ក្រុង វូហាន (Wuhan) ដែលជាបេះដូងដំបូងគេ នៃការរាតត្បាតជំងឺ «Covid-19» អាចនឹងផ្ទុះករណីឆ្លងជំងឺនេះឡើងវិញ បន្ទាប់ពីបានរកឃើញជាថ្មី នូវករណីឆ្លង ចំនួន៦នាក់ទៀត រាប់តាំងពីម្សិលម៉ិញ មកទល់នឹងថ្ងៃនេះ។
អាជ្ញាធរសុខភាព ប្រចាំតំបន់របស់ប្រទេសចិន បានអះអាងថា ករណីឆ្លងជាថ្មី ត្រូវបានរកឃើញ ចំនួន៥នាក់ នៅថ្ងៃចន្ទ ទី១១ ខែឧសភានេះ និងចំនួន១នាក់ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ ដែលជាតួលេខ នៅក្នុងក្រុង វូហាន តែមួយ។
ការរកឃើញ ករណីឆ្លងជាថ្មី ឡើងវិញខាងលើ បានកើតឡើង បន្ទាប់ពីអាជ្ញាធរចិន រកមិនឃើញករណីឆ្លង នៅក្នុងក្រុង វូហាន នេះ តាំងពីជាង១ខែមកហើយ។
ក្រុង វូហាន និងតំបន់ជុំវិញក្រុង ដែលមានប្រជាជនរស់នៅ ជាង១១លាននាក់ ត្រូវបានបិទ អស់រយៈពេលជាង២ខែ រាប់ពីចុងខែមករាមក។ ក្រុងនេះបានរងគ្រោះ នឹងជំងឺ «Covid-19» បណ្ដាលឲ្យមានមនុស្សឆ្លង ប្រមាណជា៨៣ ០០០នាក់ និងមនុស្សស្លាប់ ប្រមាណជា៤ ៦៣៣នាក់។ នេះ បើតាមតួលេខផ្លូវការ ដែលផ្សាយដោយអាជ្ញាធរចិន។
ក្រៅពីក្រុង វូហាន នៅមានករណីឆ្លង ចំនួន១១នាក់ផ្សេងទៀត ក៏ត្រូវបានរកឃើញ និងប្រកាសជាផ្លូវការ ក្នុងថ្ងៃចន្ទដដែលនេះដែរ ដែលធ្វើតួលេខសរុប នៃករណីឆ្លងថ្មី ក្នុងប្រទេសចិនទាំងមូល មានចំនួន ១៧នាក់។ ពីក្នុងចំណោមនោះ ១០ករណីជាការឆ្លង នៅក្នុងស្រុក។
នៅចំពោះការរកឃើញ នូវករណីឆ្លងជាថ្មីនេះ អាជ្ញាធរបានបិទក្រុង «Shulan» ដែលស្ថិតនៅភាគខាងជើង ក្បែរព្រំដែនប្រទេសរ៉ុស្ស៊ី និងកូរ៉េខាងជើង។ ទូរទស្សន៍រដ្ឋចិន «CCTV» បានផ្សាយ ពីដំណឹងបិទក្រុងនេះ បន្ទាប់ពីអាជ្ញាធររដ្ឋ បានរកឃើញករណីឆ្លងថ្មី ថាមានមិនតិច ជាង១១ករណី នៅក្នុងក្រុងមួយនេះ គ្រាន់តែក្នុងរយៈពេលចុងសប្ដាហ៍ កន្លងមក៕