ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសតាមកញ្ចក់ទូរទស្សន៍ ក្នុងយប់ថ្ងៃអាទិត្យនេះ ធ្វើការបើកប្រទេសឡើងវិញ ចាប់ពីថ្ងៃចន្ទស្អែកតទៅ ដោយអះអាងពីជ័យជំនះបឋម លើជំងឺរាតត្បាត «Covid-19»។
តែថាមានអ្វីខ្លះ ដែលត្រូវបើក ឬដាក់ឲ្យដំណើរការឡើងវិញ និងគម្រោងថវិកាអ្វីខ្លះ ដែលត្រូវចំណាយ ដើម្បីធ្វើសេដ្ឋកិច្ច ងើបឡើងវិញ? ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកចំណុចសំខាន់ៗ នៃការថ្លែងរបស់លោក ម៉ាក្រុង មកជម្រាបជូន ដូចខាងក្រោម។
ដំបូងឡើយ លោកបានអះអាងពីជ័យជំនះ នៃការប្រយុទ្ធ ទល់នឹងមេរោគរាតត្បាត ដ៏ចង្រៃ ហើយថា បានទាញយកធ្វើជាមេរៀន ពីវិបត្តិសុខាភិបាលមួយនេះ។ លោកថា
«ភាពខ្លាំងរបស់យើង យើងនឹងពង្រឹកវា ឲ្យកាន់តែខ្លាំង។ ភាពខ្វះខាតរបស់យើង យើងនឹងកែសម្រួលវា ឲ្យបានលឿន និងឲ្យបានខ្លាំង។»
បន្ទាប់មក លោកប្រធានាធិបតី បានប្រកាសបើកប្រទេស ជាមួយនឹងវិធានការបន្តបន្ទាប់ថា៖
«ចាប់ពីថ្ងៃស្អែកទៅ នៅលើទឹកដីបារាំងទាំងមូល លើកលែងតែ នៅតំបន់ ម៉ាយ៉ុត (Mayotte – ទឹកដីឯនាយសមុទ្រ) និងនៅ ឡាហ្គីយ៉ាន (la Guyane – ទឹកដីឯនាយសមុទ្រ) នឹងត្រូវចាត់ទុក ជាតំបន់ខៀវ ដែលអនុញ្ញាតឲ្យពលរដ្ឋចូលធ្វើការវិញ និងបើកឡើងវិញ នូវហាងកាហ្វេ និងភោជនីយដ្ឋាន នៅក្នុងតំបន់ និងនៅជុំវិញរដ្ឋធានីប៉ារីស។»
ទារកដ្ឋាន សាលារៀន និងអនុវិទ្យាល័យ នឹងបើកទ្វាជាធម្មតាវិញ ចាប់ពីថ្ងៃទី២២ ខែមិថុនាខាងមុខ ដោយសិស្សានុសិស្សទាំងអស់ ចាំបាច់ត្រូវមានវត្តមាន ដូចមាននៅក្នុងបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថាននីមួយៗ ជាធម្មតា។
នៅតាមគ្រឹះស្ថាននានា ដែលទទួលជនជរា និងជនចូលនិវត្តន៍ឲ្យស្នាក់នៅ នឹងអនុញ្ញាតឲ្យកូនក្មួយ អាចចូលសួរសុខទុក្ខឡើងវិញ ចាប់ពីថ្ងៃចន្ទនេះ តទៅដែរ។
ប្រធានាធិបតីបារាំង បានបន្តទៀតថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ជុំទីពីរ នឹងត្រូវកំណត់ធ្វើ នៅថ្ងៃទី២៨ ខែមិថុនា។ ប៉ុន្តែលោក បានប្រាប់ឲ្យចៀសវាង នូវរាល់ការជួបជុំ ដែលមានទ្រង់ទ្រាយធំ ខណៈការជួបជុំណាក៏ដោយ ត្រូវស្ថិតក្រោមក្រឹត្យក្រមអនាម័យ ព្រោះថា គឺការជួបជុំទាំងនោះហើយ ដែលនាំឲ្យផ្ទុះការរាតត្បាត នៃមេរោគ «Covid-19» នាពេលកន្លងមក។
នៅចំពោះវិបត្តិសេដ្ឋកិច្ច ដែលបានបំបាក់ បណ្ដាប្រទេសនានា នៅជុំវិញពិភពលោក ដែលរងផលប៉ះពាល់ខ្លាំងជាងគេ លោក ម៉ាក្រុង បានអះអាងថា រដ្ឋាភិបាលនឹងមិនតំឡើងពន្ធ ដើម្បីយកទៅទូទាត់ លើការចំណាយទាំងឡាយ នៅក្នុងរយៈពេល នៃការផ្ទុះវិបត្តិនេះទេ។
ប៉ុន្តែលោកប្រធានាធិបតី បានអះអាងថា គេត្រូវធ្វើការ ឲ្យបានច្រើន និងបង្កើនផលិតកម្ម ឲ្យបានច្រើនជាងមុន។
នៅក្នុងវិបត្តិនេះ ប្រាកដណាស់ ដែលក្រុមហ៊ុន-សហគ្រាសជាច្រើន ត្រូវបង្ខំចិត្ត ក្នុងការបញ្ឈប់បុគ្គលិក។ យ៉ាងណា លោក ម៉ាក្រុង ធានានឹងធ្វើគ្រប់បែបយ៉ាង ដើម្បីឲ្យការបញ្ឈប់បុគ្គលិក ធ្វើទៅដោយតិចតួចបំផុត ហើយថា នឹងបង្កើនការវិនិយោគ ឲ្យកាន់តែខ្លាំង ដើម្បីការហ្វឹកហ្វឺន និងការបំពាក់បំប៉ន ទៅដល់យុវជន ដើម្បីពួកគេអាចរកបាន ការងារធ្វើ។
លោកប្រធានាធិបតី បានលើកឡើងថា សាធារណរដ្ឋបារាំង នឹងនឹងមិនលប់ ជនរងគ្រោះ សូម្បីម្នាក់ ឬស្លាកស្នាម សូម្បីបន្តិច ពីប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកបានភ្ជាប់ការថ្លែងនេះ ទៅនឹងបណ្ដាស្ដូប រំឮកវិញ្ញាណក្ខន្ធទាំងឡាយ នៅក្នុងរបបអាណានិគម ឬរបបទាសភាព ដែលនៅតែមានរូបរាង រហូតមកដល់សព្វថ្ងៃ៕