បារាំង

មេរោគកូរូណា​វាយលុក​រដ្ឋសភា​បារាំង – តំណាងរាស្ត្រ​៤រូប ឆ្លង​ជំងឺនេះ

តំណាងរាស្ត្រ​៤រូប របស់ប្រទេសបារាំង បានឆ្លងជំងឺរលាកផ្លូវដង្ហើម ដែលបណ្ដាលមកពីមេរោគ «កូរូណា»ថ្មី។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់អាជ្ញាធរបារាំង ទទួលបន្ទុកផ្នែកសុខភាពសាធារណៈ ក្នុងយប់ថ្ងៃអាទិត្យនេះ។

អាជ្ញាធរសុខាភិបាលបារាំង «ARS» ប្រចាំតំបន់ «Ile-de-France» (រដ្ឋធានីប៉ារីស និងតំបន់ជុំវិញ) បានអះអាងថា មនុស្ស៦នាក់នៅក្នុងរដ្ឋសភាជាតិ ត្រូវបានរកឃើញ មានផ្ទុកមេរោគ«កូរូណា»ថ្មី ឬហៅកាត់ តាមពាក្យបច្ចេកទេស «Covid-19»។ ពីក្នុងចំណោមអ្នកជំងឺទាំងនោះ មាន៤រូបជាតំណាងរាស្ត្រ និងពីររូប ជាបុគ្គលិកនៅក្នុងរដ្ឋសភា។

«ARS» បានបញ្ជាក់ថា៖

«ការស្រាវជ្រាវ និងការត្រួតពិនិត្យ ផ្នែកសុខភាព កំពុងប្រព្រឹត្តិទៅ ហើយវិធានការទាំងឡាយ ត្រូវបានអនុវត្តន៍ ដោយរដ្ឋសភាជាតិ ដើម្បីដាក់កំហិត កុំឲ្យមានការរីករាលដាល នៃមេរោគខាងលើ ដែលអាចកើតមាន។»

«គ្រប់ករណីទាំងអស់ ដែលត្រូវបានរកឃើញ ថាបានឆ្លងមេរោគ ត្រូវបានដាក់ឲ្យនៅ ដាច់ដោយឡែក និងត្រូវបានសាកសួរ ដើម្បីស្វែងរកពីទំនាក់ទំនងទាំងឡាយ ដែលបណ្ដាលឲ្យមានការឆ្លង និងអាចឲ្យមានការឆ្លងបន្ត។»

យ៉ាងណា រដ្ឋសភាបារាំងដែលបានប្រកាស តាំងពីខែកក្កដាកន្លងទៅ ពីការឈប់សម្រាក រវាងពីចន្ទ ទី៩ រហូតដល់ថ្ងៃ២២ ខែមិនា ពោលគឺនៅមុនការបោះឆ្នោត ក្រុង-ឃុំ ក្នុងខែមិនានេះ ទំនងជាអាចបញ្ចៀស ការរីករាលដាល នៃការឆ្លងមេរោគ«កូរូណា» បាន។

ការរីករាលដាល នៃមេរោគដ៏ប្រល័យ នៅតែបន្តមាន គួរឲ្យកត់សម្គាល់។ មកដល់ម៉ោងនេះ ករណីឆ្លងមេរោគ «Covid-19» នៅក្នុងពិភពលោក បានកើនឡើងដល់ប្រមាណជា១១ម៉ឺននាក់ (១០៩ ៨៨០ករណី) ហើយបានសម្លាប់មនុស្ស សរុបចំនួន ៣ ៨២៤នាក់។

ក្នុងប្រទេសបារាំង ករណីឆ្លងជំងឺនេះ បានកើនឡើងដល់ ១ ១២៦នាក់ ខណៈអ្នកជំងឺស្លាប់ បានកើនឡើងដល់ ១៩នាក់។ នៅចំពោះតួលេខខាងលើ អាជ្ញាធរបានបានត្រៀមលក្ខណៈ និងចាត់វិធានការមួយចំនួន ក្នុងនោះ មានការហាមឃាត់ រាល់ការជួបជុំគ្នា លើសពី១០០០នាក់ជាដើម៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។