បារាំង

កងទ័ពបារាំងប្រើយន្ដហោះ អ៊ែរប៊ូស ដើម្បីដឹកជញ្ជូនអ្នកជំងឺ«Covid-19»

កងទ័ពអាកាសរបស់ប្រទេសបារាំង បានប្រើយន្ដហោះប្រភេទធំ អ៊ែរប៊ូស (AirBus A330) ដើម្បីផ្ទេរអ្នកជំងឺ «Covid-19» ចេញពីមន្ទីរពេទ្យ ក្នុងតំបន់ «Alsace» ភាគខាងកើតបារាំង ទៅកាន់មន្ទីរពេទ្យផ្សេងទៀត ស្ថិតក្នុងភាគខាងត្បូងប្រទេស។

កាលពីយប់ថ្ងៃចន្ទទី១៦ ខែមីនា ឆ្នាំ២០២០ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសបញ្ចេញកងទ័ព ដើម្បីជួយធ្វើអន្តរាគមន៍ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងមេរោគ«កូរូណា» ឬ «Covid-19»។ ក្នុងជំហានដំបូងនេះ កងទ័ពមានភារកិច្ច បង្កើតមន្ទីរពេទ្យពិសេស និងដឹកជញ្ជូន ឬផ្ទេរអ្នកជំងឺ។

អ្នកនាំពាក្យកងទ័ព បានថ្លែងប្រាប់ទីភ្នាក់ងារ រ៉យទ័រ ថា យន្ដហោះ អ៊ែរប៊ូស ខាងលើ ដែលហោះចេញពីមូលដ្ឋានយោធា «Istres» (ភាគខាងត្បូង) បានចុះចតនៅព្រលានយន្ដហោះ ក្រុង «Mulhouse» (ភាគខាងកើត) ដើម្បីបេសកកម្ម «ផ្ទេរអ្នកជំងឺ ចំនួន៦នាក់»។

យន្ដហោះខាងលើ ដែលមានឈ្មោះបច្ចេកទេស «MRTT Phénix» មានបំពាក់ឲ្យបរិក្ខាពេទ្យពិសេស សម្រាប់សង្គ្រោះ និងជម្លៀសយុទ្ធជន ដែលរងរបួសក្នុងសង្គ្រាម។ ហើយនេះ ជាលើកទីមួយហើយ ដែលយន្ដហោះប្រភេទនេះ បានដឹកជញ្ជូនអ្នកជំងឺ ជាជនស៊ីវិល។ 

អ្នកស្រី «Florence Parly» រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការកងទ័ព បានឲ្យដឹង តាមទំព័រទ្វីសធើរថា អ្នកជំងឺទាំង៦នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យយោធា ចំនួនពីរកន្លែង ស្ថិតក្នុងភាគខាងត្បូង នៃប្រទេសបារាំង ក្នុងល្ងាចថ្ងៃពុធនេះ។

តំបន់ «Alsace» ដែលស្ថិតនៅភាគខាងកើត នៃប្រទេសបារាំង ជាតំបន់ដែលរងការរាតត្បាតខ្លាំងជាងគេ ពីមេរោគ «Covid-19»។ រាល់មន្ទីរពេទ្យ នៅក្នុងតំបន់នោះ បានពេញព្រាត ដោយអ្នកជំងឺ ជាពិសេសអ្នកជំងឺ ដែលត្រូវសង្គ្រោះបន្ទាន់។ ដោយហេតុនេះ ទើបតម្រូវឲ្យមានការបែងចែក រវាងអ្នកជំងឺដែលត្រូវសង្គ្រោះភ្លាមៗ និងអ្នកជំងឺ ដែលអាចទទួលការព្យាបាល ក្នុងរយៈពេលវែងបាន៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។