កម្រមាន

ត្រូវ​ក្រពើ​ លេប​ទាំងរស់ នៅពេល​បោះ​ចំណី​ចិញ្ចឹមវា

ស្ត្រីអ្នកស្រាវជ្រាវម្នាក់ អាយុ៤៤ឆ្នាំ បានទទួលមរណភាព ដោយត្រូវសត្វក្រពើ លេប​ទាំងរស់ នៅខណៈពេលដែលអ្នកស្រី បានបោះចំណី ដើម្បីចិញ្ចឹមសត្វតិរច្ឆាន ដែលមានបណ្ដោយ ប្រវែង៥ម៉ែត្រ មួយក្បាលនេះ។

ហេតុការណ៍ដ៏រន្ធត់ បានកើតឡើង កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ក្នុងមជ្ឈមណ្ឌលស្រាវជ្រាវមួយកន្លែង មានទីតាំង នៅក្រុង «Tomohon» ភាគខាងជើង នៃប្រទេស​ឥណ្ឌូនេស៊ី

សារព័ត៌មានក្នុងស្រុក «Tribun-Timur» បានរាយការណ៍ថា ដើម្បីចិញ្ចឹមសត្វក្រពើ ដូចរាប់សិបដង អ្នកស្រី «Deasy Tuwo» បានឡើងលើរបងមួយ កំពស់ ២,៥ម៉ែត្រ ហើយបានបោះចំណី ទៅឲ្យសត្វក្រពើរបស់អ្នកស្រី ដែលមានឈ្មោះថា «Merry»។

រំពេចនោះ សត្វតិរច្ឆានដែលមានទំហំខ្លួន ដ៏សម្បើមអស្ចារ្យ បានលោតឡើង ទៅត្របាក់អ្នកឲ្យចំណីចិញ្ចឹមខ្លួន ហើយបានអូស​យកចូល ទៅក្នុងអាងទឹកនៅក្បែរនោះ។ អ្នកស្រី «Deasy Tuwo» ត្រូវបានលេបទាំងរស់ ហើយក្នុងពេលភ្លាមៗ គ្មាននរណាម្នាក់បានដឹង ពីគ្រោះថ្នាក់នេះទេ។

លុះប៉ុន្មានម៉ោងក្រោយមក ទើបក្រុមបុគ្គលិក​នៃមន្ទីរពិសោធ «CV Yosiki» បានសង្កេតឃើញ មានវត្ថុចម្លែកអ្វីម្យ៉ាង នៅក្នុងទឹក។ បន្ទាប់ពីបានទៅជិតរួច ពួកគេបានដឹងថា នោះគឺជារាងកាយមួយផ្នែក របស់អ្នកស្រី «Deasy Tuwo» ដែលនៅជាប់នឹងមាត់ក្រពើ ហើយដែលវា មិនទាន់​លេបចូល​អស់។

អ្នកជួយសង្គ្រោះ បានព្យាយាមតាមគ្រប់វិធី ដើម្បីដណ្ដើមសាកសព ចេញពីមាត់ក្រពើ ដែលមានកម្លាំងកៀប ដ៏ខ្លាំងក្លា។ យ៉ាងណា សត្វដ៏សាហាវមួយនេះ ត្រូវអាជ្ញាធរចាប់ចង ហើយត្រូវបញ្ចូនទៅពិនិត្យ ដើម្បីបញ្ជាក់ថា តើ «Merry» បានលេបចូលទៅក្នុងពោះ នូវសាកសពមួយផ្នែកទៀត របស់អ្នកស្រី «Deasy Tuwo» ឬយ៉ាងណា។

ក្នុងពេលកន្លងមក «Merry» ធ្លាប់បានត្របាក់ស៊ីរួចហើយ នូវចំណី​មានជីវិត​ផ្សេងទៀត តែមិនដែលធ្លាប់មាន​ករណី លេប​ទាំងរស់ កើតឡើងទៅលើមនុស្ស នោះទេ។

ក្នុងខណៈនេះ នគរបាលកំពុងស្វែងរក ម្ចាស់របស់វា ដែលគេស្គាល់ថា ជាបុរសជាតិជប៉ុន​មួយរូប និងដែលបានបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវ មួយនេះឡើង។ បុរសជាតិជប៉ុនរូបនោះ មិនមានវត្តមាន នៅនឹងកន្លែងកើតហេតុទេ។

នាយនគរបាលតំបន់ បានថ្លែងឡើងថា៖

«យើងចង់ដឹងថា តើគាត់មានការអនុញ្ញាត ឲ្យចិញ្ចឹមសត្វក្រពើ និងសត្វសាហាវក្នុងទឹក ផ្សេងទៀតឬទេ។ បើគាត់មិនមាន ការអនុញ្ញាតទេ យើងនឹងចាប់ខ្លួនគាត់។»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។