អាស៊ី-ប៉ាស៊ីភិក

ហុងកុង សម្រេចផ្អាក​គម្រោងច្បាប់​ធ្វើបត្យាប័ន​ដ៏ចម្រូងចម្រាស់

ទីបំផុតនៅថ្ងៃសៅរ៍នេះ រដ្ឋាភិបាលក្រុង ហុងកុង បានធ្វើតាមការទាមទារ របស់ពលរដ្ឋ​ហុងកុង ដោយបានសម្រេចព្យួរគម្រោងច្បាប់ ដ៏ចម្រូងចម្រាស់ ដែលអនុញ្ញាតឲ្យធ្វើបត្យាប័នអ្នកទោស ទៅឲ្យអាជ្ញាធរចិនកុម្មុយនីស្ដិ៍។

កាលពីមុននេះបន្តិច អ្នកស្រី «Carrie Lam» ខ្លួនឯងបានចេញមុខ មកអះអាង នៅចំពោះអ្នកសារព័ត៌មាន ពីការព្យួរគម្រោងច្បាប់នេះ តែបានអះអាងឡើងវិញ ថាសណ្ដាប់ធ្នាប់សាធារណៈ ជាអាទិភាពដ៏ចម្បង របស់អាជ្ញាធរ ក្នុងការទប់ទល់ នូវរាល់អំពើហិង្សាទាំងឡាយ។

សារព័ត៌មានក្នុងក្រុងហុងកុង ឈ្មោះ «South China Morning Post» និងបណ្ដាទូរទស្សន៍ជាច្រើន ដូចជា «Now TV» «TVB» និង «RTHK» បានស្រង់ប្រភព ពីមន្ត្រីរដ្ឋាភិបាលក្រុងហុងកុង មកបញ្ជាក់ថា រដ្ឋាភិបាលបានជ្រើសរើស ការលើកថ្ងៃ សម្រាប់​ការអនុម័ត​ច្បាប់​ខាងលើ ដោយសភាហុងកុង។

ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានអះអាងបន្ថែមថា អ្នកស្រី «Carrie Lam» អភិបាលក្រុងហុងកុង (ដែលមានទំនោរ ទៅរករដ្ឋាភិបាលក្រុងប៉េកាំង) មិនត្រឹមតែប្រឈមនឹងរលកប្រឆាំង ពីសំណាក់ពលរដ្ឋហុងកុង ដែលមិនពេញចិត្ត នឹងនយោបាយអ្នកស្រីទេ បើសូម្បីសមាជិកមួយចំនួន ស្និតនឹងអ្នកស្រី ក៏បានប្រកាន់ជំហរ មិនចង់ឲ្យមានច្បាប់នេះ កើតឡើងដែរ។

បាតុកម្មដ៏ធំសម្បើម កាលពីថ្ងៃពុធកន្លងមក បានបញ្ចប់ទៅ ដោយការប្រឈមមុខ​ដាក់គ្នា​ដ៏ហិង្សា រវាងក្រុមបាតុករ និងកងកម្លាំងរបស់អាជ្ញាធរ។ ជាអំពើហិង្សា ដែលមានលក្ខណៈធ្ងន់ធ្ងរ ជាងពេលណាៗទាំងអស់ រាប់ចាប់តាំង​ពីទឹកដីអតីតអាណានិគមអង់គ្លេសមួយនេះ បានវិលត្រឡប់ មកស្ថិតក្រោមការគ្រប់គ្រង របស់ប្រទេសចិន ក្នុងឆ្នាំ១៩៩៧វិញ។

បើតាមសារព័ត៌មាន «South China Morning Post» បានអះអាងបន្ថែមថា ក្រុមអ្នករៀបចំបាតុកម្ម ដែលបានអំពាវនាវឲ្យបន្តជួបជុំគ្នា ធ្វើបាតុកម្ម​នៅថ្ងៃអាទិត្យ និងធ្វើកូដកម្ម នៅថ្ងៃចន្ទខាងមុខ នៅតែរក្សាជំហរ ក្នុងការធ្វើបាតុកម្ម-កូដកម្ម ដើម្បីបន្តដាក់សម្ពាធ លើរដ្ឋាភិបាលក្រុងហុងកុង។ សម្រាប់ពួកគេ បានពន្យល់ថា ត្រឹមតែការព្យួរគម្រោងច្បាប់នេះ នៅមិនគ្រប់គ្រាន់ទេ តែរដ្ឋាភិបាលត្រូវបោះបង់ចោល នូវគម្រោងច្បាប់នេះ ជាស្ថាពរ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។