អាស៊ី-ប៉ាស៊ីភិក

បោះឆ្នោតជាតិថៃ៖ «ជ័យជំនះ»​ដ៏ភ្ញាក់ផ្អើល​ នៃគណបក្ស​ស្និតយោធា

ប្រាំឆ្នាំក្រោយរដ្ឋប្រហារ មេដឹកនាំយោធា លោក ប្រយុទ្ធ ចន្ទអស្ចារ្យ (Prayuth Chan-ocha) ទំនងជាបានទទួលជោគជ័យ ក្នុងបេសកកម្មដ៏ពិបាកបំផុតរបស់លោក នោះគឺធ្វើឲ្យយ៉ាងណា ដើម្បីរូបលោកទទួលបាន«ជ័យជំនះ» ចេញពីសន្លឹកឆ្នោតរបស់រាស្ត្រ។

គ្មាននរណាបានគិតមកជាមុនទេ ថាគណបក្សអំណាចរដ្ឋ (Phalang Pracharat Party) ទទួលបានសម្លេងនាំមុខគេ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។

បើទោះជាលទ្ធផលនៅពេលនេះ នៅមិនទាន់ផ្លូវការក៏ដោយ តែវាបានបញ្ជាក់ហើយថា គណបក្សដែលមានទំនោរ នឹងរបបដឹកនាំ​បែបយោធា​មួយនេះ ទទួលបានសន្លឹកឆ្នោតច្រើនជាងអ្វី ដែលគេទន្ទឹងរង់ចាំពីមុនមក។

បើតាមការគណនាសន្លឹកឆ្នោត គណបក្សរបស់លោក ប្រយុទ្ធ មួយនេះ ទទួលបានអសនៈក្នុងរដ្ឋសភា ប្រមាណជា ១៣៩កៅអី។ បើបូកជាមួយអសនៈ ត្រឹមតែ១២៦កៅអី ដែលមានក្នុងព្រឹទ្ធសភានោះ លោក ប្រយុទ្ធ មានលទ្ធភាពក្នុងការរៀបចំរដ្ឋាភិបាល បានតែម្នាក់ឯង។

ប៉ុន្តែអសនៈទាំង១២៦ នៅក្នុងព្រឹទ្ធសភានោះ ជាផ្នែកមួយនៃការរិះគន់ដ៏ខ្លាំងក្លា ទៅលើរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានបង្កើតឡើង ដោយក្រុមយោធាខ្លួនឯង។ រដ្ឋធម្មនុញ្ញនោះ បានចែងថា អសនៈនៅក្នុងព្រឹទ្ធសភា ចំនួន២៥០កៅអី គឺជាការតែងតាំងឡើង ដោយយោធា។

រីឯគណបក្សជួយថៃ (Pheu Thai Party) ដែលគេស្គាល់ថា ជាគណបក្សប្រឆាំងដ៏មានប្រជាប្រិយ នៅក្នុងសង្គមស្រទាប់កណ្ដាល និងស្រទាប់ទាបថៃ ទទួលបានសម្លេងឆ្នោតបន្ទាប់។ អ្នកផងបានគិតទុកជាមុនថា គណបក្សស្និតនឹងអតីតនាយករដ្ឋមន្ត្រី ស៊ីនណាវ៉ាត្រា មួយនេះ នឹងឈ្នះការបោះឆ្នោតលើកនេះ ព្រោះក្នុងការបោះឆ្នោតកន្លងមក គណបក្សតែងទទួលបានជ័យជំនះជានិច្ច។

តាំងពីច្រើនខែមកហើយ ដែលមេដឹកនាំគណបក្សជួយថៃ បានអះអាងថា គណបក្សដែលឈ្នះឆ្នោត នឹងត្រូវជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី។ បើលទ្ធផលនៃការបោះឆ្នោតមិនមានអ្វីផ្លាស់ប្ដូរទេ នោះពាក្យសំដីរបស់មេដឹកនាំទាំងនោះ ហាក់ជាការវាយបកត្រឡប់ទៅគណបក្សខ្លួនវិញ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។