ការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីព្រឹកថ្ងៃអង្គារ ប្រឆាំងមន្ទីរពេទ្យយោធា ក្នុងរដ្ឋធានីកាប៊ុល ត្រូវបានទទួលស្គាល់ នៅប៉ុន្មានម៉ោងក្រោយមក ដោយក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS ) ប្រចាំក្នុងតំបន់ ហៅកាត់ថា«ISKP»។ ហេតុការណ៍ដ៏រន្ធត់ បានបង្កឲ្យមនុស្សយ៉ាងតិច ១៩នាក់ស្លាប់បាត់បង់ជីវិត និង៥០នាក់ផ្សេងទៀត រងរបួស។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅលើបណ្ដាញសង្គម «Telegram» ក្រុម«ISKP» បានអះអាងថា «យុទ្ធជន៥នាក់» របស់ខ្លួន បាន«រៀបចំ និងដឹកនាំការវាយប្រហារជាច្រើន ក្នុងពេលតែមួយ» នៅនឹងកន្លែងកើតហេតុ។
«ISKP» ដែលជាក្រុមសាខា របស់អង្គការភេរនិយមរដ្ឋអ៊ីស្លាម បានបញ្ជាក់បន្តថា ដំបូងឡើយ «យុទ្ធជនម្នាក់»បានបំផ្ទុះខ្សែក្រវាត់គ្រាប់បែក នៅនឹងច្រកចូលនៃមន្ទីរពេទ្យ មុននឹង«យុទ្ធជនផ្សេងទៀត» បានដើរចូលទៅក្នុងអគារ រួចបើកការបាញ់ប្រហារ ទៅលើមនុស្សនៅទីនោះ។
មន្ត្រីមួយរូបពីក្រសួងសុខាភិបាល នៃប្រទេសអាហ្វហ្គានីស្ដង់ បានបញ្ចេញតួលេខ នៃជនរងគ្រោះឲ្យដឹងថា មនុស្ស១៩នាក់បានស្លាប់ និងប្រមាណជា៥០នាក់ផ្សេងទៀតរងរបួស មុននឹងត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ នៅជុំវិញ។
ក្នុងរសៀលថ្ងៃអង្គារ អ្នកនាំពាក្យរបស់ក្រុមតាលីបង់ លោក «Zabiullah Mujahid» បានចោទប្រកាន់ក្រុម«ISKP» ថាបានតម្រង់ទិសដៅ នៃការវាយប្រហាររបស់ពួកគេ ទៅលើប្រជាជនស៊ីវិល គ្រូពេទ្យ និងអ្នកជំងឺទាំងឡាយ ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យខាងលើ (ឈ្មោះ«Sardar Mohammad Dawood Khan») ដែលជាមន្ទីរពេទ្យយោធាធំជាងគេ នៅអាហ្វហ្គានីស្ដង់។
អ្នកនាំពាក្យរបស់ក្រុមតាលីបង់ បានបញ្ជាក់ពីតុល្យភាពមួយចំនួន នៃចំនួនមនុស្សស្លាប់ និងរបួស ក្នុងនោះយុទ្ធជនពីរនាក់របស់ក្រុមតាលីបង់ ស្ត្រីពីរនាក់ និងកុមារម្នាក់ ត្រូវបានសម្លាប់នៅក្នុងមន្ទីរពេទ្យ។
ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» អ្នកទទួលខុសត្រូវមួយរូបទៀត របស់រដ្ឋាភិបាលតាលីបង់ បានអះអាងប្រហាក់ប្រហែល នឹងការប្រកាសទទួលស្គាល់ របស់ក្រុម«ISKP»ដែរ។
តែអ្នកទទួលខុសត្រូវរូបនោះ បានលើកឡើងពីការផ្ទុះគ្រាប់បែកមួយលើកទៀត នៅនឹងកន្លែងកើតហេតុ ខណៈខ្មាន់កាំភ្លើងច្រើននាក់ បានដើរចូលទៅក្នុងមន្ទីរពេទ្យ មុននឹងពួកគេត្រូវបាន«កម្ទេច» ដោយក្រុមតាលីបង់ ដែលត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ទីនោះ៕