កម្រមាន

ជាប់គុក១០ឆ្នាំ ព្រោះតាមជម្រះបញ្ជី ជាមួយចោរ​ដោយខ្លួនឯង

បុរសម្នាក់ត្រូវបានតុលាការ​ផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ចំនួន១០ឆ្នាំ កាលពីថ្ងៃពុធ នៅក្នុង​សំណុំរឿង​តាមជម្រះបញ្ជី ជាមួយចោរ​ដោយខ្លួនឯង កាលពីដើមខែ​ឧសភាកន្លងមក។ នេះ បើតាមរបាយការណ៍ របស់បណ្ដាញទូរទស្សន៍ «BBC» ដែលចេញផ្សាយ ក្នុងថ្ងៃព្រហស្បត្តិ៍នេះ។

បន្ទាប់ពីបានអនុវត្តន៍ទោសរួចរាល់ បុរសឈ្មោះ «Mihai Dinisoae» នៅរងទណ្ឌកម្មបន្ថែមមួយទៀត គឺប័ណ្ណបើកបររបស់គាត់ នឹងត្រូវដកទុក (ឬព្យួរ) ក្នុងរយៈពេល៤ឆ្នាំបន្ថែមទៀត។

«BBC» បានរៀបរាប់ថា ហេតុការណ៍បានកើតឡើង នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្នុងក្រុង«NewCastle» (ភាគខាងជើង) ចក្រភពអង់គ្លេស។ បន្ទាប់ពីម៉ូតូខ្លួន ត្រូវបានជនសង្ស័យ​ពីរនាក់​លួចចេញពីផ្ទះ បុរស «Mihai Dinisoae» អាយុ៣២ឆ្នាំ បានស្ទុះ​បើករថយន្ដ តាមប្រមាញ់​ជនសង្ស័យទាំងពីរ យ៉ាងសម្បើមដៃ (វីដេអូខាងក្រោម)។

នៅពេលតាមទាន់ បុរសម្ចាស់ម៉ូតូបានបុកជនសង្ស័យទាំងពីរមួយទំហឹង បណ្ដាលឲ្យជនសង្ស័យម្នាក់ ដែលជិះពីខាងក្រោយ ខ្ទាតចេញ​ពីម៉ូតូ ទៅបុកនឹងបង្គោលភ្លើង ស្លាប់ភ្លាមនៅនឹងកន្លែង។ ខណៈជនសង្ស័យអ្នកបើកម៉ូតូ ដែលដួលទៅលើដងផ្លូវ បានរងរបួសធ្ងន់ និងត្រូវបញ្ជូន​ទៅកាន់មន្ទីរពេទ្យ។

ការតាមជម្រះបញ្ជី ក្នុងល្បឿនដ៏លឿន ត្រូវបានអាជ្ញាធរមើលឃើញ តាមរយៈវីដេអូ នៃកាម៉េរ៉ាសុវត្ថិភាព ដែលដាក់នៅតាមផ្លូវ និងតាមអាគារមួយចំនួន នៅជុំវិញ។ តាមរូបភាពនោះ គឺឃើញបុរស «Mihai Dinisoae» បានជិះបញ្ច្រាសទិស នៅតាមរង្វង់មូល និងបានបុកម៉ូតូ ជាច្រើនដង។

នៅក្នុងសវនាការ បុរសខាងលើបានថ្លែងទទួលទោស ពីបទមនុស្សឃាតដោយអចេតនា ដោយអះអាងថា ខ្លួនបានតាមប្រមាញ់ចោរទាំងពីរ តាមតែចិត្តក្ដៅរបស់ខ្លួន។

នគរបាលវិញ​បានហៅបុរស «Mihai Dinisoae» ថាជា«ចៅក្រមឃាតករ» ដែលបានទុកឲ្យមនុស្ស ដែលរងគ្រោះ​ដោយសារ​ទង្វើរបស់ខ្លួន ស្លាប់​នៅលើ​ទ្រូងផ្លូវ។ នគរបាលអះអាងទៀតថា ទោះជាដឹងថា ទ្រព្យរបស់ខ្លួនត្រូវបានចោរលួចនោះក្ដី តែបុរសខាងលើ មិនបាន​រាយការណ៍​ពីករណីនេះ ប្រាប់អាជ្ញាធរទេ។ ផ្ទុយទៅវិញ បុរសបានដោះស្រាយ​ទាំងទទឺងទិស តាមតែចិត្តក្ដៅរបស់ខ្លួន និងបង្កហនិភ័យ សម្រាប់បណ្ដា​អ្នកប្រើប្រាស់​ដងផ្លូវ ថែមទៀត។

នៅលើបណ្ដាញសង្គម មនុស្សជាច្រើននាក់ បានសំដែងការអបអរ ចំពោះទង្វើរបស់បុរស«Mihai Dinisoae»។ តែនគរបាល​បាន​ឆ្លើយតប​វិញថា ការជម្រះបញ្ជី​ ជាមួយចោរ​ដោយខ្លួនឯង មិនមែនជាជម្រើសស្របច្បាប់ ហើយការអបអរចំពោះអំពើឃាតកម្ម ជារឿងអគុណធម៌ និងខ្វះការគោរព ទៅដល់គ្រួសារសព៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។