បន្ទាប់ពីបានចូលកាន់តំណែង បានប៉ុន្មានម៉ោង លោកនាយករដ្ឋមន្ត្រី ហ្សង់ កាស្តិក (Jean Castex) បានផ្ដល់បទសម្ភាសដំបូង តាមកញ្ចក់ទូរទស្សន៍ «TF1» កាលពីមុននេះបន្តិច។ តើនាយករដ្ឋមន្ត្រីថ្មីថ្មោង របស់ប្រទេសបារាំង និយាយពីអ្វីខ្លះ នៅក្នុងកិច្ចសន្ទនានោះ?
លោក កាស្តិក បានថ្លែងថា កិច្ចការរបស់លោក នៅចំពោះមុខ ក្នុងតំណែងជាប្រមុខរដ្ឋាភិបាល គឺ«ផែនការឲ្យប្រទេស ងើបដើរឡើងវិញ» បន្ទាប់រងការបំបាក់ ដោយវិបត្តិ «Covid-19»។ លោកបានរៀបរាប់ ពីវិធីសាស្ត្រ ដែលលោកត្រៀមយកមកប្រើ ដូច្នេះថា៖
«ខ្ញុំចង់បើកឲ្យមាន នូវការពិគ្រោះយោបល់ កិច្ចពិភាក្សា ជាមួយដៃគូសង្គមទាំងឡាយ ដើម្បីនាំពួកគេ ឲ្យចូលក្នុងការស្វែងរកដំណោះស្រាយ និងធ្វើកិច្ចការទាំងអស់គ្នា ក្នុង”កញ្ចប់ដំណោះស្រាយសង្គមថ្មី”មួយ។»
នៅចំពោះការខកចិត្ត របស់អ្នកនិយមបរិស្ថាន (ឆ្វេងនិយម) លោក ហ្សង់ កាស្តិក បានធ្វើការធានាអះអាងថា វិស័យមួយនេះ មិនមែនជាជម្រើស ដែលគេអាចរើស ឬមិនរើសយក នោះឡើយ។ លោកថា៖
«វិស័យនេះ ជាបេះដូងនៃអាទិភាពជាច្រើន ដែលលោកប្រធានាធិបតី បានចាត់ឲ្យខ្ញុំទទួលបន្ទុក ក្នុងការស្វែងរកដំណោះស្រាយ។»
បន្ទាប់ពី បានផ្ដល់បទសម្ភាសដំបូង តាមកញ្ចក់ទូរទស្សន៍ ក្នុងយប់ថ្ងៃនេះ ប្រមុខរដ្ឋាភិបាល អាយុ៥៥ឆ្នាំ បានបញ្ជាក់ថា លោកចង់ធ្វើកិច្ចការរបស់លោក ឲ្យបានលឿន តាមតែអាចធ្វើបាន ជាពិសេសលោក នឹងធ្វើសុន្ទរកថា ទៅកាន់ប្រជាជាតិ ពីគោលនយោបាយនៃរដ្ឋាភិបាលលោក នៅពាក់កណ្ដាលសប្ដាហ៍ក្រោយ។
លោកបញ្ជាក់ទៀតថា លោកនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យគណៈរដ្ឋមន្ត្រីមួយថ្មី ចេញជារូបរាង យូរបំផុតនៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។
ឆ្លើយនឹងសំណួរដែលចង់ដឹងពី បុគ្គលិកលក្ខណៈ និងគោលជំហររបស់លោក នាយករដ្ឋមន្ត្រីថ្មីថ្មោង បានប្រកាសខ្លួន ជា«អ្នកនិយមឌឺហ្គោល ដែលនិយមសង្គមកិច្ច (Gaulliste social) ដោយមិនបានលាក់បាំងសោះឡើយ អំពីនិន្នាការនិយមស្ដាំ របស់លោក។ លោក កាស្តិក បញ្ជាក់ថា៖
«ជាជំហរនយោបាយ គឺខ្ញុំមាននិន្នាការស្ដាំ ហើយខ្ញុំទទួលស្គាល់ ពីនិន្នាការនេះទាំងស្រុង។»
លោកបានបន្ថែម អំពីគុណតម្លៃរបស់លោក រួមមាន៖
«ការទទួលខុសត្រូវ ព្រោះគេមិនត្រូវទន្ទឹង ឲ្យរដ្ឋធ្វើអ្វីៗគ្រប់យ៉ាង សម្រាប់ខ្លួននោះទេ – ការមិនពាក់ព័ន្ធនឹងសាសនា ព្រោះខ្ញុំមិនអាចទទួលយកបានទេ នូវការដាក់ខ្លួន ពីលើច្បាប់ ដូចជានិន្នាការសហគមនិយម ផ្ដាច់ខ្លួនមួយចំនួន និងចុងក្រោយ គឺសិទ្ធិអំណាច ដែលជាឆ្មាំថែរក្សា ចំពោះសេរីភាពជាមូលដ្ឋាន របស់សាធារណរដ្ឋបារាំង៕»