អាស៊ី-ប៉ាស៊ីភិក

Covid-19៖ ជប៉ុន​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ ដើម្បី​បញ្ចៀស​«គ្រោះធំ»

រដ្ឋាភិបាលជប៉ុននឹងប្រកាស ដាក់តំបន់ចំនួន៧ លើផ្ទៃប្រទេស ទៅក្នុងភាពអាសន្ន ចាប់ពីថ្ងៃអង្គារនេះតទៅ ដើម្បីបញ្ចៀសសេណារីយូ «គ្រោះធំ» បន្ទាប់ពីករណីឆ្លងជំងឺ «Covid-19» បានកើនឡើងខ្លាំង នៅរាជធានី តូក្យូ។ នេះ បើតាមការប្រកាស របស់លោក ស៊ិនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន ក្នុងថ្ងៃចន្ទនេះ។

ថ្លែងក្នុងរដ្ឋសភា លោក ស៊ិនហ្សូ អាបេ ដែលមានពាក់ម៉ាស់ បាំងមាត់និងច្រមុះ បានបញ្ជាក់ថា៖

«បច្ចុប្បន្ន យើងកំពុងតាមដាន ការកើនឡើងយ៉ាងលឿន នៃករណីឆ្លង ជាពិសេសក្នុងតំបន់កណ្ដាលក្រុង នៃរាជធានី តូក្យូ និងក្រុង អូសាកា។ ការកើនឡើងនេះ នឹងធ្វើឲ្យប្រព័ន្ធគាំពារសុខសភាព របស់ប្រទេស លែងមានលទ្ធភាព អាចទទួលយកអ្នកជំងឺ ទៅព្យាបាល។»

មកដល់ម៉ោងនេះ កោះជប៉ុនទាំងមូល មានករណីឆ្លងជំងឺ «Covid-19» កើនដល់ចំនួន ៣ ៦៥៤នាក់ និងមានអ្នកជំងឺ ៨៥នាក់ បានស្លាប់។ នៅរាជធានីតូក្យូ គ្រាន់តែក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ករណីឆ្លងត្រូវបានរកឃើញ មានចំនួន ២០០នាក់។

លោក «Kentaro Iwata» អ្នកជំនាញខាងជំងឺឆ្លង មកពីសាកលវិទ្យាល័យ «Kobe» បានព្រមានអំពី«គ្រោះធំ» តាមបណ្ដាញទូរទស្សន៍ «CNN» តាំងពីសប្ដាហ៍មុនថា៖

«យើងរង់ចាំមើល ប្រហែលជារាជធានី តូក្យូ នឹងក្លាយជាក្រុង ញ៉ូយក មួយទៀត ក្នុងពេលខាងមុខ (ដោយចង់និយាយសំដៅ ពីការរាតត្បាតខ្លាំងបំផុត នៅក្រុងញ៉ូយក នាពេលនេះ)។»

លោកបានជំរុញ ឲ្យរដ្ឋាភិបាលត្រូវចាត់វិធានការភ្លាម ដើម្បីទប់ស្កាត់មេរោគ កុំឲ្យវាពង្រីកខ្លួនបាន។ លោក «Kentaro Iwata» ថា៖

«ប្រទេសជប៉ុន ត្រូវមានសេចក្ដីក្លាហាន ដើម្បីធ្វើការផ្លាស់ប្ដូរ នៅពេលយើងដឹងច្បាស់ថា យើងកំពុងដើរលើផ្លូវខុស។»

ផ្ទុយពីប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុនមិនបានធ្វើតេស្ដិ៍ ជាលក្ខណៈទូលំទូលាយ តាំងពីដំបូងទីមក ដើម្បីស្វែងរក អ្នកឆ្លងមេរោគនោះទេ។ ខណៈជប៉ុនមានករណីស្លាប់ មុនកូរ៉េខាងត្បូង រដ្ឋាភិបាលក្រុងសេអ៊ូល បានប្រកាសភាពអាសន្ន តាំងពីចុងខែកុម្ភៈ មុនអ្នកជិតខាងខ្លួន ​(ប្រទេសជប៉ុន) ប្រមាណជា១ខែកន្លះ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។