អាស៊ី-ប៉ាស៊ីភិក

គីម ជុងអ៊ុន ផ្ញើរសារសំដី​អបអរ​ប្រធានាធិបតី​ចិន អំពី«Covid-19»

មេដឹកនាំវ័យក្មេង របស់ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុងអ៊ុន (Kim Jong-un) បានផ្ញើរសារជាពាក្យសំដី ទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) ដើម្បីអបអរក្រុងប៉េកាំង អំពីការគ្រប់គ្រប និងដំណោះស្រាយ ជុំវិញវិបត្តិជំងឺរាតត្បាត «Covid-19»។

ប្រព័ន្ធឃោសនាផ្លុវការ «KCNA» របស់របបកុម្មុយនីស្ដិ៍កូរ៉េ បានផ្សាយពីដំណឹងខាងលើ ក្នុងថ្ងៃសុក្រទី៨ ខែឧសភានេះ ដោយមិនបានលំអិតបន្ថែមថា មេដឹកនាំទាំងពីរ បានទូរស័ព្ទជជែកគ្នា នោះទេ។

«KCNA» គ្រាន់តែអះអាងថា សារជាសំដីនោះ សារនេះគឺ«ផ្សារភ្ជាប់ ទៅនឹងភាពជោគជ័យ របស់ប្រទេសចិន ក្នុងការការពារ ការរាតត្បាតរោគ “Covid-19” និងបានអនុញ្ញាត ឱ្យលោក គីម ជុងអ៊ុន សំដែងនូវ “ការស្វាគមន៍ យ៉ាងកក់ក្តៅ” ដល់ប្រមុខរដ្ឋចិន»។

សារផ្សព្វផ្សាយ ដោយប្រព័ន្ធឃោសនាកូរ៉េខាងជើង ធ្វើឡើងជាថ្មី បន្ទាប់ពីបានផ្សាយ ពីការបង្ហាញវត្តមាន របស់លោក គីម ជុងអ៊ុន ជាសាធារណៈ កាលពីថ្ងៃទី២ ខែឧសភា។

សឹងតែពេញ មួយខែមេសាកន្លងទៅ អគ្គមគុទេសន៍វ័យក្មេង របស់របបកុម្មុយនីស្ដិ៍ បាន​ខកខាន មិនបានបង្ហាញខ្លួន ជាសាធារណៈទេ នៅខណៈពាក្យចចាមអារាម បានអះអាងថា អវត្តមាននោះ គឺដោយសារលោក គីម មានបញ្ហាសុខភាពធ្ងន់ធ្ងរ។

ក្នុងថ្ងៃសុក្រដដែលនេះ ប្រទេសកូរ៉េខាងជើង ក៏បានធ្វើប្រតិកម្ម តាមផ្លូវទូត និងតាមប្រព័ន្ធផ្សព្វផ្សាយ តបទៅនឹងការធ្វើសមយុទ្ធ របស់សត្រូវជិតខាងរបស់ខ្លួន (កូរ៉េខាងត្បូង) នោះដែរ។ អ្នកនាំពាក្យយោធាមួយរូប របស់របប​ក្រុងព្យុងយ៉ាង ត្រូវបានស្រង់សំដី មកអះអាងថា៖

«ទង្វើ ដែលមិនចេះគិតពិចារណា ដុតកម្ដៅដោយ បននៅភាគខាងត្បូង គឺជាចំណុច​កំពូល នៃការប្រឈមមុខ​របស់យោធា ដែលនឹង​ធ្វើឲ្យ​ពួកគេ​ស្ងាត់មាត់ បើសូម្បីតែ​មេ​របស់ពួកគេ […] នេះ គឺជាការញុះញង់ដ៏ធ្ងន់ធ្ងរ ដែលយើងមិនអាចមើលរំលងបាន ហើយ​ស្ថានភាពនេះ តម្រូវឱ្យ​មានការ​ឆ្លើយតប ជាចាំបាច់ ពីយើង៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។