កម្រមាន

ស្ត្រីអ្នកបើករថយន្ដក្រុង សង្គ្រោះ​​ទារិកាតូច​មួយ ដែល​រត់​​ម្នាក់ឯង​​តាមផ្លូវ

កាយវិការ ដែលបង្កការរំជួលចិត្ត! នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៨ ស្ត្រីអ្នកបើករថយន្ដក្រុង ម្នាក់ នៃក្រុង «Milwaukee» រដ្ឋ«Wisconsin» ភាគខាងជើងសហរដ្ឋអាមេរិក បានប្រកបការងាររបស់អ្នកស្រី ដូចធម្មតា។

តែរំពេចនោះ ទិដ្ឋភាពដ៏កម្រមួយ បានកើតឡើងនៅចំពោះអ្នកស្រី និងនៅលើដងផ្លូវ ដែលអ្នកស្រីស្គាល់ច្បាស់ ដូចបាតដៃ។ គឺទារិកាអាយុជាងមួយឆ្នាំម្នាក់ ដែលគ្មានខោអាវពាក់ត្រឹមត្រូវ កំពុងរត់នៅលើចិញ្ចើមថ្នល់ ជាមួយនឹងសីតណ្ហភាពដ៏ត្រជាក់ នៃសិសិររដូវ។

នេះ ជាការរៀបរាប់ឡើង របស់អ្នកស្រី «Irena Ivic» ប្រាប់សារព័ត៌មានក្នុងស្រុក ដោយបញ្ជាក់ថា ទិដ្ឋភាពបែបនេះ មិនអាចឲ្យអ្នកស្រី មើលនឹងភ្នែក ដោយមិនខ្វល់ខ្វាយនោះឡើយ។

អ្នកស្រីបានបញ្ឈប់រថយន្ដក្រុង ហើយបានចុះ រត់ទៅចាប់​បីទារិកា មកដាក់ក្នុងដៃ មុននឹងចូលមកក្នុងរថយន្ដវិញ។ ក្នុងពេលរង់ចាំ ការមកដល់​នៃក្រុមអ្នកជួយសង្គ្រោះ និងនគរបាល មនុស្សមួយចំនួន​នៅក្នុងរថយន្ដក្រុង ក៏បានចូលរួមដុតដៃដុតជើង ដើម្បីផ្ដល់ភាពកក់ក្ដៅ ដល់ទារិកាដែរ រហូតធ្វើឲ្យនាងតូចលង់លក់ នៅក្នុងដៃរបស់អ្នកស្រី «Irena Ivic»។ 

នគរបាលបានរកឃើញឪពុករបស់ទារិកា នៅពេលក្រោយមក និងបានដឹងថា ម្ដាយរបស់នាង មានអាការៈមិនគ្រប់សតិ។ ឪពុកទារិការបានឲ្យអាជ្ញាធរដឹងថា ភរិយាខ្លួនទំនងជាបានភ្លេច កូនស្រីតូចរបស់ខ្លួន នៅក្នុងព្រះវិហារកាតូលិក ស្ថិតក្បែរកន្លែងកើតហេតុ។

រូបភាពទាំងស្រុង នៃវីរភាពរបស់អ្នកស្រី «Irena Ivic» ទើបនឹងត្រូវបានស្ថាប័ន​គ្រប់គ្រងរថយន្ដក្រុង នៃក្រុង «Milwaukee» យកមកបង្ហោះជាសាធារណៈ នៅថ្ងៃ១០ ខែមករា ឆ្នាំ២០១៩។ តែរូបភាពទាំងនេះ បានរំលឹកអ្នកផងថា អំពើល្អ និងការជួយយកអសារ ពិតជាមានគុណតម្លៃរបស់វា ជាពិសេសដូចយ៉ាងកាយវិការ របស់អ្នកស្រីអ្នកបើករថយន្ដក្រុងម្នាក់នេះជាដើម៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: Child