កម្រមាន

បើករថយន្ដ​​បុក​​ហ្វូង​បាតុករ ស្លាប់ម្នាក់​របួសធ្ងន់​ម្នាក់ នៅក្រុង Seattle

ស្ត្រីម្នាក់ ពីក្នុងចំណោមស្ត្រីពីរនាក់ បានទទួលមរណភាព បន្ទាប់ពី ត្រូវរថយន្ដពណ៌ស បើកបំបុកហ្វូងបាតុករ ពេញមួយល្បឿន លើផ្លូវ «I-5» នៅក្រុង «Seattle» សហរដ្ឋ​អាមេរិក កាលពីថ្ងៃសៅរ៍​សប្ដាហ៍មុន។ ម្ចាស់ចង្កូត នៃរថយន្ដបង្ក ត្រូវបានចាប់ខ្លួន និងយកទៅដាក់ឃុំ។

រូបភាពរបស់អ្នកសារព័ត៌មានមួយរូប ដែលថតព្រឹត្តិការណ៍នេះ ពីចំងាយបានបង្ហាញ ពីល្បឿនរថយន្ដ​ដ៏លឿន បើកបុកចូលហ្វូងបាតុករ និងបានបំប៉ើងស្ត្រីពីរនាក់ ឲ្យខ្ទាតឡើងលើ ដូចសំឡី។

នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះម្នាក់ កំពុងបង្ហោះរូបភាពផ្សាយផ្ទាល់ នៅលើទំព័រ​សង្គម ហ្វេសប៊ុក របស់នាង។ តែរំពេចនោះ នៅក្រោយសម្លេង​បាតុករ ដែលបានស្រែក​ឲ្យឮឡើងថា «ប្រយ័ត្ន! ឡាន! ឡាន!» រូបភាពផ្សាយផ្ទាល់​របស់នាង បានក្រឡប់ចាក់ ហើយបានដាច់ ជាមួយនឹងសន្ធឹក​ប៉ះទង្គិច​មួយដ៏ខ្លាំង។

ជនកាន់ចង្កូតរថយន្ដបង្ក ដែលមានតែជននេះម្នាក់ បានបើករថយន្ដគេចចេញ ពី​កន្លែង​កើតហេតុ តែត្រូវបាតុករម្នាក់ ជិះរថយន្ដដេញតាមទាន់ នៅចម្ងាយ​ប្រមាណជា ១គីឡូម៉ែត្រ​ ពីកន្លែងកើតហេតុ។

វិថី «I-5» បានបិទ​តាំងពី៣សប្ដាហ៍​មកហើយ បន្ទាប់ពីផ្ទុះបាតុកម្ម ជាបន្តបន្ទាប់ នៅ​សហរដ្ឋអាមេរិក ជាពិសេស នៅក្រុង «Seattle» ដើម្បីទាមទាររកយុត្តិធម៌ របស់​បុរស​ស្បែកខ្មៅ ជក ផ្លយ (George Floy) ព្រមទាំងសិទ្ធិស្មើភាព សម្រាប់បណ្ដាជន​ស្បែកខ្មៅ​ទូទៅ។

អ្នកស៊ើបអង្កេតរបស់អាជ្ញាធរ បានស្វែងរកអាថ៌កំបាំង ដែលនៅពីក្រោយ​ហេតុការណ៍​នេះ ថាតើជន​កាន់ចង្កូត មានបំណងជិះបុកបាតុករ (ជាការវាយប្រហារ ដោយមាន​គោលដៅ​ច្បាស់លាស់) ឬយ៉ាងណា៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។