កម្រមាន

ជនសង្ស័យ​ក្នុងឃាតកម្ម​លើ សូភី ឡេថាន់ បានសារភាព​នៅទីបំផុត

បុរសវ័យ៦០ឆ្នាំ ដែលត្រូវបានសង្ស័យ ក្នុងសំនុំរឿងឃាតកម្មលើកញ្ញា សូភី ឡេថាន់ (Sophie Le Tan) បានសារភាព​នៅទីបំផុត ក្នុងថ្ងៃអង្គារទី១៩ ខែមករានេះ។ នេះ បើតាមស្ថាប័នអយ្យការបារាំង ប្រចាំក្រុងស្ត្រាស្បួរ៍ (Strasbourg) ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មាន​ក្នុងប្រទេសបារាំង

ជនសង្ស័យ ដែលគេស្គាល់ឈ្មោះ «Jean-Marc Reiser» បានសារភាព​នៅទីបំផុត ថាខ្លួនពិតជាបានសម្លាប់យុវតី សូភី ឡេថាន់ នៅពេលដែលនាង​ចូលទៅមើលផ្ទះ ដែលជននេះបានផ្សាយដំណឹងដាក់ជួល កាលពីអំឡុងខែកញ្ញា​ ឆ្នាំ២០១៨។ ប្រភពពី​ស្ថាប័នអយ្យការ​ ត្រូវបានសារព័ត៌មានស្រង់សំដី មកផ្សាយថា៖

«នៅក្នុងការសាកសួរ ដែលធ្វើឡើង​ នៅពីមុខចៅក្រមស៊ើបអង្កេត ជនសង្ស័យដែលមានឈ្មោះ “Jean-Marc Reiser” បានទទួលស្គាល់​​​ការជាប់ពាក់ព័ន្ធ​របស់ខ្លួន នៅក្នុងមរណភាពរបស់ សូភី ឡេថាន់។»

មុនមកដល់ថ្ងៃនេះ បុរស«Jean-Marc Reiser» បានបដិសេធយ៉ាងដាច់អហង្ការ ពីការជាប់ទាក់ទងក្នុងឃាតកម្ម។ ប្រភពស្និតនឹងសំនុំរឿង បានស្រង់សំដីជនសង្ស័យ មកអះអាងថា ដំបូងឡើយ ជននេះមិនមានបំណងសម្លាប់ជនរងគ្រោះទេ តែបានសម្លាប់ជនរងគ្រោះ នៅបន្ទាប់ពីការឈ្លោះប្រកែកមួយ បានកើតឡើង។ ជនសង្ស័យត្រូវបានស្រង់សំដី មកបញ្ជាក់ថា៖

«ខ្ញុំមិនចង់សម្លាប់នាងទេ តែខ្ញុំបានសម្លាប់រួចហើយ។»

ជនសង្ស័យបានបន្តទទួលស្គាល់ទៀតថា ខ្លួនពិតជាបានកាប់សពជនងរងគ្រោះ ជាកំណាត់ៗ មុននឹងយកកំណាត់សាកសព ទៅលាក់នៅក្នុងព្រៃ។

សំនុំរឿងដ៏កក្រើក បានផ្ទុះឡើង​នៅក្បែរក្រុងស្ត្រាស្បួរ៍ (ភាគខាងកើតបារាំង) តាំងពីខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពី​ក្រុមគ្រួសារ​របស់នាង សូភី ឡេថាន់ ដែលមានដើមកំណើតវៀតណាម បានប្ដឹងអាជ្ញាធរ ពីការបាត់ខ្លួនយ៉ាងអាថ៌កំបាំង របស់នាង សូភី ឡេថាន់។

នៅមុនការបាត់ខ្លួន និស្សិតស្រីវ័យ២០ឆ្នាំរូបនេះ បានឆ្លើយតបនឹងការផ្សាយដំណឹងជួលផ្ទះ របស់ជនសង្ស័យ ដែលដាក់ផ្ទះជួល ក្នុងក្រុង «Schiltigheim» (ជាយក្រុង​ខាងកើតក្រុងស្ត្រាស្បួរ) មុននឹងធ្វើដំណើរទៅមើលផ្ទះជួលនោះ តាមការណាត់មួយ ជាមួយជនសង្ស័យ។

បុរស «Jean-Marc Reiser» ត្រូវបានអាជ្ញាធរឃាត់ខ្លួន នៅប៉ុន្មានថ្ងៃក្រោយមក ដោយសារជនសង្ស័យវ័យ៦០ឆ្នាំ (អាយុ៥៨ឆ្នាំ នៅពេលកើតហេតុ) រូបនេះ បានជួបនាង សូភី ឡេថាន់ ក្រោយគេបំផុត និងបានក្លាយជាជនសង្ស័យ តែម្នាក់គត់។ ក្នុងពេលកន្លងមក លោក «Jean-Marc Reiser» ធ្លាប់ត្រូវបានផ្ដន្ទាទោសរួចហើយ ពីបទបង្ខាំងខ្លួន និងបទរំលោភ។

តែទោះជាជនសង្ស័យបានប្រកែក យ៉ាងណាក្ដី ក៏ក្រុមអ្នកស៊ើបអង្កេត បានរកឃើញស្លាកស្នាមឈាម របស់ជនរងគ្រោះ នៅជាប់ជញ្ជាំងផ្ទះ និងនៅជាប់ដៃរណា របស់ជនសង្ស័យ។

រហូតដល់ជាង១ឆ្នាំក្រោយមក (ខែតុលា ឆ្នាំ២០១៩) ទើបអាជ្ញាធរបានប្រទះរកឃើញ គ្រោងឆ្អឹងមិនគ្រប់សេរីរាង្គ របស់យុវតីរងគ្រោះ នៅក្នុងព្រៃមួយ នៃក្រុង «Rosheim» ដែលមានចំងាយច្រើនគីឡូម៉ែត្រ (ភាគនារតី) ពីក្រុងស្ត្រាស្បួរ៍។ ទីនោះ ត្រូវបានគេស្គាល់ថា ជាកន្លែងដែលបុរស«Jean-Marc Reiser»ឧស្សាហ៍ធ្លាប់ទៅ។

ចម្លើយសារភាពរបស់ជនសង្ស័យ បានអនុញ្ញាតឲ្យអាជ្ញាធរ អាចបើកឡើងវិញ នូវសំនុំរឿងចាស់មួយ ដែលបានកើតឡើង តាំងពី៣០​ឆ្នាំ​មុន។ សំនុំរឿងនោះ ត្រូវបានបិទ​ក្នុងឆ្នាំ២០០១ បន្ទាប់ពីរកភស្ដុតាងមិនឃើញ ទាក់ទងនឹងការបាត់ខ្លួន ដ៏អាថ៌កំបាំង របស់ស្ត្រីអ្នកលក់ដូរ​ម្នាក់ ឈ្មោះ «Françoise Hohmann»។ របាយការណ៍អង្កេត បានឲ្យដឹងថា នៅមុនការបាត់ខ្លួន ក្នុងឆ្នាំ១៩៨៧ ស្ត្រីរងគ្រោះដែលពេលនោះ មានអាយុ២៣ឆ្នាំ ​បានជួប​អតិថិជន​ចុងក្រោយរបស់នាង ដែលគ្មាននរណាផ្សេង​ពីជនសង្ស័យឈ្មោះ «Jean-Marc Reiser» ខាងលើនេះឡើយ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។

Tags: FranceMurder