អាស៊ី-ប៉ាស៊ីភិក

ព្រុយណេ ៖ ស្រឡាញ់​ភេទ​​ដូចគ្នាត្រូវ​ប្រហារជីវិត​ដោយ​គុបដុំថ្ម រង​ប្រតិកម្ម

នៅប្រទេស ព្រុយណេ ការស្រឡាញ់ភេទដូចគ្នា និងអំពើផិតក្បត់ នឹងត្រូវផ្ដន្ទាទោស ដោយប្រហារជីវិត ដោយគុបដុំថ្ម។ ជាការផ្ដន្ទាទោសដ៏ធ្ងន់ធ្ងរបំផុត តាមបែបសាសនាឥស្លាម និងទទួលបានការរិះគន់ យ៉ាងខ្លាំងក្លាមកវិញ ពីក្រុមអ្នកការពារសិទ្ធិមនុស្ស រួមនឹងបណ្ដាជនសំខាន់ៗជាច្រើនផ្សេងទៀត នៅលើពិភពលោក។

ប៉ុន្តែច្បាប់ថ្មីដែលដាក់ចេញ ដោយព្រះចៅស៊ុលតង់ «Hassanal Bolkiah» នៃរាជាណាចក្រព្រុយណេ ដែលទើបនឹង​ចូលជាធរមាន ក្នុងថ្ងៃពុធម្សិលម៉ិញ មិនត្រឹមទទួលបានការរិះគន់ប៉ុណ្ណោះទេ។ ក្រុមមន្ត្រីជាន់ខ្ពស់ នៃក្រុង ឡូសអេនជឺឡេស (ភាគខាងលិចអាមេរិក) រួមនឹងតារាលំដាប់ពិភពលោកជាច្រើននាក់ បានអំពាវនាវឲ្យធ្វើពហិការ ចំពោះរាល់ផលប្រយោជន៍ទាំងឡាយ របស់ព្រះចៅស៊ុលតង់នៅបរទេស។

ផលប្រយោជន៍ ដែលសំខាន់ជាងគេ គឺសណ្ឋាគារដ៏ប្រណិតចំនួនពីរ នៅហូលីវូដ (ក្នុងរដ្ឋកាលីហ្វ័រនី) ឈ្មោះ សណ្ឋាគារ​ «Bel-Air» និងសណ្ឋាគារ «Beverly Hills» ដែលសម្បូរដោយក្រុមមន្ត្រីគ្រាក់ៗ ក្រុមតារា និងអ្នកជំនួញធំៗ តែងចូលទៅស្នាក់នៅ។

លោក «Ron Galperin» អ្នកទទួលខុសត្រូវមួយរូប នៃក្រុងឡូសអេនជឺឡេស បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖

«ក្នុងនាមជាអ្នកទទួលខុសត្រូវម្នាក់ ដែលទទួលការជ្រើសតាំងពីពលរដ្ឋ ខ្ញុំជំនួសមុខឲ្យបណ្ដាពលរដ្ឋ អ្នករស់នៅក្នុងក្រុង ឡូសអេនជឺឡេស មកពីគ្រប់និន្នាការទាំងអស់ ហើយខ្ញុំសូមអំពាវនាវ ឲ្យធ្វើពហិការសណ្ឋាគារទាំងឡាយ ដែលជាកម្មសិទ្ធិរបស់ព្រះញាតិវង្ស នៃប្រទេសព្រុយណេ។»

លោកបន្តថា៖

«ខ្ញុំនឹងមិនឈានជើង ជារៀងរហូតទៅ សូម្បីមួយជំហានឡើយ ទៅក្នុងសណ្ឋាគារទាំងនេះ ដែលជាកម្មសិទ្ធិរបស់របបដឹកនាំមួយ ដែលចង់សម្លាប់អ្នកស្រឡាញ់ភេទដូចគ្នា។»

«បើទោះជាខ្ញុំក្ដុកក្ដួល ចំពោះបុគ្គលិកច្រើននាក់ នៅក្នុងសណ្ឋាគារទាំងនេះ ដែលគ្នាខំប្រឹងធ្វើការយ៉ាងពិបាកក្ដី តែគ្មាននរណាម្នាក់ ត្រូវគាំទ្រ​ឬចូលរួម ក្នុងព្រឹត្តិការណ៍ដែលបង្កគ្រោះថ្នាក់ សម្រាប់អាយុជីវិតមនុស្ស​ដូច្នេះទេ។»

