អាស៊ី-ប៉ាស៊ីភិក

ហេតុអ្វី​ជំនួបទី២ ត្រាំ-គីម មិនទទួលបាន​«កិច្ចព្រមព្រៀងអ្វីសោះ»

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា ជំនួបរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong Un) មិនទទួលបានលទ្ធផល ជា«កិច្ចព្រមព្រៀងអ្វីសោះ»ឡើយ ដោយសារលោកមិនបានគ្រោងដកចេញ នូវទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងឡើយ។

តែលោកបានបញ្ជាក់ថា ក្រុងព្យុងយ៉ាង នឹងមិនសាកល្បងគ្រាប់បែកនុយក្លែអ៊ែរទៀតទេ។ លោក ត្រាំ បានមានប្រសាសន៍ នៅក្រោយជំនួបពីរថ្ងៃ ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាមថា៖

«ពួកគេ (មេដឹកនាំកូរ៉េខាងជើង) គ្មានគម្រោងរំសាយអាវុធនុយក្លេអ៊ែរទេ (…) តែយើងក៏មិនអាចលើកលែង នូវទណ្ឌកម្មទាំងអស់នោះដែរ។»

មេដឹកនាំទាំងពីរបានចាកចេញ តាមក្បួររថយន្ដតែរៀងៗខ្លួន ពីទីកន្លែងជំនួប ដោយមិនបានចូលរួមក្នុង «ពិធីចុះហត្ថលេខាជាសាធារណៈ ទៅលើកិច្ចព្រមព្រៀងរួម» ដែលត្រូវបានគ្រោងទុករួច នៅក្នុងពិធីការនោះទេ។

ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា លោកមិនជាប្រញាប់ប្រញាលណាស់ណាទេ តែលោកសុខចិត្តរង់ចាំឱកាស ដើម្បីឲ្យមាន«កិច្ចព្រមព្រៀងដ៏ល្អមួយ» ទៅលើសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។

សម្រាប់លោក គីម ជុងអ៊ុន វិញ បានថ្លែងប្រាប់ ទៅអ្នកយកព័ត៌មានមួយរូបថា បើលោកមិនត្រៀមរំសាយអាវុធនុយក្លេអ៊ែរចេញទេនោះ លោកនឹងមិនមករដ្ឋធានី ហាណូយ ដើម្បីជួបជាមួយលោក ដូណាល់ ត្រាំ នោះឡើយ។

ប៉ុន្តែរឿងដែលសំខាន់ គឺអត្ថន័យនៃការរំសាយអាវុធនុយក្លេអ៊ែរចេញចោលនោះ ត្រូវបានមេដឹកនាំទាំងពីរយល់ផ្សេងគ្នា ជាពិសេសនៅពេលនិយាយដល់ ពីវិធានការលំអិតចាំបាច់ ដែលឈានទៅដល់ការរំសាយនោះ។

ក្នុងជំនួបទីមួយ នាប្រទេសសិង្ហបូរី កាលពីខែមិថុនាឆ្នាំកន្លងទៅ មេដឹកនាំទាំងពីរបានចារទុក ក្នុងទំព័រប្រវត្តិសាស្ត្រមួយ ហើយក៏បានចុះហត្ថលេខា ទៅលើសេចក្ដីប្រកាសរួមមួយដែរ តែមិនមានលំអិត ទៅលើវិធានការជាក់ស្ដែងអ្វីទេ។

៨ខែក្រោយមក វាគួរតែសមល្មមហើយ ដើម្បីជជែកពីជំហានបោះទៅមុខ ដែលមានលក្ខណៈច្បាស់លាស់ ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ ដោយមិនគ្រាន់តែនិយាយ ឲ្យល្អមើលនៅខាងក្រៅនោះឡើយ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។