បារាំង

បារាំង៖ អេឌូអាដ៍ ហ្វីលីព សុំ​លាលែង​ពីតំណែង ជានាយករដ្ឋមន្ត្រី

នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអាដ៍ ហ្វីលីព (Édouard Philippe) បានដាក់ពាក្យសុំ ទៅកាន់ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ក្នុងព្រឹក​ថ្ងៃសុក្រនេះ ដើម្បីលាលែង​ចេញពីតំណែង។ នេះ បើតាមការសេចក្ដីប្រកាសព័ត៌មាន របស់​វិមាន​ប្រធានាធិបតី «Élysée» របស់ប្រទេសបារាំង ដោយអះអាងថា លិខិតសុំ​លាលែង​នោះ ត្រូវបានលោកប្រធានាធិបតី ម៉ាក្រុង ទទួលយល់ព្រម។

នៅមុននេះបន្តិច ឥស្សរជនស្នងតំណែង ដែលនឹងក្លាយជា នាយករដ្ឋមន្ត្រីបារាំង ត្រូវ​បាន​​ប្រធានាធិបតី​តែងតាំង និងបញ្ចេញឈ្មោះឲ្យដឹង គឺលោក ហ្សង់ កាស្តិក (Jean Castex) ដែលជាអគ្គលេខាធិការរង នៃការិយាល័យប្រធានាធិបតីបារាំង និងជា​អភិបាល​ក្រុង «Prades» ស្ថិតនៅភាគខាងត្បូងបារាំង។

ការសម្រេចរបស់លោក ម៉ាក្រុង នឹងអនុញ្ញាតឲ្យលោក អេឌូអាដ៍ ហ្វីលីព ចាកចេញ​ពីតំណែង ហើយលោក ហ្សង់ កាស្តិក ក៏នឹងត្រូវឡើងមកកាន់តំណែង បន្តពីលោក ហ្វីលីព ក្នុងប៉ុន្មានម៉ោង ខាងមុខនេះដែរ។

អេឌូអាដ៍ ហ្វីលីព ៖ បីឆ្នាំ ក្នុងតំណែង…

លោក អេឌូអាដ៍ ហ្វីលីព ត្រូវបានប្រធានាធិបតីបារាំង ជ្រើសតាំងជានាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ និងបាននៅក្នុងតំណែង អស់រយៈពេល៣ឆ្នាំ។ លោក​មាន​តំណែងមួយទៀត ជាអភិបាលក្រុង «Havre» ដែលលោកទើបនឹងជាប់ឆ្នោត សារជាថ្មី ក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត កាលពីចុងខែមិថុនាថ្មីៗ។

ការផ្លាស់ប្ដូរប្រមុខដឹកនាំរដ្ឋាភិបាល តម្រូវឲ្យការងារទាំងឡាយ នៅក្នុងគណៈរដ្ឋមន្ត្រី​បារាំង ត្រូវបានផ្អាក ខណៈគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវរៀបចំ និងប្រកាសឲ្យដឹង យ៉ាងយូរ​បំផុត នៅថ្ងៃពុធ​​សប្ដាហ៍ក្រោយ។ ក្រៅពីនេះ នៅរដ្ឋសភាជាតិ កិច្ចពិភាក្សា​ក្នុង​ថ្ងៃសុក្រ​នេះ លើគម្រោងច្បាប់ទី៣ ស្ដីពីការកែទម្រង់ថវិកាជាតិ ក៏ត្រូវបានផ្អាកដែរ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។