ទីប្រឹក្សាសាលាក្រុង ឡូសអេនជឺឡេស លោក «Paul Koretz» ក៏បង្ហាញការគាំទ្រ ចំពោះការធ្វើពហិការខាងលើដែរ បើទោះការធ្វើពហិការនេះ «ប៉ះពាល់ដល់ភាពល្បីល្បាញ និងប្រវត្តិដ៏រំជួលចិត្ត» នៃសណ្ឋាគារទាំងនេះ ក៏ដោយ។

ខណៈអ្នកស្រី «Karina Samala» ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមអ្នកប្ដូរភេទរបស់ក្រុង បានគូសបញ្ជាក់ថា៖

«ក្រុង ឡូសអេនជឺឡេស សហរដ្ឋអាមេរិក និងពិភពលោកទាំងមូល គួរដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងប្រទេសព្រុយណេ ចំពោះការវិលត្រឡប់ ទៅកាន់សម័យកាលបូរេប្រវត្តិ ទាក់ទងនឹងសិទ្ធិ នៃបណ្ដាជនស្រឡាញ់ភេទដូចគ្នា។»

ការអំពាវនាវ ឲ្យធ្វើពហិការសណ្ឋាគារទាំងនេះ ក៏ត្រូវបានធ្វើឡើង ដោយកំពូលអ្នកចម្រៀង «Elton John» ដ៏ល្បីឈ្មោះ របស់ចក្រភពអង់គ្លេស និងកំពូលតារាសំដែង លោក «George Clooney» ដ៏មានឥទ្ធិពល របស់ពិភពហូលីវូដផងដែរ។

ប្រទេស ព្រុយណេ បានចាប់ផ្ដើមដាក់បញ្ចូល ទំនៀមទម្លាប់បែបឥស្លាមប្រកាន់តឹង ចូលទៅក្នុងប្រព័ន្ធច្បាប់របស់ខ្លួន តាំងពីឆ្នាំ២០១៣ តែបានពន្យាពេល នៃការអនុវត្តន៍ច្បាប់ទាំងនេះ រហូតមកដល់ថ្ងៃនេះ ដោយហេតុមានការជំទាស់ខ្លាំងក្លា ពីក្រុមអ្នកការពារសិទ្ធិមនុស្ស នៅជុំវិញពិភពលោក។

ព្រះចៅ «Hassanal Bolkiah» បានដឹកនាំរាជណាចក្រ ព្រុយណេ តាមរបប «រាជានិយមផ្ដាច់ការ» ចាប់តាំងពីទ្រង់បានឡើងគ្រងរាជ្យ ក្នុងឆ្នាំ១៩៦៧​នោះ​មក។ នៅចំពោះប្រជារាស្ត្រព្រុយណេ ប្រមាណជាង ៤៣០ ០០០នាក់ ព្រះរាជាបានមានបន្ទូល កាលពីពេលថ្មីៗ ចេញពីព្រះបរមរាជវាំងថា៖

«ខ្ញុំចង់ឃើញ ការសិក្សារៀនសូត្រ ពីសាសនាឥស្លាម នៅក្នុងប្រទេសនេះ ត្រូវបានពង្រឹង។»

ច្បាប់ដ៏តឹងរ៉ឹងនោះ ក៏បានពិន័យ ដោយកាត់ដៃម្ខាង ឬកាត់ជើងម្ខាង ចំពោះជនល្មើស​ណា ដែលត្រូវបានរកឃើញ ថាជា«ចោរ»ដែរ។ ហើយច្បាប់នេះ បានធ្វើឲ្យព្រុយណេ ក្លាយជាប្រទេសដំបូងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត ដែលអនុវត្ត​ទំនៀមទម្លាប់​ឥស្លាម​ប្រកាន់តឹង នៅក្នុងក្រមព្រហ្មទណ្ឌរបស់ខ្លួន។

បើធៀបមកពិភពលោកទាំងមូល ច្បាប់របៀបនេះ ត្រូវបានអនុវត្តន៍ក្នុងពេលកន្លងមក តែនៅក្នុងប្រទេស អារ៉ាប៊ីសាអ៊ូឌីត មួយប៉ុណ្ណោះ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។