ចាប់ពីថ្ងៃសៅរ៍ខាងមុខនេះ រហូតដល់យ៉ាងតិច ៤សប្ដាហ៍ខាងមុខ តំបន់មួយចំនួន នៃប្រទេសបារាំង ត្រូវបានដាក់ ក្នុងភាពអាសន្នវិញ ដោយបិទការធ្វើដំណើរ រវាងពីម៉ោង៩យប់ រហូតដល់ម៉ោង៦ភ្លឺ។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាស តាមកញ្ចក់ទូរទស្សន៍ ក្នុងយប់ថ្ងៃពុធទី១៤ ខែតុលានេះ នូវវិធានការទាំងនោះ បន្ទាប់ពីចំនួនអ្នកឆ្លងមេរោគ «Covid-19» ក្នុងប្រទេស បានកើនឡើងដល់កម្រិត «គួរឲ្យព្រួយបារម្ភ»។
តំបន់ទាំងនោះ រួមមាន៖ រដ្ឋធានីប៉ារីស (Paris) និងតំបន់ជុំវិញ ក្រុងលីល៍ (Lille) និងតំបន់ជុំវិញ ក្រុងគ្រើណូប (Grenoble) ក្រុងលីយ៉ុង (Lyon) ក្រុងម៉ាស៊ីយ៍ (Marseille) និងតំបន់ជុំវិញ ក្រុងម៉ុងពេលីយ៉េ (Montpellier) ក្រុងរូអង់ (Rouen) ក្រុងទូលូស្ស៍ (Toulouse) និងក្រុងស៊ាំងតេជ្យែន (Saint-Etienne)។
លោក ម៉ាក្រុង អះអាងថា លោកគ្រោងនឹងបន្តវិធានការនេះ រហូតដល់ថ្ងៃទី១ ខែធ្នូខាងមុខ ប្រសិនណាជារដ្ឋសភាបារាំងបើកភ្លើងខៀវ អនុញ្ញាតឲ្យធ្វើ។
ជនណាដែលល្មើសនឹងបម្រាម បិទចរាចរណ៍ខាងលើ នឹងរងការពិន័យ ក្នុងទឹកប្រាក់១៣៥អ៊ឺរ៉ូ។ តែមានករណីលើកលែង ចំពោះអ្នកណាដែលធ្វើការយប់ ឬអ្នកជំងឺត្រូវសង្គ្រោះបន្ទាន់… ដោយតម្រូវឲ្យមានជាប់នឹងខ្លួន នូវលិខិតបញ្ជក់ ស្ដីពីការងារ ឬពីភាពចាំបាច់របស់ខ្លួន។
ប្រធានាធិបតីបារាំង បានលើកឡើងបន្តថា ការដាក់បម្រាមជាថ្មី ជាការឆ្លើយតប នឹងកម្រិត«គួរឲ្យព្រួយបារម្ភ» តែមិនមែនបង្ហាញពី «សភាពធ្ងន់ធ្ងរ» នៃការរីករាលដាល នៃជំងឺ«Covid-19»ទេ។ លោក ម៉ាក្រុង បញ្ជាក់ថា ការដាក់តំបន់មួយចំនួន ក្នុងភាពអាសន្នវិញ ជាវិធានការដើម្បីបង្ការ ការចេញទៅវិស្សមកាល ទូស៊ាំង (Toussaint) ដែលនឹងចាប់ផ្ដើម ពីយប់ថ្ងៃសុក្រខាងមុខ និងមានរយៈពេល២សប្ដាហ៍។
លោកថា គ្មានការផ្អាក ឬកាត់បន្ថយ ការធ្វើដំណើរនៅក្នុងតំបន់ឡើយ (ឧទាហរណ៍រវាងរដ្ឋធានីប៉ារីស និងតំបន់ជុំវិញ) ហើយមធ្យោបាយដឹកជញ្ជូនសាធារណៈ នៅតែបន្តសកម្មភាពដដែល។
ប្រមុខរដ្ឋបារាំង បានសន្យាអំពីជំនួយ ផ្នែកសេដ្ឋកិច្ចបន្ថែមទៀត និងអំពាវនាវឲ្យពលរដ្ឋបារាំង ត្រូវចូលរួមទប់ស្កាត់ ការរាតត្បាតនៃជំងឺដ៏ចង្រៃ ជាពិសេសធ្វើយ៉ាងណា កុំឲ្យកម្រិត«គួរឲ្យព្រួយបារម្ភ»នេះ ប្រែក្លាយជាកម្រិត«ធ្ងន់ធ្ងរ»៕