បារាំង

បារាំង៖ នគរបាល៣រូប​ត្រូវបានសម្លាប់ ក្នុង​​ជម្លោះ​ក្នុងគ្រួសារមួយ

នគរបាល៣រូប​ត្រូវបានសម្លាប់ នៅខណៈពួកគេ ត្រូវបានហៅដើម្បីធ្វើអន្តរាគមន៍ ក្នុងជម្លោះគ្រួសារមួយ ក្នុងក្រុង «Saint-Just» នៃតំបន់ «Puy-de-Dôme» ស្ថិតនៅភាគខាងត្បូង​ប្រទេសបារាំង។ ហេតុការណបានកើតឡើង ក្នុងយប់ថ្ងៃអង្គារទី២២ ចូលមកព្រឹក​ថ្ងៃពុធទី២៣ ខែធ្នូ។

បើតាមលោក «Eric Maillaud» រដ្ឋអាជ្ញានៃសាធារណរដ្ឋបារាំង ប្រចាំក្នុងក្រុង «Clermont-Ferrand» បានឲ្យដឹង​ក្នុងល្ងាចថ្ងៃពុធ​នេះថា បុរសអាយុ៤៨ឆ្នាំ ដែលគេស្គាល់ឈ្មោះ «Frédérik L.» ត្រូវបានសង្ស័យ ថាបានប្រើអំពើហិង្សា ទៅស្ត្រីគូស្នេហ៍ ក្នុងគេហដ្ឋាន​របស់ខ្លួន។

នៅពេលក្រុមនគរបាល បានព្យាយាមចូលធ្វើអន្តរាគមន៍ បុរសខាងលើបានប្រើកាំភ្លើង ដែលមានកែវយិត បាញ់សំដៅនគរបាលពីចំងាយ បណ្ដាលឲ្យភ្នាក់ងារ៣នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសភ្លៅជាទំងន់។ លោករដ្ឋអាជ្ញាបានបន្តថា បន្ទាប់មក ជនសង្ស័យបានដុតគេហដ្ឋានខ្លួនឯង និងបានជិះរថយន្ដ ប្រភេទ«4X4» ចេញពីកន្លែងកើតហេតុ។

ប៉ុន្តែនៅចំងាយប្រមាណជា១,៥គីឡូម៉ែត្រ បុរស «Frédérik L.» ត្រូវបានរកឃើញស្លាប់ ក្នុងរថយន្ដខ្លួន ដែលក្រឡាប់ចេញពីផ្លូវ។ ក្រុមអ្នកជំនាញ ខាងកោសលវិច័យ បានសង្ស័យក្នុងជំហានដំបូងថា បុរសបានធ្វើអត្តឃាត ជាមួយនឹងកាំភ្លើងមួយ ពីក្នុង​ចំណោម​កាំភ្លើង​ចំនួនពីរដើម និងកាំបិតស្នៀតចំនួន៤ ដែលត្រូវបានរកឃើញ នៅក្នុងរថយន្ដ។

ដោយឡែក ស្ត្រីជាគូស្នេហ៍ បានចូលទៅលាក់ខ្លួន នៅក្នុងដំបូលផ្ទះ និងត្រូវបានរំដោះ ឲ្យរួចផុតពីអគ្គិភ័យទាន់ពេល។

លោករដ្ឋអាជ្ញាបញ្ជាក់ទៀតថា ជនសង្ស័យ ដែលមានកូននៅក្នុងបន្ទុក ធ្លាប់ទទួលបាន ការហ្វឹកហាត់តាមលក្ខណៈយោធា និងបានចូលមករស់នៅ ក្នុងតំបន់នោះ តាំងពី៤ឆ្នាំមុន។

បុរសរូបនេះ តែងប្រតិបត្តិជារឿយៗ នូវការបាញ់បោះ ជាលក្ខណៈកីឡា និងធ្លាប់អះអាងថា ខ្លួនជាអ្នកប្រតិបត្តិ​សាសនាគ្រឹស្ដិ៍ យ៉ាងខ្ជាប់ខ្ជួន ឬបែបនិយមជ្រុល។ ជនសង្ស័យ ថែមទាំងបាន​ហ្វឹកហាត់ជារឿយៗ អំពីបែបផែន ដើម្បីបន្តជីវិតរស់នៅ ដោយហេតុថា បុរសអាយុ​៤៨ឆ្នាំ ចេះតែយល់ឃើញថា ភ្លើងឆេះកាល​នឹងមកដល់ ក្នុងពេលខាងមុខ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។

Tags: FranceMurder