កម្រមាន

ឆ្កែ​មួយក្បាល​សង្គ្រោះ​ទារក ដែលត្រូវម្ដាយ​យកទៅ​«កប់ចោល»​ទាំងរស់

សុនខមួយក្បាលឈ្មោះ «Ping Pong» បានជួយសង្គ្រោះទារកក្រហមរងាលម្នាក់ ដែលត្រូវបានម្ដាយរបស់ខ្លួន​យកទៅ«កប់ចោល» ទាំងនៅមានដង្ហើមដក កណ្តាលចំការមួយកន្លែង ស្ថិតនៅភាគខាងជើង នៃប្រទេសថៃ។

នគរបាលក្នុងស្រុក បានអះអាងពីដំណឹងនេះ ដោយសង្កត់ធ្ងន់បន្ថែមថា ម្ដាយទារកដែលជាស្ត្រី វ័យជំទង់ប្រមាណជា១៥ឆ្នាំ ត្រូវបានជាប់សង្ស័យ ពីបទមនុស្សឃាត។

រឿងរ៉ាវបានកើតឡើង ក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី១៥ ខែឧសភាកន្លងមកនេះ ក្នុងឃុំ «Chumpuang» នៃខេត្តនគររាជសីមា។

សារព័ត៌មានក្នុងប្រទេសថៃ បានឲ្យដឹងថា ដំបូងឡើយ «Ping Pong» ដែលដើរបានត្រឹមតែជើង៣ បានកាយដីផង និងព្រូសផង ដើម្បីផ្តល់សញ្ញាដល់ម្ចាស់វា ដែលជាអ្នកយាមចំការនោះ។

នាយនគរបាលតំបន់ ត្រូវបានស្រង់សំដីមកបញ្ជាក់ថា៖

«បើតាមការស៊ើបអង្កេតបឋម សុនខទំនងជាបានរកឃើញទារក មិនយូរប៉ុន្មានបន្ទាប់ពីម្ដាយទារក បានកប់កូនខ្លួនឯងរួច។»

មន្ត្រីនគរបាលបញ្ជាក់ទៀតថា បន្ទាប់ពីត្រូវបានជួយសង្គ្រោះ នៅខណៈនេះ ទារកកំសត់កំពុងស្ថិតក្រោមការបីបាច់ នៅឯមន្ទីរពេទ្យ និងមានសុខភាពល្អប្រសើរធម្មតា។

រីម្ដាយទារកដែលស្ថិតក្នុងវ័យជំទង់ បានរងការចោទប្រកាន់ ពីបទមនុស្សឃាត និងបោះបង់កូនខ្លួន។ អាជ្ញាធរបានសង្ស័យថា យុវមាតារូបនេះចង់លាងខ្លួន ព្រោះភ័យខ្លាចឪពុកម្ដាយស្ដីបន្ទោស។

នាយនគរបាល បានបញ្ជាក់បន្ថែមថា៖

«អញ្ចឹង នៅក្រោយពេលសម្រាលកូន តែម្នាក់ឯងរួច នាងបានយកកូននោះ ទៅកប់ចោលក្នុងដី។»

ការជួយសង្គ្រោះទារក ពីសំណាក់សុនខ «Ping Pong» ទទួលបានការកោតសរសើក្រៃលែង ពីបណ្ដាជនថៃ។ នៅតាមបណ្ដាញសង្គម សន្ធឹកនៃការបង្ហោះសារ រូបភាព និងវីដេអូអំពី «Ping Pong» បានផ្ទុះឡើង ជាពិសេសសារដែលមានអត្ថន័យថា «សុនខជាមិត្តដ៏ល្អ របស់មនុស្ស»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។