សេដ្ឋកិច្ច

មហាសេដ្ឋី​«Elon Musk»​​ទិញ«Twitter» ក្នុងតម្លៃ​៤៤ពាន់​លានដុល្លារ

មហាសេដ្ឋី«Elon Musk» ម្ចាស់នាយកសហគ្រាស«Tesla» និង«SpaceX» បានព្រមព្រៀងជាផ្លូវការ និងជាស្ថាពរ ជាមួយក្រុមប្រឹក្សាភិបាល របស់«ទ្វីសធើរ-Twitter»  នៅថ្ងៃចន្ទនេះ ដើម្បីទិញយកសហគ្រាសបណ្ដាញសង្គមយក្សមួយនេះ ក្នុងតម្លៃ៥៤.២០ដុល្លារ សម្រាប់មួយភាគហ៊ុន ដែលសរុបតម្លៃទាំងអស់ ត្រូវជា៤៤ពាន់លានដុល្លារ សហរដ្ឋអាមេរិក។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយដោយសហគ្រាស«Twitter» បានដកស្រង់សំដីរបស់លោក«Elon Musk» មកបញ្ជាក់ថា៖

«សេរីភាពនៃការបញ្ចេញមតិ គឺជាមូលដ្ឋានគ្រឹះ ​នៃលទ្ធិប្រជាធិបតេយ្យ​ដែលមានដំណើរការទៅមុខ ហើយទ្វីសធើរជាទីលានឌីជីថលសាធារណៈ ដែលបណ្ដាប្រធានបទគន្លឺះទាំងឡាយ ស្ដីពីអានាគតរបស់មនុស្សជាតិ ត្រូវបានយកមកជជែកពិភាក្សា។»

កាលពីសប្ដាហ៍មុន លោក«Elon Musk» ដែលជាមហាសេដ្ឋីមានប្រាក់ច្រើនជាងគេបំផុត ក្នុងពិភពលោក បានឲ្យដឹងថា លោកបានត្រៀមប្រាក់ ប្រមាណជា៤៦ពាន់លានដុល្លារ ដើម្បីឈានទៅទិញសហគ្រាស​បណ្ដាញសង្គម​មួយនេះ ឲ្យខាងតែបាន។ លោកថា ប្រាក់ដ៏សន្ធឹកសន្ធាប់នេះ មួយភាគទទួលបាន​តាមរយៈកម្ចីពីធនាគារ និងមួយភាគទៀត ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនលោក។

បើតាមទស្សនាវដ្ដី«Forbes» បានអះអាងថា ក្នុងពេលនេះ លោក«Elon Musk»មានទ្រព្យសម្បត្តិ ប្រមាណជា២៦៩ពាន់លានដុល្លារ។

សម្រាប់លោក​«Parag Agrawal» នាយកសហគ្រាស«Twitter» ដែលកំពុងស្ថិតក្នុងតំណែងនេះនៅឡើយ បានថ្លែងឲ្យដឹង នៅក្រោយការប្រកាសលក់​ខាងលើថា៖

«Twitter មានគោលបំណង និងអត្ថន័យដែលទាក់ទង នឹងពិភពលោកទាំងមូល។ ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះក្រុមការងារ​របស់យើង និងទទួលបានបទពិសោធន៍ការងារ ដ៏សំខាន់បំផុត មិនដែលធ្លាប់មានពីមុន។»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។