គ្មានការតំឡើងពន្ធ ដើម្បីយកប្រាក់ មកទូទាត់ការចំណាយ ដ៏មហាសាល ក្នុងវិបត្តិ«Covid-19» នោះឡើយ។ នេះ ជាការអះអាងឡើង របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅក្នុងការថ្លែង ទៅកាន់ប្រជាជាតិ ក្នុងយប់ថ្ងៃអាទិត្យ។
លោក ម៉ាក្រុង បានបញ្ជាក់ថា នៅក្នុងរយៈពេល នៃការចាត់វិធានការ ដើម្បីទប់ស្កាត់ជំងឺដ៏ចង្រៃ រដ្ឋបារាំងបានចំណាយប្រាក់ ប្រមាណជា ៥០០ពាន់លានអ៊ឺរ៉ូ (ប្រមាណជា ៥៦០ពាន់លានដុល្លារ)។ លោកប្រធានាធិបតី បានរៀបរាប់ថា៖
«ការចំណាយទាំងនេះ មានភាពចាំបាច់ ក្រោមមូលហេតុ នៃកាលៈទេសៈដ៏ពិសេស ដែលយើងទើបនឹងឆ្លងកាត់ ហើយការចំណាយនេះ ក៏បានបន្ថែម ពីលើបំណុល ដែលយើងមានស្រាប់នោះដែរ។ តែយើងនឹងមិនធ្វើការទូទាត់ ការចំណាយទាំងនេះ ដោយការតំឡើងពន្ធដារ នោះឡើយ។»
លោកពន្យល់ទៀតថា ប្រទេសបារាំង ជាប្រទេសដែលមានទំហំ នៃការបង់ពន្ធដារ ដ៏ខ្ពស់ជាងគេមួយ ហើយថា តាំងពី៣ឆ្នាំកន្លងមក រដ្ឋាភិបាលបានធ្វើ តាមគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយ ការបង់ពន្ធទាំងនោះ។
ដូច្នេះ តើធ្វើយ៉ាងណា ដើម្បីរកប្រាក មកដាក់បញ្ចូលហិបវិញ? លោក អេម៉ានុយអែល ម៉ាក្រុង បានគូសបញ្ជាក់ថា លោកចង់បង្កើត ឲ្យមានឡើង នូវ«គំរូសេដ្ឋកិច្ចមួយ ដែលមានរយៈពេលវែង និងមានកម្លាំងខ្លាំង»។
ប្រធានាធិបតីបារាំង បានបង្ហើបពីគន្លឺះមួយចំនួន នៃគំរូសេដ្ឋកិច្ចរបស់លោក ដូច្នេះថា៖
«ចៀសវាងឲ្យបានជាអតិបរមា នូវការបញ្ឈប់បុគ្គលិកពីការងារ – បង្កើតកាងារថ្មីៗ ដោយវិនិយោគ ទៅលើភាពខ្លាំងដោយឡែករបស់យើង ជុំវិញបច្ចេកវិទ្យា ព័ត៌មានវិទ្យា ឧស្សាហកម្ម និងកសិកម្ម – ផ្តោតលើ “ការកសាងឡើងវិញ នូវប្រព័ន្ធអេកូឡូស៊ី” ឬធ្វើការលើ “ការបង្រួបបង្រួម នៃសហភាពអឺរ៉ុបមួយដែលខ្លាំង”។»
ប៉ុន្តែការសន្យាខាងលើ មិនមានន័យថា លោកនិងរដ្ឋាភិបាលរបស់លោក បំភ្លេចចោល នូវការជជែកវែកញែក ជាមួយដៃគូសង្គម និងក្រុមសហគ្រិននោះឡើយ។ លោក ម៉ាក្រុង បញ្ជាក់ថា ជំនួបជាច្រើន នឹងត្រូវគ្រោងធ្វើ ជាមួយក្រុមសហជីព និងអង្គការ-សមាគម ដែលតំណាងឲ្យម្ចាស់ក្រុមហ៊ុន-សហគ្រាស ដើម្បីកំណត់ពី «កញ្ចប់ផលិតកម្ម ដ៏ពិតប្រាកដមួយ»ឡើង។
លោកប្រធានាធិបតី ក៏នឹងយកគម្រោងនេះ ទៅជួបពិភាក្សា ជាមួយដៃគូនានា នៅក្នុងសហភាពអ៊ឺរ៉ុបដែរ រាប់ចាប់ពីកិច្ចប្រជុំ នៃក្រុមប្រឹក្សាអ៊ឺរ៉ុប ក្នុងខែកក្កដានេះ រហូតដល់២ឆ្នាំខាងមុខ៕