អយ្យការនៃរដ្ឋធានីប៉ារីស (បារាំង) បានទាមទារឲ្យបើកសវនាការ ដើម្បីឈានទៅ ផ្ដន្ទាទោសបុរសម្នាក់ ពីបទបៀតបៀនផ្លូវភេទ លើកុមារជិត៣០នាក់ នៅពេលដែលបុរសរូបនោះ បានធ្វើដំណើរ ទៅកាន់ប្រទេសកម្ពុជា និងប្រទេសនេប៉ាល់។
បើតាមប្រព័ន្ធយុត្តិធម៌បារាំង បានអះអាងថា បុរសម្នាក់នេះ ដែលមានឈ្មោះ «Philippe G.» មានអាយុ៥០ឆ្នាំ បានប្រើប្រាស់ផ្លាក «មនុស្សធម៌» ដើម្បីជួយ «ជនក្រីក្រ» នៅក្នុងប្រទេសទាំងពីរខាងលើ។ តែអ្វីដែលក្រុមអ្នកស៊ើបអង្កេត បានរកឃើញ គឺបុរសម្នាក់នេះ បានប៉ះពាល់ បៀតបៀន និងរំលោភ ទៅលើកុមារា សូម្បីអាយុ៦ឆ្នាំ និងក្មេងប្រុសជំទង់ សរុបទាំងអស់ ២៦នាក់ ក្នុងនោះ១០នាក់ ជាជនជាតិខ្មែរ។
ក្រុមអ្នកស៊ើបអង្កេត បានរកឃើញទៀតថា ដើម្បីជាថ្នូរ នឹងការប៉ះពាល់ផ្លូវភេទ របស់កុមារាម្នាក់ ដែលមានអាយុទើបនឹង៦ឆ្នាំ បុរសខាងលើទំនងជា បានប្រគល់ឲ្យកុមារតូចរូបនោះ នូវ«បន្តោងខ្សែក រូបដំរីមួយ ស្កគ្រាប់ និងនំ»។
បើស្រាវជ្រាវពីសាវតា របស់បុរសឈ្មោះ «Philippe G.» គេនឹងមានអារម្មណ៍ កាន់តែព្រឺព្រួចថែមទៀត។ ទីភ្នាក់ងារពត៌មានបារាំង «AFP» បានរាយការណ៍ថា ជនសង្ស័យខាងលើ ធ្លាប់បានជាប់គុក ៣ឆ្នាំរួចហើយ ពីបទបានបៀតបៀនផ្លូវភេទ ទៅលើក្មេងអាយុជាង១០ឆ្នាំ នៅក្នុងការបោះជំរុំមួយ ក្នុងប្រទេសបារាំង កាលពីដើមទសវត្សរ៍ ឆ្នាំ២០០០។
កាលនោះ តុលាការក្នុងតំបន់ «Haut-Savoir (ភាគខាងត្បូង)» បាន«ផ្ដន្ទាទោសបុរសម្នាក់»នេះ ឲ្យជាប់ពន្ធនាគារ តែពាក់កណ្ដាល និងព្យូរទោសពាក់កណ្ដាលទៀត ដោយតម្រូវឲ្យបុរស ត្រូវព្យាបាលរោគចិត្តរបស់ខ្លួន ក្នុងរយៈពេល៣ឆ្នាំ និងស្វែងរកការងារធ្វើ ឱ្យបានត្រឹមត្រូវ។
ផ្ទុយទៅវិញ ក្នុងពេលបន្ទាប់មក «Philippe G.» ត្រូវបានបណ្ដេញចេញ ពីការងារជា«ចុងភៅ» នៅក្នុងជំរុំវិសមកាលមួយ បន្ទាប់ពីភ្ញៀវនៅក្នុងជំរុំនោះ បានរាយការណ៍ ប្រាប់អ្នកទទួលខុសត្រូវ ពីចរិតមិនធម្មតា របស់បុរសរូបនេះ ជាមួយកុមារៗ នៅនឹងអាងហែលទឹក។
