បារាំង

ធនាគារ​ជាតិ​បារាំង​បញ្ជាក់ថា ជំងឺ​«Covid-19»​កម្រឆ្លង​តាមលុយ

ធនាគារ​ជាតិ​បារាំង​បញ្ជាក់ថា ខ្លួនរកមិនឃើញហនិភ័យ គួរឲ្យកត់សម្គាល់ណាមួយ អំពី​ការឆ្លងជំងឺ «Covid-19» តាមរយៈចរាចរណ៍ នៃរូបិយប័ណ្ណនានានោះឡើយ។ ការអះអាង​​របស់ស្ថាប័នកំពូល របស់ប្រទេសបារាំង ធ្វើឡើង ដើម្បីឆ្លើយតប ទៅនឹង​ការបារម្ភ​ទាំងឡាយ ជុំវិញការកាន់ក្រដាសប្រាក់ នៅក្នុងការទូទាត់ នៅគ្រប់ទីកន្លែង។

តែការបារម្ភទាំងនោះ ត្រូវបានច្រានចោល ដោយក្រុមអ្នកវិទ្យាសាស្ត្រ ដែលបានប្រើពេល ជាច្រើនខែ នៅក្នុងការស្រាវជ្រាវ ដើម្បីអះអាងថា មេរោគ«Covid-19» មិនអាច មាន ជីវិតយូរ នៅលើក្រដាសប្រាក់​បានទេ។

ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញថា មេរោគអាចមានជីវិត នៅលើដែកអ៊ីណុក (Inox) បាន​យូរប្រមាណជា ១០ ទៅ១០០ដង លើសនៅលើក្រដាសប្រាក់។ ដូច្នេះ «រូបិយប័ណ្ណ មិនមាន​ហនិភ័យ គួរឲ្យកត់សម្គាល់ណាមួយ ក្នុងការចម្លងមេរោគ ពីមនុស្សម្នាក់​ទៅមនុស្ស​ទៀតទេ»។

ការព្រួយបារម្ភ បានផ្ទុះឡើង នៅពេលដែលការរាតត្បាត នៃជំងឺ«Covid-19» បាន​កើតឡើង​ដំបូង។ ទាំងអ្នកលក់ និងអ្នកទិញ សុទ្ធតែមានមន្ទិល ចំពោះការទូទាត់​ដោយប្រាក់ ហុចឲ្យផ្ទាល់ដៃ ថាអាចមានហនិភ័យ នៃការឆ្លងមេរោគ។ ហាងលក់​ទំនិញ​ជាទូទៅ បានងាកទៅប្រើ (ឬផ្ដល់អាទិភាព) មធ្យោបាយទូទាត់ ពីចម្ងាយ ហៅជាភាសា​អង់គ្លេស «Without Touching» ឬភាសាបារាំង «Sans contact»។

នៅចំពោះការអះអាង​ខាងលើរបស់ខ្លួន ធនាគារជាតិបារាំង នៅតែគាំទ្រ​ឲ្យបន្ត​មាន​ការទូទាត់ ពីចម្ងាយ។ តែស្ថាប័នហិរញ្ញវត្ថុមួយនេះ បានបញ្ជាក់​ក្នុងសេចក្ដីប្រកាស​ព័ត៌មាន របស់ខ្លួន ថាចង់ឲ្យអ្នកកាន់​ក្រដាសប្រាក់ទាំងឡាយ មានការធានា​ក្នុងចិត្តថា ពួកគេនៅ​តែ​អាចប្រើលុយ ដើម្បីធ្វើការទូទាត់ ដោយគ្មានហនិភ័យអ្វី គួរឲ្យកត់សម្គាល់​ឡើយ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។