អាស៊ី-ប៉ាស៊ីភិក

មេរោគ​«កូរូណា»៖ បាត់ខ្លួន គីម ជុង-អ៊ុន ជិត​បី​សប្ដាហ៍​ហើយ

មេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុង-អ៊ុន (Kim Jong-un) បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ក្នុងប៉ុន្មានថ្ងៃចុងក្រោយ ខណៈមេរោគ«កូរូណា»ថ្មី កំពុងបន្តចម្លង យ៉ាងរីករាលដាល នៅក្នុងប្រទេសចិន និងក្នុងតំបន់។ ជាការបាត់ខ្លួន ដែលបង្កមន្ទិល ព្រោះបើសូម្បីក្នុងទិវាបុណ្យជាតិ ដ៏សំខាន់មួយ របស់កូរ៉េខាងជើង ក៏គេមិនបានឃើញលោក គីម បង្ហាញវត្តមានដែរ។

ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ ដែលបិទទ្វាជិតឈឹង ចំពោះពិភពលោក មិនបានបង្ហាញឲ្យដឹងថា ក្នុងប្រទេសខ្លួន មានករណីឆ្លងមេរោគខាងលើ ឬយ៉ាងណទេ។

សម្រាប់ទីភ្នាក់ងារព័ត៌មាន «Yonhap» របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ការបាត់ខ្លួនរបស់លោក គីម ជុង-អ៊ុន អាចបណ្ដាលមកពីការភ័យខ្លាច ចំពោះការរីករាលដាល នៃមេរោគដ៏ប្រល័យ នេះតែម្ដង។ 

លោក គីម បានបង្ហាញខ្លួន លើកចុងក្រោយបង្អស់ និងជាសាធារណៈ នៅថ្ងៃទី២៥ ខែមករា កន្លងមក ក្នុងរដ្ឋធានីព្យុងយ៉ាង សម្រាប់ឱកាសនៃបុណ្យចូលឆ្នាំ ប្រពៃណីចិន។ តាំងពីពេលនោះមក គេមិនឃើញ​លោក​មានវត្តមាន​ជាថ្មីទៀតទេ ជាពិសេស​មេដឹកនាំរូបនេះ មិនត្រូវបាន​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ របស់ប្រទេសកូរ៉េខាងជើង ស្រង់សំដី ឬថតរូប យកមកចុះផ្សាយ ដូចរាល់ដងឡើយ។

អវត្តមាននេះ ជារឿងដ៏កម្រ សម្រាប់របបកុម្មុយនីស្ដិ៍ ដែលចាំបាច់ត្រូវបង្ហាញ ពីរូបភាពឬសារឃោសនា នៃមេដឹកនាំខ្លួន ឲ្យបានញឹកញាប់បំផុត។

កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងមក លោក គីម បានអវត្តមាន ក្នុងទិវាបុណ្យជាតិដ៏សំខាន់មួយ ហៅថា ទិវារំលឹកខួបថ្ងៃបង្កើតកងទ័ព របស់របបក្រុងព្យុងយ៉ាង។ អវត្តមាននេះ មានទម្រង់ខុស ពីទម្លាប់របស់អគ្គមគុទេសន៍ វ័យក្មេង ដែលតែងបង្ហាញខ្លួន ជាមួយកងទ័ព សឹងជារៀងរាល់ឆ្នាំ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឈ្មោះ «Rodong Sinmun» បានអះអាងថា ផ្ទុយទៅវិញ លោក គីម គ្រាន់តែបានផ្ញើរកម្រងផ្កា មកអបអរទិវាខាងលើប៉ុណ្ណោះ។

របាយការណ៍បានសរសេរថា លោក គីម បានបញ្ជាពីចំងាយ ឲ្យថ្នាក់ដឹកនាំកងទ័ព ត្រូវទៅសំដែងគារវកិច្ច នៅចំពោះរូបសំណាកនានា ដែលត្រូវបានសាងសង់ឡើង ដើម្បីឧទ្ទិសដល់លោក គីម អ៊ីល-ស៊ុង (Kim Il-sung) និងលោក គីម ជុង-អ៊ីល (Kim Jong-il) ដែលត្រូវជាជីតា និងឪពុករបស់លោក។

យ៉ាងណា ទីភ្នាក់ងារព័ត៌មាន «Yonhap» បានអះអាងថា ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ បានចាត់វិធានការគ្រប់លទ្ធភាព ដើម្បីរារាំងមេរោគ«កូរូណា»ថ្មី កុំឲ្យឆ្លងចូល មកក្នុងទឹកដីរបស់ខ្លួន។ វិធានការមួយ ពីក្នុងចំណោមនោះ គឺរបបក្រុងព្យុងយ៉ាង បានបញ្ជាឲ្យបិទគ្រប់ច្រកព្រំដែនទាំងអស់ ដែលប្រទេសកូរ៉េ មានជាមួយប្រទេសចិនកុម្មុយនីស្ដ៍ ក្នុងប្រវែងប្រមាណជា ១៤០០គីឡូម៉ែត្រ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។