សហគ្រាសយក្ស ជំនាញនៅលើបណ្ដាញអ៊ិនធើណែត របស់អាមេរិក បានរងការពិន័យដ៏ធ្ងន់ធ្ងរមួយនៅថ្ងៃនេះ ជាទឹកប្រាក់ ១,៤៩ពាន់លានអ៊ឺរ៉ូ ពីសំណាក់គណៈកម្មការអ៊ឺរ៉ុប នៃសហភាពអ៊ឺរ៉ុប។ ហ្គូហ្គ័ល (Google) ត្រូវបានចោទប្រកាន់ថា បានហួងហែងលើប្រព័ន្ធផ្សាយពាណិជ្ជកម្ម នៅតាមបណ្ដាញអ៊ិនធើណែត ដែលបណ្ដាលឲ្យជម្រើស របស់អ្នកប្រើប្រាស់ ត្រូវបានរាំងខ្ទប់។
នេះ បើតាមការអះអាងឲ្យដឹង របស់គណៈកម្មការអ៊ឺរ៉ុប ដែលប្រកាសចេញពីរាជធានី ព្រុយស៊ែល នៃប្រទេសប៊ែលហ្សិក ក្នុងរសៀលថ្ងៃពុធ ទី២០ ខែមិនា ឆ្នាំ២០១៩។
ការពិន័យលើកនេះ ជាការសម្រេចលើកទី៣ហើយ របស់សហភាពអ៊ឺរ៉ុប ក្នុងរយៈពេលមិនដល់២ឆ្នាំផងទេ ដើម្បីអនុវត្តន៍គោលការណ៍របស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំង ទល់នឹងការប្រើវិធីសាស្ត្រខុសច្បាប់ (ឬតាមផ្លូវងងឹត) ដើម្បីបំបាក់គូប្រជែង។
អ្នកស្រី «Margrethe Vestager» ស្នងការជាន់ខ្ពស់របស់សហភាពអ៊ឺរ៉ុប ទទួលបន្ទុកផ្នែកការប្រកួតប្រជែង បានឲ្យដឹងថា៖
«គណៈកម្មការអ៊ឺរ៉ុបបានសម្រេចនៅថ្ងៃនេះ ដាក់ពិន័យលើសហគ្រាស “GOOGLE” ជាសាច់ប្រាក់ ១ ៤៩០ ០០០ ០០០អ៊ឺរ៉ូ (ឬនិយាយឲ្យខ្លី ១,៤៩ពាន់លានអ៊ឺរ៉ូ) ពីការរំលោភលើគោលការណ៍របស់សហភាពអ៊ឺរ៉ុប ក្នុងការប្រឆាំងទង្វើខុសច្បាប់ដើម្បីបំបាក់គូប្រជែង។»
«សហគ្រាស “GOOGLE” បានអនុវត្តន៍ដោយខុសច្បាប់ នូវវិធីសាស្ត្របែបឈ្មួញកណ្ដាល នៃការផ្សព្វផ្សាយពាណិជ្ជកម្ម ជុំវិញការរុករក នៅលើអ៊ិនធើណែត ដើម្បីពង្រឹកការហួងហែងរបស់ខ្លួន នៅក្នុងទីផ្សារ។»
កាលពីខែកក្កដាកន្លងទៅ សហគ្រាសយក្សរបស់អាមេរិកមួយនេះ បានរងការពិន័យជាប្រាក់ ប្រមាណជា៤ពាន់លានអ៊ឺរ៉ូរួចហើយ ដែលនោះ វាជាការពិន័យដ៏សម្បើម មិនដែលធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រកន្លងមក។
ការពិន័យនោះ ធ្វើឡើងបន្ទាប់សហភាពអ៊ឺរ៉ុប បានរកឃើញថា សហគ្រាសមួយនេះ បានហួងហែង ជ្រុលហួសហេតុ តាមរយៈ «Android» ប្រព័ន្ធមេរបស់ខ្លួន នៅក្នុងទូរស័ព្ទដៃវៃឆ្លាត (Smartphone)៕