កម្រមាន

ថតវីដេអូ​«បង្អួតពីឧក្រិដ្ឋកម្មខ្លួន» យុវជន​ម្នាក់នេះ​ត្រូវជាប់គុក​១៧ឆ្នាំ

រឿងរ៉ាវកើតឡើង តាំងពីខែមិថុនា ឆ្នាំកន្លងទៅ ក្នុងឧទ្យាន «Finchley Park» នៃរាជធានីឡុងដ៍ ចក្រភពអង់គ្លេស។ យុវជនម្នាក់នេះ ដែលមានអាយុទើបចូល១៨ឆ្នាំ បាន​«បង្អួតពីឧក្រិដ្ឋកម្មខ្លួន»​តាមរយៈវីដេអូមួយ ដែលថតដោយមិត្តរបស់ខ្លួន។ ក្នុងវីដេអូ គេឃើញយុវជនបង្ហាញបាតដៃប្រឡាក់ឈាម និងនិយាយឡើង ហាក់គ្មានវិប្បដិសារីអ្វីណាសោះឡើយ។

នៅមុននោះ យុវជនរូបនេះ ដែលមានឈ្មោះ «Leary Dalton-Byrne» បានចូលទៅសុំភ្លើងដុតបារី ពីបុរសម្នាក់ឈ្មោះ «Dean Ward» អាយុជាង៤០ឆ្នាំ។ រំពេចនោះ ជម្លោះមួយរវាងអ្នកទាំងពីរ បានកើតឡើង ហើយយុវជនពេញវ័យ បានចាក់បុរស ប្រមាណជាង១០កាំបិត។

ដោយរងរបួសធ្ងន់ធ្ងរ បុរស «Dean Ward» បានទទួលអនិច្ចកម្ម ក្នុងពេលក្រោយបន្តិចមក នៅឯមន្ទីរពេទ្យ។

វីដេអូដែលថតពីយុវជន​នៅក្រោយ​ពេលកើតហេតុ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម និងបង្កឲ្យផ្ទុះការក្ដៅក្រហាយឡើង ពីសំណាក់​បណ្ដាជន​អង់គ្លេស។ ជាពិសេស យុវជន «Leary Dalton-Byrne» បានទាំងនិយាយនៅក្នុងវីដេអូនេះ ថាខ្លួនទើបនឹងធ្វើទង្វើឧក្រិដ្ឋនោះហើយ។

ក្នុងសប្ដាហ៍កន្លងមកនេះ យុវជនអាយុ១៨ឆ្នាំ ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ១៧ឆ្នាំ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។

Tags: Murder