តំបន់ជាច្រើន ក្នុងភាគឦសានប្រទេស ដែលមានចំនួនប្រជាជនរស់នៅ ១០៨លាននាក់ ត្រូវបានអាជ្ញាធរចិន ប្រកាសដាក់បម្រាម សារជាថ្មី បន្ទាប់ពីបានរកឃើញករណីឆ្លង ជំងឺ«Covid-19» ចំនួន៣៤នាក់ នៅក្នុងក្រុង «Shulan» តែប៉ុន្មានថ្ងៃចុងក្រោយប៉ុណ្ណោះ។
ខេត្ត «Jilin» ខេត្ត «Liaoning» និងក្រុងធំៗ នៅជុំវិញនោះ ត្រូវបានប្រកាសបិទ។ រថភ្លើង និងរថយន្ដក្រុង បានផ្អាកដំណើរការ។ សាលារៀន បានបិទទ្វា ហើយប្រជាជនទាំងអស់ នៅក្នុងតំបន់ ត្រូវបង្ខំឲ្យសំងំ នៅក្នុងផ្ទះឡើងវិញ បន្ទាប់ពីពួកគេ បានចេញពីបម្រាមទាំងនេះ កាលពីប៉ុន្មានសប្ដាហ៍មុន។
នៅក្នុងក្រុង «Shulan» ដែលពេលនេះ ត្រូវបានចាត់ទុក ជាមណ្ឌលកណ្ដាល នៃរលកចម្លងមេរោគ «Covid-19» វិធានការដ៏តឹងរុឹងជាច្រើន ត្រូវបានអនុវត្ត រហូតដល់មានបទបញ្ជាថ្មី។
អាគារភូមិគ្រឹះណា ដែលមានករណីឆ្លង (ទោះរកឃើញពិត ឬជាការសង្ស័យ) នឹងត្រូវបិទទ្វា ហើយត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក (នៅដាច់តែឯង)។ សមាជិកម្នាក់ ក្នុងមួយគ្រួសារ ត្រូវបានអនុញ្ញាត និងមានសិទ្ធិ អាចចេញទៅទិញទំនិញ ឬម្ហូបចំណី ក្នុងរយៈពេល២ម៉ោង យ៉ាងយូរបំផុត និងជារៀងរាល់ពីរថ្ងៃម្ដង។
វិធានការតឹងរុឹងខាងលើ ក៏ត្រូវបានអនុវត្ត នៅទូទាំងខេត្ត «Jilin» ទាំងមូលដែរ។ ថ្នាំព្យាបាលគ្រុនផ្ដាសាយទាំងឡាយ ត្រូវបានហាមឃាត់ នៅតាមឱសថដ្ឋានានា ដើម្បីកុំឲ្យបណ្ដាជន អាចលាក់រោគសញ្ញា របស់ពួកគេបាន។
តួលេខផ្លូវការ នៃករណីឆ្លង នៅទូទាំងប្រទេសចិន ក្នុងពេលនេះ មានចំនួន ៨៨ ៤២៣នាក់ ក្នុងចំណោមនោះ អ្នកជំងឺ ៤ ៦៣៤នាក់ បានស្លាប់ រាប់តាំងពីការរាតត្បាតដំបូងទីមក៕