នៅឆ្នាំ២០០៨ «Philippe G.» បានធ្វើដំណើរ ទៅកាន់ប្រទេស នេប៉ាល់ (និងកម្ពុជា?) ហើយបាននៅទីនោះ ៦ខែ។ លុះត្រឡប់មកប្រទេសបារាំងវិញ បុរស«ចិត្តធម៌» បានបង្កើតសមាគមមួយ ឈ្មោះ «Philmy voyageurs solidaires» ដោយមានការជ្រោមជ្រែង ពីសមាជិកគ្រួសារខ្លួន និងអ្នកជិតដិតដទៃទៀត។
នៅក្នុងទំព័រ «Blog» នៃសមាគមនេះ គេឃើញ «Philippe G.» សរសេរបង្ហាញ ពីគម្រោង «អប់រំ» និងគម្រោង «មនុស្សធម៌» ដើម្បី«ជួយសង្គ្រោះ»ជនក្រីក្រ នៅក្នុងប្រទេសនេប៉ាល់ កម្ពុជា ឡាវ និងក្នុងប្រទេស ឥណ្ឌា។
តែក្នុងរបាយការណ៍ របស់ក្រុមអ្នកស៊ើបអង្កេត បានរៀបរាប់ថា នៅពីក្រោយ«ផ្លាក» នៃសកម្មភាព «មនុស្សធម៌» ខាងលើ ជននេះបានបង្ខំកុមារតូចៗ ជាច្រើននាក់ ដើម្បីអាចឲ្យខ្លួន បានស្ទាបអង្អែល បៀតបៀនផ្លូវភេទ ឬបង្ខំឲ្យកុមារទាំងនោះ ប្រព្រឹត្តិកាម ដោយការ«បៀមលិង្គ» នៅក្នុងបន្ទប់ទឹក ឬបន្ទប់គេងនៅពេលយប់។
ទង្វើប្រកបដោយការសង្ស័យនោះ បានបណ្ដាលឲ្យអង្គការក្រៅរដ្ឋាភិបាលមួយ នៅក្នុងប្រទេសនេប៉ាល់ ធ្វើរបាយការណ៍ បញ្ជូនឡើងទៅអាជ្ញាធរបារាំង កាលពីអំឡុងខែឧសភា ឆ្នាំ២០១៤។ បន្ថែមពីលើសេចក្ដីរាយការណ៍ ផ្សេងទៀតផង ប្រព័ន្ធយុត្តិធម៌បារាំង បានសម្រេចបើកសំនុំរឿង នៅខែមីនា ឆ្នាំ២០១៥ ដើម្បីធ្វើការស៊ើបអង្កេត ទៅលើបុរស «ចិត្តធម៌» ខាងលើ។
«Philippe G.» ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសបារាំង កាលពីរដូវស្លឹកឈើជ្រុះ ឆ្នាំ២០១៥ ហើយបន្ទាប់មកត្រូវបានដោះលែង បន្ទាប់ពីជននេះទទួលស្គាល់ទង្វើខ្លួន តែត្រូវបានដាក់ ឲ្យស្ថិតក្រោមការត្រួតពិនិត្យ ពីប្រព័ន្ធយុត្តិធម៌ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ រហូតលុះត្រា មានការសម្រេចជាថ្មី ពីតុលាការ ឬមានសវនាការកាត់ទោស។
មេធាវីច្រើននាក់ ដែលតំណាងឲ្យសមាគម យ៉ាងហោចចំនួន៣ ដែលការពារសិទ្ធិ របស់កុមាររងគ្រោះ ទាំងក្នុងប្រទេសកម្ពុជា និងប្រទេសនេប៉ាល បានបញ្ចេញប្រតិកម្មខ្លាំងៗ នៅចំពោះទង្វើ របស់បុរសអាយុ៥០ឆ្នាំ និងចំពោះប្រព័ន្ធយុត្តិធម៌ ក៏ដូចជាអាជ្ញាធរបារាំង ដែលមានកម្សោយ អនុញ្ញាតឲ្យទណ្ឌិត ដែលមានទោស ពីបទរំលោភបំពានលើកុមារ បានរួចពីពន្ធនាគារ ហើយអាចទៅបើកសមាគម ដើម្បី«ជួយសង្គ្រោះ»កុមារ (SIC)៕