អាស៊ី-ប៉ាស៊ីភិក

ភេរវកម្ម​នៅ​ស្រីលង្កា៖ «ជនរងគ្រោះ»​កើនឡើង​ជិត​៣០០នាក់

តុល្យភាពថ្មីដែលធ្លាក់មកដល់ នៅក្នុងថ្ងៃចន្ទនេះ បានឲ្យដឹងថា «ជនរងគ្រោះ»ដល់ជីវិត បានកើនឡើងដល់ ២៩០នាក់ ខណៈជនរងរបួស មានប្រមាណជា៥០០នាក់។

អាជ្ញាធរស្រីលង្កា បានអះអាងថា បានដោះបង្កៃគ្រាប់បែកមួយ ដែលត្រូវបានរកឃើញ នៅក្បែរព្រលានយន្ដហោះអន្តរជាតិ នៃរដ្ឋធានីកូឡំបូ ក្នុងយប់ថ្ងៃអាទិត្យ។ ជនសង្ស័យ១៣នាក់ ត្រូវបានឃាត់ខ្លួន។

រដ្ឋាភិបាលស្រីលង្កា បានចេញក្រឹត្យអនុញ្ញាត ឲ្យកងកម្លាំងអាជ្ញាធរអាចផ្ទុះអាវុធ ហើយបានបិទបណ្ដាញសង្គម ជាបណ្ដោះអាសន្ន។ នាយករដ្ឋមន្ត្រីស្រីលង្កា លោក «Ranil Wicramasinghe» បានប្រកាសថា នឹងចាត់គ្រប់វិធានការ ដើម្បីកម្ទេចបណ្ដាញភេរវនិយម នៅក្នុងប្រទេស ឲ្យដល់ឫសគល់។

កាលពីព្រឹកថ្ងៃអាទិត្យ ការបំផ្ទុះគ្រាប់បែកចំនួន៦គ្រាប់ ក្បែរៗគ្នា បានកើតឡើង មុននឹងគ្រាប់បែកពីរគ្រាប់ទៀត ត្រូវបានបំផ្ទុះ នៅពីរម៉ោងក្រោយ។ ហេតុការណ៍បានកើតឡើង នៅច្រើនកន្លែង ក្នុងនោះសណ្ឋាគារប្រណិត ចំនួន៤ និងព្រះវិហារកាតូលិក ចំនួនបី បាន​រងការវាយប្រហារនេះ។

ការបំផ្ទុះបានកើតឡើង នៅចំពេលគ្រឹស្ទិ៍សាសនិក កំពុងធ្វើពិធីសាសនា ដើម្បីប្រារព្ធបុណ្យព្រះយេស៊ូរស់ឡើងវិញ (អង់គ្លេសហៅ Easter បារាំងហៅ Pâques) ដែលបានបង្កឲ្យមានជនរងគ្រោះជាច្រើន។

សាក្សីបានអះអាងថា ការបំផ្ទុះយ៉ាងហោចំនួនពីរកន្លែង ត្រូវបានធ្វើឡើង តាមរយៈជនធ្វើអត្តឃាត។ អាជ្ញាធរបានរកឃើញថា មានជនរងគ្រោះជាជនបរទេស មកពី៣៥ប្រទេស ក្នុងនោះមានមក ពីសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសចិន។

«Malcom Ranjith» បុព្វជិតសាសនាកាតូលិក ប្រចាំនៅរដ្ឋធានី កូឡំបូ បានអំពាវនាវទៅរដ្ឋាភិបាលស្រីលង្កា ឲ្យធ្វើការស៊ើបអង្កេត ដែលមានលក្ខណៈហ្មត់ចត់ និងរឹងមាំ ដើម្បីកំណត់អត្តសញ្ញាណ នៃជនទទួលខុសត្រូវ និងនាំពួកគេទៅផ្ដន្ទាទោស៕

Sri Lanka attacks: Gov’t was warned in advance

As the death toll in Sri Lanka’s Easter Sunday bombings rises to at least 290, it’s emerged the government was warned on April 4 of a potential attack targeting Christians and tourist sites.

Publiée par Al Jazeera English sur Lundi 22 avril 2019

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។