បុរសម្នាក់អាយុ៤៧ឆ្នាំ ទើបនឹងត្រូវបានតុលាការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ៨ខែ ដោយព្យួរទោស បន្ទាប់ពីតុលាការបានរកឃើញ ពីទោសកំហុសរបស់បុរសម្នាក់នេះ ដែលបាន«លញ់លិង្គ»របស់ខ្លួន នៅមុខស្ត្រីម្នាក់ កាលពីចុងឆ្នាំកន្លងទៅ។
រឿងរ៉ាវបានកើតឡើង កាលពីដើមខែធ្នូ ឆ្នាំ២០១៨ ក្នុងរថភ្លើងក្រោមដី នៃរដ្ឋធានីប៉ារីស (ប្រទេសបារាំង) និងបានបង្កឲ្យផ្ទុះការភ្ញាក់ផ្អើល យ៉ាងខ្លាំងក្លា។ ស្ត្រីរងគ្រោះអាយុ២០ឆ្នាំ ដែលគេស្គាល់ឈ្មោះ «Safiétou» បានបង្ហោះវីដេអូ អំពីរឿងរ៉ាវនេះ ហើយទទួលបានការចុចចូលទៅទស្សនា ប្រមាណជា២លានដងហើយ។
នៅក្នុងវីដេអូ (ខាងក្រោម) គេឃើញបុរសម្នាក់នេះ ដែលអង្គុយលើកៅអីក្នុងរថភ្លើង កំពុងយកដៃទាំងពីរ ស្ទាប និងលញ់លិង្គខ្លួន ពីខាងក្រៅខោ។ បន្ទាប់មក គេឃើញបុរសនេះ បានដើរនៅតាមដងផ្លូវ និងចូលជិះរថភ្លើងជាថ្មី តាមពីក្រោយស្ត្រីម្ចាស់វីដេអូ។
តាមច្បាប់បារាំង ទង្វើរបៀបនេះ ជាការបៀនបៀនមួយ តាមផ្លូវភេទ។ ក្នុងរូបភាពផ្សេងទៀត ដែលត្រូវបានបង្ហោះ ដោយស្ត្រីផ្សេងទៀត គេឃើញបុរសម្នាក់នេះ បានបញ្ចេញលិង្គខ្លួនមកក្រៅខោ និងឃើញស្នាមទឹកកាម ជាប់នៅលើកៅអី ក្នុងរថភ្លើងនោះផង។
បន្ទាប់ពីវីដេអូ ត្រូវបានបង្ហោះតាមបណ្ដាញសង្គមរួច បណ្ដាជនច្រើនលើសលប់ រួមនឹងអាជ្ញាធរគ្រប់គ្រងផ្លូវដែក នៃរដ្ឋធានីប៉ារីស និងសកម្មជនការពារសិទ្ធិស្ត្រី បានជំរុញឲ្យម្ចាស់វីដេអូ គឺនាងកញ្ញា «Safiétou» ដាក់ពាក្យបណ្ដឹង ឡើងទៅតុលាការ ដើម្បីបញ្ជាក់ពីទោសកំហុសរបស់ជននេះ ទាក់ទងនឹងទង្វើរបស់ខ្លួន។
នៅក្នុងសវនាការ កាលពីថ្ងៃចន្ទទី១៧ ខែមិថុនានេះ បុរសខាងលើ ដែលមានដើមកំណើត ជាជនជាតិបង់ក្លាដេស បានឆ្លើយទទួលទោសកំហុសខ្លួន មុននឹងត្រូវតុលាការ សម្រេចឲ្យជាប់ពន្ធនាគារ៨ខែ ដោយព្យួរទោស។ សាលក្រមតុលាការ នៅបានពិន័យបុរសម្នាក់នេះ ជាប្រាក់និមិត្តរូបចំនួន៥០០អ៊ឺរ៉ូ និងឲ្យទៅព្យាបាល(រោគផ្លូវចិត្ត) ជាមួយគ្រូពេទ្យថែមទៀត៕