដែលនាំចូលពីទ្វីបផ្សេង តាំងពីជាង១០ឆ្នាំមុន។ សត្វនេះ មានរាងសំប៉ែត និង​អាច​មានប្រវែងបណ្ដោយ រហូតដល់ ៤០សង់ទីម៉ែត្រ។

សត្វនេះ ចិញ្ចឹមជីវិតខ្លួនវា ដោយសម្លាប់សត្វផ្សេងទៀត នៅក្រោមដី ធ្វើជាអាហារ (ដូចជា ជន្លេន​ប្រភេទធម្មតា ដង្កូវ…)។ នៅពេលវាជួបសត្វ ដែលអាចធ្វើជាចំណីបាន «ដង្កូវ​ក្បាលញញួរ» បានបញ្ចេញពិសរបស់វា ដែលមានជាតិពុលខ្លាំង ហើយអាចសម្លាប់ ឬធ្វើឲ្យ​ពិការ នូវចំណី​របស់វា ត្រឹមតែប៉ុន្មាន​​វិនាទីប៉ុណ្ណោះ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។