អាស៊ី-ប៉ាស៊ីភិក

ធ្លាក់​យន្ដហោះ​នៅ​អៀរ៉ង់ ៖ តេអៀរ៉ង់​បដិសេធ​ផ្ដល់​ប្រអប់ខ្មៅ​ឲ្យ​ក្រុងគៀវ

ធ្លាក់​យន្ដហោះ​នៅ​អៀរ៉ង់ ៖ ផ្ទុយពីការអះអាង កាលពីថ្ងៃសៅរ៍ ដែលថា ខ្លួននឹងប្រគល់ប្រអប់ខ្មៅ របស់យន្ដហោះ ប៊ូអ៊ីង (Boeing 737) ទៅឲ្យប្រទេសអ៊ុយក្រែននោះ របបដឹកនាំក្រុងតេអៀរ៉ង់ បានប្រកាសនៅថ្ងៃអាទិត្យនេះ បដិសេធយន្ដការនេះវិញ ដោយមិនបានបញ្ជាក់មូលហេតុច្បាស់លាស់។

លោក «Hassan Rezaeifar» អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលអៀរ៉ង់ ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានក្នុងស្រុក មកបញ្ជាក់ក្នុងថ្ងៃនេះថា៖

«ខណៈនេះ ប្រអប់ខ្មៅស្ថិតក្នុងប្រទេសអៀរ៉ង់ និងមិនត្រូវប្រគល់ ទៅឲ្យនរណាទាំងអស់។»

អ្នកនាំពាក្យបានបន្តថា ការសិក្សាវិភាគ ទៅលើប្រអប់ខ្មៅ នឹងត្រូវដឹកនាំធ្វើ នៅក្នុងប្រទេសអៀរ៉ង់ ហើយថាការប្រគប់ប្រអប់នេះ ទៅឲ្យប្រទេសអ៊ុយក្រែន ឬប្រទេសបារាំង តែនៅក្នុងករណី ដែលប្រទេសអៀរ៉ង់ មិនអាចធ្វើកិច្ចការនេះបាន។ លោកបន្តថា៖

«ប៉ុន្តែ មកដល់នាទីនេះ យើ់ងមិនទាន់បានសម្រេចអ្វីនៅឡើយ ជុំវិញកិច្ចការនេះ។»

កាលពីថ្ងៃសៅរ៍ មន្ត្រីអ្នកនាំពាក្យខាងលើ បានអះអាងថា ដោយសារប្រទេសលោក មិនមានកម្មវិធី ដើម្បីទាញយកទិន្នន័យ ពីក្នុងប្រអប់ខ្មៅមកបាន ដូច្នះហើយការសិក្សាវិភាគ អំពីគ្រោះថ្នាក់ធ្លាក់យន្ដហោះ កាលពីសប្ដាហ៍មុន មិនអាចធ្វើទៅរួច នៅក្នុងប្រទេសអៀរ៉ង់នោះទេ។

កាលពីថ្ងៃទី៨ ខែមករា យន្ដហោះ «Boeing 737» របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ុយក្រែន (Ukraine International Airlines) ដែលភ្ជាប់ជើងហោះហើរ លេខ ៧៥២ ពីរដ្ឋធានីតេអៀរ៉ង់ (ប្រទេសអៀរ៉ង់) ទៅកាន់រដ្ឋធានីគៀវ (ប្រទេសអ៊ុយក្រែន) បានផ្ទុះធ្លាក់ ជាបំណែកតូចៗ នៅប៉ុន្មាននាទី បន្ទាប់ពីយន្ដហោះបានហោះងើបខ្លួន ចេញពីព្រលានយន្ដហោះអន្តរជាតិ នៃរដ្ឋធានីតេអៀរ៉ង់។

បន្ទាប់ពីបានបដិសេធ យ៉ាងដាច់អហង្កា អស់រយៈពេល២ថ្ងៃ កងទ័ពឆ្មាំបដិវត្តន៍អៀរ៉ង់ បានចេញមុខ នៅថ្ងៃសៅរ៍ទី ១១ ខែមករា ប្រកាសទទួលស្គាល់ថា ខ្លួនពិតជាបានបាញ់ទម្លាក់​យន្ដហោះនោះ ដោយសារ​«កំហុសឆ្គង»។

មនុស្សនៅក្នុងយន្ដហោះ ចំនួន១៧៦នាក់ បានស្លាប់ទាំងអស់ ក្នុងនោះមួយភាគធំ ជាបណ្ដាជនអៀរ៉ង់ និងកាណាដា៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។