បារាំង

រដ្ឋាភិបាល​បារាំង​ហៅ​«កងទ័ព» ឲ្យជួប​ទប់​បាតុកម្ម​អាវកាក់​លឿង

ក្រុមដើរល្បាតនៃ«កងទ័ព»បារាំង ប្រឆាំងភេរវកម្ម នឹងត្រូវដាក់ពង្រាយ ដើម្បីជួយពង្រឹកសណ្ដាប់ធ្នាប់ នៅថ្ងៃសៅរ៍ខាងមុខ ក្នុងក្របខណ្ឌនៃបាតុកម្ម របស់បណ្ដាជនអាវកាក់លឿង ជាពិសេសដើម្បីការពារអាគារសាធារណៈ និងចំណុចសំខាន់ៗ ផ្សេងទៀត។

អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក «Benjamin Griveaux» បានថ្លែងឲ្យដឹងដូច្នេះ កាលពីល្ងាចថ្ងៃពុធម្សិលម៉ិញ។ លោកថា ការសម្រេចនេះ ដែលប្រកាសឡើង ដោយលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីនោះ នឹងអនុញ្ញាតឲ្យកងកម្លាំងនគរបាល ផ្ចង់ប្រតិបត្តិការរបស់ខ្លួន តែជាមួយបាតុកម្មរបស់ក្រុមអាវកាក់លឿង និងការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ។

អ្នកនាំពាក្យបានបន្តថា៖

«យើងមាននៅក្នុងសមត្ថកិច្ចរបស់យើង នូវការដើល្បាតបែបនេះរបស់កងទ័ព ហើយដែលអាចឆ្លើយតបតាមតម្រូវការ យ៉ាងត្រឹមត្រូវ ដើម្បីរក្សាសុវត្ថិភាពទីកន្លែងទាំងឡាយ ដូចដែលប្រជាពលរដ្ឋយើង ធ្លាប់បានឃើញរួចមកហើយ។»

មិនត្រឹមតែប៉ុណ្ណឹងទេ តែដូចលោក អេឌូអារ ហ្វីលីព (Edouard Philippe) បានប្រកាសតាំងពីដើមសប្ដាហ៍នេះមក ជុំវិញវិធានការរឹតបន្តឹងជាច្រើន នឹងត្រូវសម្រេចយកមកប្រើ ដើម្បីឆ្លើយតបនឹងអំពើហិង្សា ដែលកើតមានបន្ទាប់ពីបាតុកម្ម ដូចបាតុកម្មថ្ងៃសៅរ៍ទី១៦ ខែមិនា ចុងសប្ដាហ៍កន្លងទៅ។

វិធានការទាំងនោះ មានដូចជា ការហាមឃាត់បាតុកម្ម នៅលើដងមហាវិថី «Champs Elysées» និងនៅក្នុងសង្កាត់ខ្លះនៃក្រុងធំៗ – ការផ្ទេរតំណែងរបស់ស្នងការនគរបាលរដ្ឋធានីប៉ារីស និងការពិន័យដែលកើនឡើង ធ្ងន់ធ្ងរជាងមុននោះជាដើម។

ការដើរល្បាតរបស់កងទ័ពបារាំង ត្រូវបានដាក់ឲ្យបំពេញប្រតិបត្តិការ បន្ទាប់ពីហេតុការណ៍ភេរវកម្ម នៅកណ្ដាលរដ្ឋធានីប៉ារីស ក្នុងខែមករា ឆ្នាំ២០១៥។ នៅឆ្នាំ២០១៧ កងទ័ពបានបន្ថែមកម្លាំងជាច្រើនទៀត រហូតដល់៧០០០នាក់ នៅគ្រប់ចំណុចសំខាន់ៗ នៃប្រទេសបារាំង។ ចំនួននេះ មិនធ្លាប់មានពីមុនមកទេ បើរាប់ពីសង្គ្រាមក្នុងប្រទេសអាហ្សេរីនោះមក៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។