អាស៊ី-ប៉ាស៊ីភិក

តៃវ៉ាន់​អនុម័ត​ច្បាប់ អនុញ្ញាត​ឱ្យ​«អ្នក​ស្រឡាញ់​ភេទដូចគ្នា»​រៀបការ

អាពាហ៍ពិពាហ៍រវាង«អ្នក​ស្រឡាញ់​ភេទដូចគ្នា» នឹងប្រព្រឹត្តទៅដោយស្របច្បាប់ នៅលើកោះតៃវ៉ាន់ ចាប់ពីពេលនេះតទៅ បន្ទាប់ពីរដ្ឋសភាបានអនុម័តច្បាប់ថ្មីមួយ នៅថ្ងៃសុក្រនេះ។

កាលពីអំឡុងខែឧសភា ឆ្នាំ២០១៧ តុលាការធម្មនុញ្ញតៃវ៉ាន់ បានលើកឡើងពីអធម្មនុញ្ញភាព ទាក់ទងនឹងទង្វើណា ដែលហាមឃាត់អាពាហ៍ពិពាហ៍ រវាងអ្នកស្រឡាញ់ភេទដូចគ្នា។

បើទោះជាមានបាតុកម្មតវ៉ា ពីសំណាក់បណ្តាជនអភិរក្សនិយម ជាច្រើននាក់ក៏ដោយ ក៏រដ្ឋសភាតៃវ៉ាន់នៅតែសិក្សា និងពិភាក្សា ទៅលើសេចក្តីព្រាងច្បាប់ចំនួន៣ ក្នុងនោះមានសេចក្តីព្រាងច្បាប់ របស់រដ្ឋាភិបាលអ្នកស្រីប្រធានាធិបតី សាយ អ៊ីងវេន (Tsai Ing-wen) ដែលត្រូវបានចាត់ទុកថា មានភាពច្បាស់លាស់ និងជាអត្ថបទតែមួយ ដែលប្រើពាក្យ «អាពាហ៍ពិពាហ៍»។

ការអនុម័តច្បាប់នេះ នឹងធ្វើឲ្យតៃវ៉ាន់ ក្លាយជាប្រទេសដំបូងគេ នៅក្នុងទ្វីបអាស៊ី ដែលអនុញ្ញាតឱ្យមានចំណងរួមជីវិត ដោយស្របច្បាប់ រវាងអ្នកមានភេទដូចគ្នា។ វាអាចជាជំហានមួយ ដើម្បីអនុញ្ញាតឲ្យបណ្តាប្រទេសផ្សេងទៀត យកគំរូតាម នាពេលខាងមុខ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។