កម្រមាន

បាតុកម្មអាវកាក់លឿង៖ បាតុករជាស្ត្រីដោះអាវបង្ហាញទ្រូង ដើម្បីតវ៉ា

រលកបាតុកម្មលើកទី៥ ក្នុងថ្ងៃសៅរ៍ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ មិនមានសន្ទុះខ្លាំងក្លា ដូចសប្ដាហ៍កន្លងទៅទេ ក្នុងប្រទេសបារាំងទាំងមូល។ បាតុករចូលរួមមិនមានច្រើន ក៏ពិតមែន តែរឿងដ៏លេចធ្លោជាងមុន ក៏រហ័សឆាប់ត្រូវបាន អ្នកកាសែតមើលឃើញដែរ។

បាតុករជាស្ត្រីប្រាំរូប បានស្លៀកពាក់ផាត់មុខ ជាស្ត្រី «Marianne (និមិត្តរូបជាតិបារាំង ស្ដីពីរសេរីភាព និងប្រជាធិបតេយ្យ)» តែបានចំហរទ្រូង បង្ហាញសុដន់ទាំងគូ នៅចំពោះកងកម្លាំងអាជ្ញាធរ ដែលដាក់រនាំងខណ្ឌចែកផ្លូវ នៅលើមហាវិថី «Champs-Elysées» កណ្ដាលរដ្ឋធានីប៉ារីស។

អ្នកផងគិតភ្លាមថា សកម្មភាពរបស់នាងៗទាំង៥ អាចជាសកម្មនារីរបស់បណ្ដាញ «Femen» ដែលតែងបង្ហាញការតវ៉ារបស់ខ្លួន ដោយការដោះអាវខាងលើ ចេញទាំងអស់។ តែនេះមិនមែនទេ! វិទ្យុបារាំង «France Info» បានរាយការណ៍ថា ការស្លៀកពាក់របស់នាងទាំង៥រូប វាជាការឆ្នៃប្រឌិតឡើង របស់សិល្បការិនី ជាតិលុចហ្សំប៊ួរមួយរូប គឺនាង «Déborah de Robertis»។

នៅចំពោះកងកម្លាំងរក្សាសន្តិសុខ។ (រូបថតលើទ្វីសធើរ)

សិល្បការិនីនាង «Déborah de Robertis» តែងមានទម្លាប់បង្កើតរឿងចម្លែកៗ និងឈានទៅស្រាតចំតិតចំតូង បង្កឲ្យមានរឿងអាស្រូវ មិនតិចដងទេ។ ជាការឆ្នៃប្រឌិត តាមបែបសិល្បៈពិតមែនហើយ តែម្ចាស់គំនិត អាយុ៣៤ឆ្នាំរូបនេះ ក៏តែងបានទៅបញ្ចប់រឿងរបស់ខ្លួន នៅឯតុលាការដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។