អាស៊ី-ប៉ាស៊ីភិក

ក្រុមបាតុករនៅហុងកុង ព្រមានធ្វើបាតុកម្ម«យក្ស»ខ្លាំងជាងមុន នៅថ្ងៃអាទិត្យ

នៅក្រុងហុងកុង ក្រុមអ្នកជំទាស់នឹងគម្រោងច្បាប់ ដ៏ប្រទាំងប្រទើស ដែលអនុញ្ញាតឲ្យធ្វើបត្យាប័នអ្នកទោស ទៅឲ្យអាជ្ញាធរចិនកុម្មុយនីស្ដិ៍ បានព្រមាននៅថ្ងៃព្រហស្បត្តិ៍នេះ ថាពួកគេនឹងបន្តជួបជុំ ក្នុងទំហំ«យក្ស»ដ៏ធំសម្បើមជាថ្មីទៀត នៅថ្ងៃអាទិត្យខាងមុខ។

ការប្រកាសរបស់ក្រុមអ្នករៀបចំបាតុកម្ម ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីបាតុកម្មយក្សកាលពីថ្ងៃពុធម្សិលម៉ិញ ដែលមានផ្ទុះអំពើហិង្សាយ៉ាងខ្លាំងក្លា រវាងក្រុមបាតុករ និងក្រុមអាជ្ញាធរ។ ជាអំពើហិង្សា មិនដែលធ្លាប់មាន រាប់ចាប់តាំង ពីអតីតដែនដី​អាណានិគម​អង់គ្លេស​មួយនេះ បានវិលទៅស្ថិតក្រោមការកាន់កាប់ របស់ប្រទេសចិនកុម្មុយនីស្ដិ៍ ក្នុងឆ្នាំ១៩៩៧នោះមក។ 

បន្ថែមពីលើនេះ រណសិរ្យសិទ្ធិមនុស្ស របស់ពលរដ្ឋ ក៏បានអំពាវនាវ ឲ្យធ្វើកូដកម្មជាទូទៅមួយ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះដែរ។ គោលបំណងនៃកូដកម្ម គឺដាក់សម្ពាធលើរដ្ឋាភិបាលហុងកុង (ដែលនិយមចិនកុម្មុយនីស្ដិ៍) និងទាមទារឲ្យខាងតែបាន ការដកចេញនូវសេចក្ដីព្រាងច្បាប់ ដ៏ចម្រូងចម្រាស់។

លោក «Jimmy Sham» សមាជិកមួយរូប ពីរណសិរ្សមួយនេះ បានថ្លែងឡើងថា៖

«យើងអំពាវនាវ ទៅដល់ជនរួមជាតិទាំងអស់ ឲ្យចូលរួមធ្វើកូដកម្ម ពីសំណាក់រាល់មន្ត្រីរដ្ឋការ សហគ្រាសរដ្ឋនិងឯកជន គ្រប់សិស្សនិស្សិត។»

ក្នុងថ្ងៃព្រហស្បត្តិ៍នេះដដែល រដ្ឋាភិបាលកុម្មុយនីស្ដិ៍ចិនប៉េកាំង បានប្រកាសថ្កោលទោស«អំពើហិង្សា បង្កឡើងដោយក្រុមបាតុករ» និងបានចាត់ទុកទង្វើនេះ ថាមានការៀបចំទុកជាមុន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក «Geng Shuang» បានថ្លែងថា៖

«រដ្ឋាភិបាលចិន (ប៉េកាំង) ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះអំពើហិង្សា និងគាំទ្រការឆ្លើយតប ពីសំណាក់អាជ្ញាធរហុងកុង៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។