ត្រីតុនមួយក្បាល ទម្ងន់២៧៨គីឡូក្រាម ត្រូវបានលក់ដាច់ ក្នុងការដេញថ្លៃមួយ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ ជាមួយនឹងតម្លៃដ៏កំពូល មិនដែលធ្លាប់មានពីមុនមក៖ «៣៣៣,៦លានយ៉េន ដែលត្រូវនឹង ២,៧លានអ៊ឺរ៉ូ ឬ៣,១លានដុល្លារអាមេរិក»។
កំពូលតម្លៃ ដែលបំបែកឯកត្តកម្ម និងដែលមិននឹកស្មានដល់នេះ ធ្វើឡើងក្នុងផ្សារ «Toyosu» នៃរដ្ឋធានីតូក្យូ ប្រទេសជប៉ុន តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការចាប់ផ្ដើមឆ្នាំថ្មី ឆ្នាំ២០១៩។ អ្នកទិញ ដែលដេញថ្លៃបានសម្រេច លោក «Kiyoshi Kimura» ថៅកែបណ្ដាញភោជនីយដ្ឋាន «Sushi Zanmai» បានថ្លែងឡើងថា៖
«វាជាត្រីតុនដ៏ល្អមួយ តែរាងថ្លៃជាងការគិតបន្តិច។»
លោក «Kiyoshi Kimura» ធ្លាប់បានទិញត្រីប្រភេទនេះម្ដងហើយ កាលពីឆ្នាំ២០១៣ ក្នុងតម្លៃថោកជាងនេះ ពីរដង។ តែត្រីតុន នៅពេលនោះ មិនធំដូចត្រីតុនពេលនេះទេ។
ត្រីតុន ដែលមានតម្លៃជាង៣លានដុល្លារ ត្រូវបាននេសាទចេញ ពីលំហសមុទ្រមួយ ក្នុងតំបន់ «Aomori» ស្ថិតនៅភាគខាងជើងប្រទេសជប៉ុន។ បើគេកាប់សាច់វា ដើម្បីលក់រាយវិញ វានឹងមានតម្លៃជាង ១១ ០០០ដុល្លារ ក្នុងមួយគីឡូក្រាម។
នេះ ជាការលក់ដេញថ្លៃដំបូង សម្រាប់ឆ្នាំថ្មី និងធ្វើឡើងក្នុងផ្សារ «Toyosu» ដែលទើបនឹងបើកទ្វា នៅថ្ងៃទី ១១ ខែតុលាកន្លងទៅ ដើម្បីជំនួសផ្សារ «Tsukiji» ដែលត្រូវបានអាជ្ញាធរបិទទ្វា បន្ទាប់ពីបានដំណើរការ អស់រយៈពេលជាង៨០ឆ្នាំ។
សម្រាប់លោក «Kiyoshi Kimura» ត្រីតុនដែលដាក់លក់ នៅក្នុងផ្សារថ្មីនេះ មិនសូវមានគុណភាពល្អច្រើន ដូចត្រីដែលត្រូវបានយកទៅលក់ ក្នុងផ្សារចាស់នោះឡើយ។ ផ្ទុយទៅវិញ ត្រីតុន ដែលលោកទើបសម្រេចទិញបាននេះ ជាប្រភេទត្រីក៏កម្រ ពោរពេញដោយគុណភាព ហើយក៏ជាមូលហេតុ ដែលធ្វើឲ្យវាមានតម្លៃ ដ៏សម្បើមដូច្នេះដែរ៕