បារាំង

«គ្រោះអគ្គិភ័យ»​នៅប៉ារីស​សម្លាប់មនុស្ស​១០នាក់ – សង្ស័យ​មានអ្នកដុត

មនុស្ស១០នាក់ បានស្លាប់ និងជាង៣០នាក់ផ្សេងទៀត បានរងរបួស នៅក្នុង«គ្រោះអគ្គិភ័យ»ដ៏ខ្លាំងមួយ កាលពីវេលាទៀបភ្លឺព្រឹកម៉ិញ ដែលបានឆេះកម្ទេចមួយផ្នែក នៃអាគារលំនៅដ្ឋានមួយ ក្នុងសង្កាត់ទី១៦ នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ នេះ បើតាមតុល្យភាពបណ្ដោះអាសន្ន ដែលផ្ដល់ដោយក្រុមអ្នកជួយសង្គ្រោះ។

ការស៊ើបអង្កេត ក្នុងជំហ៊ានដំបូងបានឲ្យដឹងថា «គ្រោះអគ្គិភ័យ»ខាងលើ​ទំនងជាមានមនុស្សដុត។

បន្ទាប់ពីអគ្គិភ័យត្រូវបានរំលត់ លោក «Rémy Heitz» រដ្ឋអាជ្ញានៃសាធារណរដ្ឋ ប្រចាំរដ្ឋធានីប៉ារីស បានអះអាងថា​ អ្នករស់នៅក្នុងអគារនោះម្នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំ។ លោកថា៖

«មនុស្សម្នាក់ត្រូវបានឃាត់ខ្លួន។ ជននោះជាស្រី ហើយកំពុងបញ្ជូនទៅឃុំខ្លួន។»

ការិយាល័យអយ្យការនៃរដ្ឋធានី ប៉ារីស បានប្រកាសដែរថា ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ពីបទ«បំផ្លិចបំផ្លាញដោយចេតនា តាមរយៈអគ្គិភ័យ ដែលបង្កឲ្យមានមនុស្សស្លាប់»។

ក្រុមអ្នកលត់អគ្គិភ័យ បានឲ្យដឹងថា អណ្តាតភ្លើងចាប់ផ្ដើមឆាបឆេះ នៅវេលាម៉ោង​១រលង​អាធ្រាត នៅខណៈពេលដែលមនុស្សម្នា កំពុងលង់លក់ក្នុងដំណេក។ ប៉ុន្តែបណ្ដាជននៅក្នុងអគារមួយចំនួន បានភ្ញាក់ឡើង ហើយបានរត់ឡើង ទៅលើដំបូងរបស់អគារ ដើម្បីគេចចេញពីភ្លើង ខណៈមួយចំនួនទៀត នៅជាប់ក្នុងអគារ និងស្រែករកការជួយសង្គ្រោះ តាមបង្អួច។

បើតាមក្រុមអ្នកជួយសង្គ្រោះដដែល បានអះអាងថា មនុស្សជាង៥០នាក់ ត្រូវបានជម្លៀសចេញអគារ ហើយពួកគេបានប្រើពេល ដល់ទៅច្រើនជាង ៥ម៉ោង ដើម្បីធ្វើឲ្យអណ្ដាតភ្លើងរលត់​អស់ទាំងស្រុង។ ពីក្នុងចំណោម​អ្នករងរបួស​​ទាំងអស់ មានអ្នកលត់អគ្គិភ័យចំនួន៦នាកផង។

ភ្លាមៗក្រោយពេលកើតហេតុ អ្នកស្រី «Anne Hidalgo» អភិបាលរដ្ឋធានី ប៉ារីស បានថ្លែងឡើងថា រដ្ឋធានីប៉ារីសកំពុងកាន់ទុក្ខ ដោយសារតុល្យភាព ចេញពី«គ្រោះអគ្គិភ័យ មានសភាពគួរឲ្យតក់ស្លុត»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។

Tags: FireFrance