អាស៊ី-ប៉ាស៊ីភិក

រដ្ឋប្រហារយោធា​នៅភូមា៖ អាមេរិក អូស្ត្រាលី និង អ.ស.ប បញ្ចេញប្រតិកម្ម

សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងអគ្គលេខាធិការ នៃអង្គការសហប្រជាតិ បាន«បញ្ចេញប្រតិកម្ម»ភ្លាមៗ នៅចំពោះរដ្ឋប្រហារ នៅក្នុងប្រទេសភូមា ដែលរៀបចំឡើង​ដោយក្រុមមេដឹកនាំ​យោធា ដ៏មានអំណាច ក្នុងព្រឹកថ្ងៃចន្ទ​ទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សហរដ្ឋអាមេរិក តាមរយៈអ្នកនាំពាក្យសេតវិមាន អ្នកស្រី ជែន ព្សាគី (Jen Psaki) ថែមទាំងបានព្រមានថា នឹងចាត់វិធានការ​ប្រឆាំង​នឹងអ្នកទទួលខុសត្រូវ ក្នុងរដ្ឋប្រហារ។

អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំគណបក្សសម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ (LND) ដែលបានឈ្នះ​ការបោះឆ្នោត​ជាថ្មី រួមមនឹងលោក វីន មីអ៊ីន (Win Myint) ប្រធានាធិបតីភូមា ដែលចេញពីគណបក្សនេះ ត្រូវបានឃាត់ខ្លួន ក្នុងរដ្ឋធានី «Naypyidaw» តាំងពី​ព្រឹកព្រហាម​ថ្ងៃចន្ទ។​ នេះ បើតាមអ្នកនាំពាក្យរបស់គណបក្ស លោក «Myo Nyunt» ដែលត្រូវបានស្រង់សំដី ដោយ​ទីភ្នាក់ងារ​ព័ត៌មានបារាំង «AFP»។

ក្រុមអ្នកតាមដានស្ថានការណ៍ ក្នុងប្រទេសភូមា បានរំពឹងទុក តាំងពីច្រើនថ្ងៃហើយ អំពីរដ្ឋប្រហារមួយ ដែលរៀបចំឡើង​​ដោយក្រុម​មេដឹកនាំ​យោធា បន្ទាប់ពីក្រុមដ៏មានអំណាចនេះ បានចោទគណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ភូមា ថាមិនបានដោះស្រាយ​ភាពមិនប្រក្រតី «ដ៏សម្បើម» ដែលបានកើតឡើង ជុំវិញការបោះឆ្នោត។

តាមរយៈកញ្ចក់​ទូរទស្សន៍ «NAME» ដែលជាប្រព័ន្ធឃោសនា​របស់ខ្លួន ក្រុមមេដឹកនាំយោធា​​បានប្រកាស ដាក់ប្រទេសភូមា ឲ្យស្ថិតក្នុង​«ភាពអាសន្ដ» សម្រាប់រយៈពេល១ឆ្នាំ និងបានតែងតាំង​ឧត្ដមសេនីយ៍ម្នាក់ ដែលជាមេបញ្ជាការកងទ័ព ឲ្យឡើងធ្វើជា​ប្រធានាធិបតី​ស្ដីទី។ ក្រុមយោធា បានអះអាង​ទៀតថា ការសម្រេចរបស់ខ្លួន មានសារៈសំខាន់ណាស់ ដើម្បី​«ថែរក្សាស្ថិរភាព»​របស់ប្រទេស។

រដ្ឋប្រហារបានផ្ទុះឡើង ខណៈរដ្ឋសភា​នៃប្រទេសភូមា ត្រូវបើកនីតិកាលថ្មី ក្នុងព្រឹកថ្ងៃចន្ទនេះ ដែលអសនៈ​ភាគច្រើន​លើសលប់ ត្រូវបានឈ្នះ ដោយគណបក្ស​របស់អ្នកស្រី អ៊ុងសាន ស៊ូជី។

