អាស៊ី-ប៉ាស៊ីភិក

អាមេរិកចោទ​យោធាភូមា ពីបទ​«ប្រល័យ​ពូជសាសន៍»​ជនជាតិរ៉ូហ៊ីងយ៉ា

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក បានអះអាង​ក្នុងថ្ងៃអាទិត្យនេះថា យោធាភូមាបានប្រពឹត្តឧក្រិដ្ឋកម្ម«ប្រល័យ​ពូជសាសន៍» និងឧក្រិដ្ឋកម្ម«ប្រឆាំងមនុស្សជាតិ»ធ្ងន់ធ្ងរ ប្រឆាំងបណ្ដាជនភាគតិច រ៉ូហ៊ីងយ៉ា ដែលរស់នៅក្នុងខេត្តមួយ ស្ថិតនៅភាគខាងលិចប្រទេស។ សំណុំរឿងឧក្រិដ្ឋកម្មនេះ ត្រូវបានដាក់ឡើង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅក្រុងឡាអេ (ប្រទេសហូឡង់)។

បណ្ដាជនភាគតិចរ៉ូហ៊ីងយ៉ា រាប់ម៉ឺនសែននាក់ បានភៀសខ្លួនចេញពីប្រទេសភូមា ចាប់ពីឆ្នាំ២០១៧មក បន្ទាប់ពីពួកគេបានរងគ្រោះ ជាបន្តបន្ទាប់នូវការបង្ក្រាបយ៉ាងរង្គាល ពីសំណាក់កងកម្លាំងយោធា នៃប្រទេសនេះ។

របាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា គ្រាន់តែនៅក្នុង​ប្រទេសបង់ក្លាដេសមួយ បណ្ដាជនរ៉ូហ៊ីងយ៉ាមានចំនួន ដល់ទៅជាង​៨៥ម៉ឺននាក់ បានភៀសខ្លួន ទៅកាន់ជំរុំជនភៀសខ្លួន​នៅទីនោះ ខណៈជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណជាង៦០​ម៉ឺននាក់ទៀត កំពុងនៅជាប់គាំងក្នុងរដ្ឋ «Rakhine» ដែលកំពុងរងការគាបសង្កត់យ៉ាងខ្លាំង ពីយោធាភូមា។

ថ្លែងក្នុងការតាំងពិព័ណ៌ «វិថីរបស់ភូមា ឆ្ពោះទៅរកឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍» ក្នុងសារមន្ទីរ «Holocaust Memorial» (រដ្ឋធានីវ៉ាស៊ីនតោន) នៅថ្ងៃអាទិត្យទី​២១ ខែមីនា រដ្ឋមន្រ្តីការបរទេសអាមេរិក​ លោក អាន់តូនី ប្លិងខិន (Antony Blinken) បានប្រកាសថា យោធាភូមា​បានប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​«ប្រល័យ​ពូជសាសន៍» និងឧក្រិដ្ឋកម្ម«ប្រឆាំងមនុស្សជាតិ» ប្រឆាំងនឹង​ជនជាតិរ៉ូហ៊ីងយ៉ា ហើយចេតនាពិត​របស់យោធាភូមា គឺហួសពីការបណ្ដេញ​ជនជាតិភាគតិច​ តែជាការព្យាយាម​កម្ទេចជាតិសាសន៍​រ៉ូហ៊ីងយ៉ា ចោលតែម្តង។ 

លោក ប្លិងខិន ថ្លែងនៅក្នុងសុន្ទរកថារបស់លោកថា៖

«ការបង្ក្រាបទៅលើជនជាតិរ៉ូហ៊ីងយ៉ា បានរីករាលដាល និងមានលក្ខណៈជាប្រព័ន្ធ។ នេះជាចំណុចសំខាន់ សម្រាប់ការកំណត់ អំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។»

របាយការណ៍មួយ ដែលចេញផ្សាយក្នុងឆ្នាំ២០១៨ ដោយក្រសួងបរទេសអាមេរិក និងដែលដកស្រង់ដោយបណ្ដាញទូរទស្សន៍ «CNN» បានបង្ហាញពីអំពើហិង្សា ប្រឆាំងនឹងជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ដែលរបាយការណ៍បញ្ជាក់ថា មានលក្ខណៈ‍«ហួសនិស្ស័យ» «ជាប្រព័ន្ធ» និងមាន«ទិសដៅ ក្នុងការបំបាក់ស្មារតី ក៏ដូចជាទិសដៅ នៃការប្រមាញ់បណ្ដាជន រ៉ូហ៊ីងយ៉ា» ឲ្យផុតពូជសាសន៍។ 

ប្រសិនជា​ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ត្រូវបានរកឃើញ ដោយតុលាការ«ICJ» ដែលជាស្ថាប័នយុត្តិធម៌ដ៏សំខាន់ របស់អង្គការសហប្រជាជាតិនោះ ប្រទេសភូមាអាចនឹងរងទណ្ឌកម្មធ្ងន់ធ្ងរផ្សេងទៀត បន្ថែមពីលើទណ្ឌកម្ម ដែលប្រទេសភូមាទទួលបាន មកទល់នឹងពេលនេះ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។