បារាំង

បារាំង​មានករណី​ឆ្លង​មេរោគ​«កូរូណា»​កើនដល់​៣៨នាក់ និងស្លាប់​ពីរនាក់

ការរីករាលដាល ក្នុងប្រទេសបារាំង នៃជំងឺរលាកផ្លូវដកដង្ហើម តាមរយៈមេរោគ​«កូរូណា»​ថ្មី ហៅថា «Covid-19» បានកើនឡើងទ្វេដង ក្នុងរយៈពេល តែមួយថ្ងៃម្សិលម៉ិញ។

តុល្យភាពក្នុងយប់ថ្ងៃព្រហស្បត្តិ ដែលប្រព័ន្ធផ្សព្វផ្សាយទទួលបាន បានឲ្យដឹងថា ករណីឆ្លងមេរោគខាងលើ បានកើនឡើង ដល់៣៨នាក់ ខណៈករណីឆ្លង មានត្រឹមតែ១៨នាក់ប៉ុណ្ណោះ កាលពីយប់ថ្ងៃពុធ។

ក្រសួងសុខាភិបាលបារាំង បានអះអាងថា ថា តួលេខនេះអាចនឹងកើនឡើងទៀត ក្នុងប៉ុន្មានម៉ោងខាងមុខ។

ក្រសួងបានបញ្ជាក់ថា ពីក្នុងចំណោមអ្នកជំងឺ ទាំង៣៨នាក់ខាងលើ មាន១២នាក់ ត្រូវបានព្យាបាលជាសះស្បើយ ខណៈ១២នាក់ ពីក្នុងតំបន់«Oise» ខាងជើងរដ្ឋធានីប៉ារីស និងបួននាក់ទៀត ពីក្នុងតំបន់ «Haute-Savoie» ភាគខាងត្បូងបារាំង ទើបនឹងរកឃើញ ថាបានឆ្លងជំងឺ។

តួលេខខាងលើ បានបង្កភាពព្រឺព្រួចបន្ថែមទៀត បន្ទាប់ពីអ្នកជំងឺពីរនាក់ បានស្លាប់ ពីក្នុងចំណោមករណីឆ្លង ទាំងនេះ។ អ្នកជំងឺទាំងពីរ សុទ្ធតែរស់នៅក្នុងតំបន់ «Oise» ដូចគ្នា ម្នាក់អាយុ៦០ឆ្នាំ ជាសាស្ត្រាចារ្យផ្នែកបច្ចេកវិទ្យា និងម្នាក់ទៀតអាយុ៥៥ឆ្នាំ ជាបុគ្គលិកស៊ីវិល នៃមូលដ្ឋានយោធា ក្នុងតំបន់នោះ។

អាជ្ញាធរសុខាភិបាលបារាំង បានព្រមានឡើងថា បើទោះជាអាជ្ញាធរ នៅមិនទាន់អាចបំភ្លឺ ពីករណីឆ្លងមួយចំនួនក៏ដោយ ក៏ប្រទេសបារាំងនាពេលនេះ មានស្ថានភាពប្រហាក់ប្រហែល នឹងស្ថានភាពដំបូង ក្នុងប្រទេសអ៊ីតាលី នៅពេលដែលប្រទេសនេះ ទើបនឹងឆ្លងចូល នូវមេរោគដ៏ប្រល័យនេះដែរ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។