អាស៊ី-ប៉ាស៊ីភិក

នាយករដ្ឋមន្ត្រី​ស្រីលង្កា លាលែង​ពី​តំណែង

ការតែងតាំងដ៏ចម្រូងចម្រាស ឲ្យលោក «Mahinda Rajapakse» ឡើងធ្វើជា នាយករដ្ឋមន្ត្រី​ស្រីលង្កា បានបង្កើតឲ្យមានភាពតានតឹង និងធ្វើឲ្យជាប់គាំង ផ្នែកនយោបាយ សម្រាប់ប្រទេសស្រីលង្កាទាំងមូល តាំងពី៧សប្ដាហ៍មកហើយ។

ក្នុងថ្ងៃសៅរ៍ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ លោក «Mahinda Rajapakse» អតីតប្រធានាធិបតី រវាងពីឆ្នាំ ២០០៥ មកទល់ឆ្នាំ២០១៥ ដែលល្បីថា បានរំលោភសិទ្ធិមនុស្សយ៉ាងសម្បើមនោះ បានធ្វើពិធីសាសនាមួយ នៅគេហដ្ឋានរបស់លោក ហើយបានចុះហត្ថលេខា នៅលើអនុក្រិត្យមួយ ស្ដីពីការលាលែងរបស់លោក ចេញពីតំណែង ជានាយករដ្ឋមន្ត្រី។

លោក «Mahinda Rajapakse» មិនបានធ្វើការប្រកាសភ្លាមៗ ទៅកាន់ក្រុមអ្នកសារព័ត៌មានទេ។

ការជាប់គាំងផ្នែកនយោបាយ

លោក «Mahinda Rajapakse» បានមកជំនួសលោក «Ranil Wickremesinghe» ក្នុងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ហើយចាប់ពីពេលនោះមក កោះស្រីលង្កា ដែលមានប្រជាជន ២១លាននាក់ បានជួបនឹងវិបត្តិនយោបាយ។

អតីតនាយករដ្ឋមន្ត្រី លោក «Ranil Wickremesinghe» បានចាត់ទុក​ការដកលោក​ចេញពីតំណែង មានលក្ខណៈអធម្មនុញ្ញភាព ហើយបន្តប្រើប្រាស់ឥទ្ធិពលរបស់លោក នៅក្នុងរដ្ឋាភិបាល។

ដោយហេតុថា កោះទាំងមូលគ្មានរដ្ឋាភិបាលច្បាស់លាស់ ទើបបណ្ដាលឲ្យស្ថាប័នជាច្រើន បានជាប់គាំងមិនមានដំណើរការ ជាពិសេសធ្លាក់ចូល ទៅក្នុងវិបត្តិគ្មានគម្រោងថវិកា បន្ទាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

ដោយសារតែហេតុនេះ និងដើម្បីទាញប្រទេស ចេញពីវិបត្តិ ទើបលោកប្រធានាធិបតី «Sirisena» ត្រូវបង្ខំចិត្តតែងតាំងលោក «Wickremesinghe» ជា​«នាយករដ្ឋមន្ត្រី​ស្រីលង្កា»​សារជាថ្មី បើទោះជារដ្ឋបុរសទាំងពីរ មានជំហរខុសគ្នា ទាំងផ្នែកនយោបាយ និងរឿងឯកជនក្ដី។

ជួបនិយាយគ្នាបិទទ្វា…

លោក «Ranil Wickremesinghe» នឹងត្រូវឡើងកាន់តំណែងជាថ្មី នៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីអនុញ្ញាតឲ្យបិទបញ្ចប់ នូវការប្រឈមមុខគ្នាផ្នែកនយោបាយ។

ពីមុនមក ប្រធានាធិបតីស្រីលង្កា បានបដិសេធយ៉ាងដាច់អហង្កា ថាលោកនឹងមិនតែង​តាំង​លោក «Ranil Wickremesinghe» ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីទេ ដោយចោទបុរសរូបនេះ ថាមានជាប់ពាក់ព័ន្ធ នឹងអំពើពុករលួយដ៏ធ្ងន់ធ្ងរ និងមាននយោបាយ បែបសេរីនិយម ដែលខុសពីទំនៀមទម្លាប់ របស់ប្រទេស។

ប៉ុន្តែប្រភពស្និតនឹងប្រធានាធិបតី បានបង្ហើបឲ្យដឹងថា លោក «Sirisena» បានផ្លាស់ប្ដូរជំហរនេះវិញ បន្ទាប់ពីបានជួបនិយាយគ្នា ដោយបិទទ្វា ជាមួយលោក «Ranil Wickremesinghe» ក្នុងសប្ដាហ៍នេះ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។