បារាំង

ម៉ាក្រុង វិជ្ជមានកូវីដ – មេដឹកនាំអ៊ឺរ៉ុប​ច្រើននាក់​ធ្វើចត្តាឡីស័ក​៧ថ្ងៃ

បន្ទាប់ពីធ្វើតេស្ដិ៍«វិជ្ជមានកូវីដ-១៩ (Covid-19)» ក្នុងថ្ងៃព្រហស្បត្តិ៍នេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានដាក់ខ្លួន ធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ។ មេដឹកនាំអ៊ឺរ៉ុបមួយចំនួនទៀត ដែលបានជួប​ជាមួយ​ប្រធានាធិបតី​បារាំង ក៏បានដាក់ខ្លួន ក្នុងវិធានការ​​បង្ការជំងឺ​នេះដែរ។

សេចក្ដីប្រកាសព័ត៌មាន របស់វិមានប្រធានាធិបតីបារាំង បានឲ្យដឹងថា លោក ម៉ាក្រុង បានរកឃើញលទ្ធផល«វិជ្ជមានកូវីដ» ក្រោយពីលោក​មាន​រោគសញ្ញាសង្ស័យ ក្នុងជំហានដំបូង។ លោកប្រធានាធិបតី នឹងដាក់ខ្លួនដាច់ដោយឡែក ចំនួន៧ថ្ងៃ តែនៅបន្តការងារ​របស់លោក ជាធម្មតា ពីចំងាយ។

គម្រោងបម្លាស់ទី  និងជំនួបនានា របស់លោកប្រធានាធិបតី ត្រូវបានលប់ចោល ក្នុងនោះមាន គម្រោងធ្វើដំណើរ ទៅកាន់ប្រទេសលីបង់ នៅថ្ងៃអង្គារ និងថ្ងៃពុធខាងមុខ ដើម្បីជួបជាមួយកងទ័ពបារាំង នៅទីនោះ។

ដោយឡែក មេដឹកនាំបារាំង និងអ៊ឺរ៉ុបជាច្រើននាក់ ដែលមាន​ទំនាក់ទំនងផ្ទាល់​ជាមួយលោក ម៉ាក្រុង បានប្រកាសខ្លួន​ធ្វើចត្តាឡីស័ក​ជាបន្តបន្ទាប់ បើទោះជាពួកគេ​បានធ្វើតេស្ដិ៍អវិជ្ជមានកូវីដ​​ក្នុងជំហាននេះក្ដី។ ពីចំណោមនោះ មានលោកនាយករដ្ឋមន្ត្រី ហ្សង់ កាស្ដិក (Jean Castex) ប្រធានរដ្ឋសភាបារាំង លោក «Richard Ferrand» នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក «Pedro Sanchez» នាយករដ្ឋមន្ត្រី​ព័រទុយហ្គេរ លោក «Antonio Costa» ជាដើម។

វិធានការបង្ការ​ក៏ត្រូវបានអនុវត្តន៍ដូចគ្នា សម្រាប់មេដឹកនាំ​​ក្នុងសហភាពអ៊ឺរ៉ុប​ផ្សេងទៀត ដែលបានទទួលទានអាហារថ្ងៃត្រង់ ជាមួយ​ប្រធានាធិបតី​បារាំងកាលពីថ្ងៃចន្ទ​ដើមសប្ដាហ៍ ក្នុងនោះរួមមាន​ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក «Charles Michel» ប្រធាន​គណៈកម្មការ​អ៊ឺរ៉ុប អ្នកស្រី «Ursula Von der Leyen» និងប្រធានអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច លោក «Angel Gurria» ជាដើម។

សម្រាប់ស្ត្រីទីមួយបារាំង អ្នកស្រី ប្រ៊ីហ្សីត ម៉ាក្រុង (Brigitte Macron) វិញ មិនមានអាការៈ ពីការឆ្លងមេរោគដ៏ចង្រៃនេះទេ មកទល់​នឹងម៉ោងនេះ។ នេះ បើតាមការប្រកាស របស់ខុទ្ទកាល័យអ្នកស្រី ក្នុងថ្ងៃព្រហស្បត្តិនេះដដែល។ ខុទ្ទកាល័យស្ត្រីទីមួយបារាំង បានឲ្យដឹងថា អ្នកស្រី ម៉ាក្រុង បានធ្វើតេស្ដិ៍ ទទួលលទ្ធផល​​អវិជ្ជមានកូវីដ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។