អាស៊ី-ប៉ាស៊ីភិក

គីម ជុងអ៊ុន ឲ្យ​ដំណឹង​ហើយ បន្ទាប់ពី​ព័ត៌មាន​ដ៏ប្រទាំងប្រទើសស្ដីពី​សុខភាព

មេដឹកនាំវ័យក្មេង របស់ប្រទេសកូរ៉េខាងជើង បានបញ្ចេញសញ្ញា «ឲ្យ​ដំណឹង​ហើយ» បន្ទាប់ពីអវត្តមានយ៉ាងអាថ៌កំបាំង អស់រយៈពេលជាច្រើនថ្ងៃ (ឬច្រើនសប្ដាហ៍) កន្លងមក។ 

អវត្តមានរបស់លោក គីម ជុនអ៊ុន (Kim Jong-un) ដែល«អគ្គមគុទេសដ៏មហិមា»​នៃរបបក្រុងព្យុងយ៉ាង ត្រូវបានសារព័ត៌មានជាច្រើន ពន្យល់ថា ដោយហេតុមកពីលោក ត្រូវធ្វើការវះកាត់បេះដូង ជាបន្ទាន់ បន្ទាប់ពីមានអាការៈ រលាកសសៃឈាមធ្ងន់ធ្ងរ នោះមក។

ហើយបន្ទាប់ពីនៅស្ងៀមស្ថាត់ អស់ជាច្រើនថ្ងៃចុងក្រោយ ក្បាលម៉ាស៊ីនឃោសនា របស់របបកុម្មុយនីស្ដិ៍កូរ៉េ ដែលមានឈ្មោះ «KCNA» បានផ្សាយឲ្យដឹង កាលពីល្ងាចថ្ងៃពុធទី២២ ខែមេសានេះ ថាលោក គីម ជុងអ៊ុន បានចេញសារអបអរសាទរ ទៅកាន់លោក បាឆារ អាល់អាសាធ (Bachar Al-Assad) ប្រធានាធិបតី នៃប្រទេសស៊ីរី ក្នុងឱកាសនៃបុណ្យជាតិ របស់ប្រទេសនេះ។

ប៉ុន្តែប្រព័ន្ធឃោសនា របស់ក្រុងព្យុងយ៉ាងមួយនេះ គ្រាន់តែសរសេរ ជាលក្ខណៈអត្ថបទ និងមិនបានបង្ហាញ ពីរូបភាពចុងក្រោយបង្អស់ របស់លោក គីម ដោយផ្ទាល់ទេ។

យ៉ាងណា អគ្គមេបញ្ជាការរង នៃកងទ័ពអាមេរិក លោកឧត្ដមសេនីយ «John Hyten» ក៏បានអះអាង ក្នុងថ្ងៃពុធដែរថា៖

«ខ្ញុំសន្មត់ថា លោក គីម ជុងអ៊ុន នៅតែមានការគ្រប់គ្រង យ៉ាងពេញលេញ ទៅលើកម្លាំងនុយក្លេអ៊ែរ និងកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសកូរ៉េខាងជើង៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។