អាស៊ី-ប៉ាស៊ីភិក

Fitch Solutions ថាវៀតណាម​ចំណេញ​ជាងគេ ពីវិបត្តិ​វាយនភណ្ឌ

ផ្ទុយពីប្រទេសបង់ក្លាដេស កម្ពុជា និងភូមា ប្រទេសកុម្មុយនីស្ដិ៍វៀតណាម នឹងទទួល​ផល​ចំណេញ ច្រើនជាងគេ ពីវិបត្តិ​វាយនភណ្ឌ ដែលប្រទេសទាំងនោះ កំពុងមាន​ក្នុង​ពេលនេះ។ នេះ បើតាម​ការអះអាង​របស់ «Fitch Solutions» ដែលជាសហគ្រាសឃ្លាំមើល និង​វាយតម្លៃមួយ របស់​សហរដ្ឋអាមេរិក។

សហគ្រាសខាងលើ បានអះអាងថា តម្លៃពលកម្ម ដែលបានកើនឡើង និងវិបត្តិជំងឺ​រាតត្បាត «Covid-19» នៅក្នុង​ប្រទេស​ចិន នឹងធ្វើឲ្យក្រុមហ៊ុន សហគ្រាស យីហោ​សម្លៀក​បំពាក់ នៅអាមេរិកនិងអ៊ឺរ៉ុប ដកខ្លួន​ចេញពីចិន ហើយដើរស្វែងរកទីតាំងផ្សេងទៀត នៅក្នុង​ទ្វីបអាស៊ី។

ហើយទីតាំងថ្មី ដែលក្រុមហ៊ុនម្ចាស់យីហោទាំងនោះជ្រើសរើស អាចជាប្រទេសវៀតណាម ដោយសារ​ហេតុផលជាច្រើន ដូចជា ប្រទសវៀតណាម មានពលរដ្ឋពេញកម្លាំង ដែល​សកម្ម រហូត​ដល់ទៅ ៧០ភាគរយ និងមានស្ថិរភាពនយោបាយ បើធៀបនឹង​ប្រទេស​ផ្សេងទៀត ក្នុង​តំបន់។

នៅក្នុងបញ្ជីសន្ទស្ស «ហនិភ័យ» របស់សហគ្រាស «Fitch Solutions» ទាក់ទងនឹង​បរិយាកាស​ពាណិជ្ជកម្ម និង​ដំណើរផលិតកម្ម បានវាយតម្លៃថា ប្រទេសវៀតណាម​ទទួល​បាន​ពិន្ទុ ៥២,៣ ដែលនៅពីលើប្រទេសបង់ក្លាដេស កម្ពុជា និងប្រទេសភូមា។ បញ្ជី​សន្ទស្សន៍​នោះ បាន​សេចក្ដីថា វៀតណាមមិនបង្កហនិភ័យខ្លាំង និងច្រើនណាស់ណាទេ បើធៀប​នឹង​​ប្រទេស ដែលមាន​ពិន្ទុតិចជាង។

របាយការណ៍របស់សហគ្រាសអាមេរិក មិនទាន់រាប់បញ្ចូលផងទេ អំពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី (EVFTA) ដែលប្រទេសកុម្មុយនីស្ដិ៍មួយនេះ បានចុះហត្ថលេខា ជាមួយ​សហភាពអ៊ឺរ៉ុប ដែលនឹងចូលជាធរមាន ក្នុងខែសីហាខាងមុខ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។