ទាហានបារាំងពីរនាក់បានបាត់បង់ជីវិត ក្នុងប្រតិបត្តិការដ៏សំខាន់មួយ នៅប្រទេសប៊ួគីណាហ្វាសូ (ទ្វីបអាហ្វ្រិកខាងលិច) ដើម្បីរំដោះ ចំណាប់ខ្មាំង៤នាក់ ក្នុងនោះ២នាក់ជាតិបារាំង ម្នាក់ជាតិអាមេរិកាំង និងម្នាក់ទៀតជាតិកូរ៉េខាងត្បូង។
វិមានប្រធានាធិបតីបារាំង «Elysée» បានឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖
«ការរំដោះនេះ អាចធ្វើទៅបាន ដោយសារប្រតិបត្តិការយោធា ដែលដឹកនាំដោយកងកុម្មង់ដូពិសេសបារាំង នៅក្នុងយប់ថ្ងៃព្រហស្បត្តិ ចូលមកព្រឹកថ្ងៃសុក្រ នាតំបន់ភាគខាងជើងនៃប្រទេស ប៊ួគីណាហ្វាសូ ។»
ទេសចរណ៍ជាតិបារាំងពីរនាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង នៅថ្ងៃទី១ ខែឧសភា នៅពេលពួកគេ និងមគ្គុទេ្ទសក៍ទេសចរណ៍ម្នាក់ កំពុងដើរកំសាន្ដ នៅក្នុងប្រទេសបេណាំង (ក្នុងទ្វីបអាហ្វ្រិកខាងលិច) ដែលពីមុនមក មិនធ្លាប់មានបញ្ហាអសន្តិសុខ កើតឡើងដូច្នេះទេ ខណៈស្ថានភាពតំបន់ ត្រូវបានញាំញីដោយក្រុមសកម្មប្រយុទ្ធជាច្រើន ដែលជាប់ទាក់ទង នឹងបណ្ដាញភេរវនិយម អាល់កៃដា (Al-Qaïda) និងរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS)។
កាលពីថ្ងៃសៅរ៍ សាកសពមគ្គុទេ្ទសក៍ទេសចរណ៍ ត្រូវបានរកឃើញ នៅក្នុងរមណីដ្ឋានជាតិ «Pendjari» នៃប្រទេសបេណាំង។ បន្ទាប់មករថយន្ដទេសចរណ៍របស់អ្នកទាំងបី ត្រូវបានរកឃើញជាបន្ត នៅតំបន់មួយ ស្ថិតនៅភាគខាងកើត នៃប្រទេសប៊ួគីណាហ្វាសូ ដែលនៅជាប់ព្រំដែនប្រទេស បេណាំង។
ចំណាប់ខ្មាំងពីរនាក់ទៀត ពីក្នុងចំណោម ចំណាប់ខ្មាំង៤នាក់ មិនត្រូវបានបញ្ចេញឲ្យដឹង ពីអត្តសញ្ញាណទេ។
វិមានប្រធានាធិបតីបារាំង បានបន្តទៀតថា៖
«នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំង ទាហានពីរនាក់បានទទួលមរណភាព គឺលោកសាស្ត្រាចារ្យ “Cédric de Pierrepont” និងលោកសាស្ត្រាចារ្យ “Alain Bertoncello” ដែលសុទ្ធសឹងជាទាហានជំនាញ នៅក្នុងបញ្ជាការដ្ឋាន នៃកងកម្លាំងពិសេស។»
មេទ័ពបារាំង លោក «François Lecointre» បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយដែរថា៖
«ប្រតិបត្តិការដ៏សម្បើមមួយនេះ អាចធ្វើទៅបាន តាមរយៈការចល័តមធ្យោបាយ ដែលមាននៅក្នុងបេសកកម្ម “Barkhane” របស់កងទ័ពបារាំង រួមបញ្ចូលទាំងកងទ័ពរបស់ប្រទេសប៊ួគីណាហ្វាសូ និងការគាំទ្រផ្នែកចារកម្ម របស់សហរដ្ឋអាមេរិកផង។»
តាំងពីឆ្នាំ២០១៤មក ប្រទេសបារាំងបានដាក់ពង្រាយកងទ័ព ប្រមាណជា ៤៥០០នាក់ សម្រាប់បំពេញបេសកកម្ម «Barkhane» ក្នុងគោលដៅវាយប្រយុទ្ធ ទល់នឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម នៅតាមប្រទេសជាច្រើន ដែលស្ថិតនៅលើខ្សែបន្ទាត់ «Sahel»។
បើតាមអ្នកជំនាញផ្នែកភូមិសាស្ត្រ និងប្រភពពីផ្នែកសន្តិសុខតំបន់ បានអះអាងថា ក្នុងប៉ុន្មានខែចុងក្រោយនេះ ប្រទេសមួយចំនួននៅក្នុងទ្វីបអាហ្វ្រិកខាងលិច ដូចយ៉ាងប្រទេសតូហ្គោ និងបេណាំងជាដើម បានក្លាយខ្លួនងាយរងគ្រោះជាទីបំផុត នឹងយុទ្ធសាស្ត្រពង្រីកកម្លាំង នៃក្រុមប្រដាប់អាវុធជាច្រើន និងខុសៗគ្នា នៅក្នុងតំបន់៕