បារាំង៖ ទារកតូចមួយ ដែលទើបនឹងកើត ត្រូវបានរកឃើញស្លាប់ នៅក្នុងសួនច្បារ នៃសង្កាត់មួយ ក្នុងក្រុង «Martinet» ដែលស្ថិតក្នុងតំបន់ «Gard» ភាគខាងត្បូង ប្រទេសបារាំង។
សារព័ត៌មានប្រចាំតំបន់ «Midi Libre» បានអះអាងថា បើតាមភស្ដុតាង ដែលទទួលបាន ក្នុងការស៊ើបអង្កេត ជំហានដំបូង គឺទារកក្រហមរងាលនោះ ជាកូនរបស់យុវតីជំទង់ម្នាក់ អាយុ១៦ឆ្នាំ ដែលរស់នៅផ្ទះខាងលើ។
សាក្សីច្រើននាក់ ត្រូវបានស្រង់សំដី ដោយរដ្ឋអាជ្ញាបារាំងប្រចាំតំបន់ យកមកអះអាងថា កាលពីប៉ុន្មានម៉ោងមុន យុវតីជំទង់រូបនោះ បាន «ឆ្លងទន្លេ» ហើយទំនងជា បានគ្រវាត់កូនតូចរបស់ខ្លួន ដែលទើបនឹងកើត ចេញតាមបង្អួច។
អ្នកជិតខាង ដែលរស់នៅជាន់ផ្ទាល់ដី បានឃើញទារកនោះមុនគេ ហើយបានយកកំណាត់ ទៅរំខ្លួនឲ្យវា មុននឹងរាយការណ៍ ប្រាប់ទៅអាជ្ញាធរ។
នគរបាលតំបន់ បានបើកសំណុំរឿងមួយឡើង ដើម្បីអង្កេតមើលថា តើទារកតូចមួយនេះ បានស្លាប់ នៅពេលចេញពីផ្ទៃ ឬនៅពេលធ្លាក់ ពីខាងលើមក។
ទូរទស្សន៍បារាំង «France 3» បានរាយការណ៍បន្ថែមថា យុវតីជាម្ដាយ ដែលរងវិបត្តិ ទាំងផ្លូវចិត្ត និងផ្លូវកាយ កំពុងសម្រាក់ព្យាបាល នៅឯមន្ទីរពេទ្យ។
រីឯសពទារកវិញ នឹងត្រូវក្រុមគ្រូពេទ្យជំនាញ ធ្វើកោសល្យវិច័យ នៅថ្ងៃចន្ទ ទី១៨ ខែឧសភានេះ៕