បណ្ដាញអ៊ិនធើណែត និងប្រព័ន្ធទូរគមនាគមទាំងឡាយ នៅលើផ្ទៃប្រទេស បានជួបនូវភាពរអាក់រអួល។ នេះ បើតាមការអះអាង របស់អង្គការ «Netblocks» ដែលមានជំនាញ​ក្នុងការឃ្លាំមើលសេរីភាព តាមបណ្ដាញអ៊ីនធើណែត។

ក្រុម​អ្នកសារព័ត៌មា​នអន្តរជាតិ នៅក្នុងប្រទេសភូមា បានអះអាងថា ក្រុមយោធា​បានចូលទៅកាន់កាប់​សាលាក្រុង​រ៉ង់ហ្គោន ដែលជាក្រុង​សេដ្ឋកិច្ច ដ៏សំខាន់​របស់ប្រទេស ហើយច្រកផ្លូវ​ទៅកាន់​​ព្រលានយន្ដហោះ នៃក្រុងនេះ ត្រូវបានរារាំង។

នៅចំពោះព្រឹត្តិការណ៍ខាងលើ សហរដ្ឋអាមេរិក តាមរយៈអ្នកនាំពាក្យសេតវិមាន អ្នកស្រី ជែន ព្សាគី បានថ្លែងឲ្យដឹងថា៖

«សហរដ្ឋអាមេរិក ជំទាស់យ៉ាងដាច់អហង្កា ចំពោះការប៉ុនប៉ងប្ដូរលទ្ធផល នៃការបោះឆ្នោត ដែលត្រូវបានធ្វើឡើង កាលពីពេលថ្មីៗ។ ហើយសហរដ្ឋអាមេរិក នឹងចាត់វិធានការ ប្រឆាំងនឹងអ្នកទទួលខុសត្រូវទាំងឡាយ (នៃរដ្ឋប្រហារ)។»

ប្រទេសអូស្ត្រាលី តាមរយៈរដ្ឋមន្ត្រីការបរទេស អ្នកស្រី ម៉ារីស ផេន (Marise Payne) បានបញ្ជាក់ថា៖

«យើងអំពាវនាវ ទៅក្រុមយោធា (នៃប្រទេសភូមា) ឲ្យងាកមក​គោរពនីតិរដ្ឋ និងដោះស្រាយការខ្វែងគំនិតគ្នា ដោយប្រើយន្ដការស្របច្បាប់ ហើយយើងទាមទារ​​ឲ្យដោះលែង​ជាបន្ទាន់ នូវក្រុមមេដឹកនាំស៊ីវិល និងអ្នកទទួលខុសត្រូវដទៃទៀត ដែលត្រូវបានឃុំខ្លួន ដោយខុសច្បាប់។»

សម្រាប់លោក អង់តូនីញ៉ូ ហ្គូតែរ៉េស (Antonio Guterres) អគ្គលេខាធិការ អ.ស.ប បាន«ថ្កោលទោស យ៉ាងដាច់អហង្ការ» ចំពោះ​ការឃាត់ខ្លួន​អ្នកស្រី អ៊ុងសាន ស៊ូជី។ លោកបន្ថែមថា៖

«ការវិវត្តន៍ថ្មីៗចុងក្រោយ ដែលរួមមាន ការប្រកាសផ្ទេរអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ទៅឲ្យក្រុមយោធា នឹងបង្កឲ្យមាន​ផលប៉ះពាល់ធ្ងន់ធ្ងរ ដល់កំណែរទម្រង់​ប្រជាធិបតេយ្យ នៅក្នុងប្រទេស​ភូមា។»

ក្នុងឆ្នាំ២០១១ (១០ឆ្នាំកន្លងទៅ) ប្រទេសភូមាបានងើបចេញ ពីរបបដឹកនាំយោធា ដែលបានកាន់កាប់ប្រទេស ក្នុងរយៈពេល​ជិតកន្លះ​សតវត្សរ៍ តាមរយៈរដ្ឋប្រហារ​ចំនួនពីរដង (ក្នុងឆ្នាំ១៩៦២ និងឆ្នាំ១៩៨៨) រាប់ចាប់តាំងពីឆ្នាំ ១៩៤៩ ដែលប្រទេសនេះ បានទទួល​ឯករាជ្យ​នោះមក៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។